បន្ទាប់ពីចំណាយពេលអស់យ៉ាងយូរនៅលើទឹកដីសហរដ្ឋអាមេរិក និង បន្ទាប់ពីបញ្ចប់ពិធីភ្ជាប់ពាក្យកូនដំបូងនៅក្នុងទឹកដីដ៏ស៊ីវិល័យ តារាអនឡាញ ដែលជាម្ចាស់ហាងមាសពេជ្រ និង ជាម្ចាស់គ្រឿងសម្អាងល្បីឈ្មោះមួយរូប គឺលោកជំទាវ មួយឡេង បានត្រលប់មកដល់ប្រទេសកំណើតវិញហើយ តាំងពីយប់ថ្ងៃទី17 តុលា ឆ្នាំ២០២១។ លោកជំទាវមិនត្រូវបានអនុញ្ញាតិសូម្បីតែជួបជុំដោយផ្ទាល់ជាមួយស្វាមី ដែលខំមកទទួល និងត្រូវបានបញ្ជូនអោយសមាជិកគ្រួសារនោះទេ។ លោកជំទាវ ត្រូវបានបញ្ជូនទៅពិនិត្យតាមដានសុខភាពទាំងយប់នៅទីតាំងធ្វើចត្តាឡីស័ក្តមួយកន្លែង ដែលរៀបចំដោយរដ្ឋាភិបាលនៅក្បែរអាងទឹកអូរឡាំពិក។ នៅក្នុងបន្ទប់តែ២នាក់កូនស្រី លោកជំទាវ មួយឡេង បានរៀបរាប់ថា សម្រាប់អ្នកដំណើរមកពីក្រៅប្រទេសទាំងអស់ គឺក្រសួងសុខាភិបាលតម្រូវអោយធ្វើចត្តាឡីស័ក្តទាំងអស់ ដោយពេលចុះពីលើយន្តហោះ គឺមិនតម្រូវអោយចេញច្រកមុខនោះទេ គឺអោយចេញច្រកខាងក្រោយ ដែលគ្មានសាច់ញាតិចូលបាន ហើយកំណត់អោយឡើងរថយន្តក្រុងរួមគ្នា ដើម្បីទៅកាន់ទីតាំងចត្តាឡីស័ក្កដែលបានរៀបចំ។ លោកជំទាវថា ទីតាំងសម្រាប់អ្នកទេសចរណ៍ខ្មែរ ត្រូវបានរៀបចំនៅក្នុងបន្ទប់សណ្ឋាគារទាំងអស់ ដោយអ្នកខ្លះបញ្ជូនទៅសណ្ឋាគារសាន់វេនៅវត្តភ្នំ តែចំពោះលោកជំទាវត្រូវបានបញ្ជូនអោយមកស្នាក់នៅនៅក្នុងសណ្ឋាគារមួយ ដែលស្ថិតនៅក្បែរអូឡាំពិក។ ក្នងការស្នាក់នៅតាមដាននេះ អ្នកទេសចរណ៍ទាំងអស់ត្រូវកំណត់អោយនៅមួយបន្ទប់២នាក់ ដោយអ្នកដែលគ្មានគ្នាគឺនឹងត្រូវស្នាក់នៅរួមគ្នាជាមួយអ្នកផ្សេង តែសម្រាប់លោកជំទាវ គឺមួយបន្ទប់២នាក់កូនស្រី។ ការស្នាក់នៅធ្វើចត្តាឡីស័កនេះ ពេទ្យជំនាញត្រូវធ្វើតេស្តកូវីតមុនចូលម្ដង ហើយ៧ថ្ងៃក្រោយត្រូវធ្វើម្ដងទៀត ហើយជារៀងរាល់ព្រឹក គឺត្រូវវាស់ក្ដៅ តាមដានសុខភាពជាប្រចាំ។ ជាមួយអាហារក្នុងមួយថ្ងៃ៣ពេល លោកជំទាវថាកន្លែងធ្វើចត្តាឡីស័ក គឺជាទីតាំងដែលល្អបំផុតសម្រាប់អ្នកត្រូវការថែទាំសុខភាព ខណៈដែលបន្ទប់នីមួយៗ ត្រូវបានគេបាញ់ថ្នាំសម្លាប់មេរោគជាប្រចាំ គឺមិនដូចការលើកឡើងខ្លះដែលថា កន្លែងធ្វើចត្តាឡីស័ក គឺជាទីតាំងចម្លងរោគ ដែលងាយនឹងឆ្លងកូវីត១៩នោះ។ លោកជំទាវថា អ្នកគ្រាន់តែឮពីកន្លែងមួយនេះ គឺពិតជាមានអារម្មណ៍ភ័យៗ ស្របពលដែលនៅកន្លែងធ្វើចត្តាឡីស័ក្កក៏មានមនុស្សច្រើនជំពូកចេញចូល ដែលមិនដឹងថាអ្នកណាកើតអ្នកណាមិនកើត។ លោកជំទាវទទួលស្គាល់ថា រាល់ពេលទៅកាន់ទីនោះ ក៏មានអារម្មណ៍មិនកក់ក្ដៅដូចគ្នានោះដែរ ជាពិសេសគឺអារម្មណ៍ខ្លាចឆ្លងជម្ងឺកូវីត១៩ ពីកន្លែងត្រូវស្នាក់ ឬ ខ្លាចឆ្លងពីគេ ដោយសារតែជៀសពីការជួបមនុស្សជាដើម។ ប៉ុន្តែនៅពេលទទួលបទពិសោធន៍ច្រើនដង គឺមិនគួរអោយខ្លាចនោះទេ ដែលផ្ទុយទៅវិញ គឺមិនខុសពីគេងនៅក្នុងបន្ទប់សណ្ឋាគារដែលមានផាសុកភាព ហើយមានអនាម័យនោះឡើយ។ ក្នុងរយៈពេលធ្វើចត្តាឡីស័ក្តនេះ មិនមានការអនុញ្ញាតិអោយបុគ្គលណាម្នាក់ចេញពីបន្ទប់ដាច់ខាត ដោយមានតែអ្នកលើកអាហារយកមកអោយ និង ពេទ្យមកតាមដានសុខភាពមកពិនិត្យតែប៉ុណ្ណោះ ហើយសម្រាប់របស់របរយកចូលពីក្រៅក៏ពិបាកសុំយកចូលផងដែរ គឺលើកឡើងតែត្រូវបានពិនិត្យម៉ត់ចត់។ លោកជំទាវអ្នកបានចាក់វ៉ាក់សាំង៣ដងដូចលោកជំទាវ ត្រូវបានកំណត់អោយធ្វើចត្តាឡីស័កតែ៧ថ្ងៃប៉ុណ្ណោះ តែបើអ្នកចាក់មិនគ្រប់ដូស ឬ មិនទាន់ចាក់ គឺកំណត់១៤ថ្ងៃ។ លោកជំទាវបន្តថា អ្នកស្ថិតក្នុងតំបន់នេះ ទោះជាមានសុខភាពយ៉ាងណាក៏នៅតែរាងភ័យៗ ហើយអ្វីដែលជាបញ្ហាចោទបំផុត គឺអផ្សុកខ្លាំង។ យ៉ាងណាមិញ លោកជំទាវអាចកែបញ្ហានេះបាន ដោយសារលោកជំទាវ Live លក់ផលិតផលមិនថានៅកន្លែងណា ដែលធ្វើអោយលោកជំទាវភ្លេចអផ្សុក។ លោកជំទាវថាខ្លួនមិនចង់រស់នៅកន្លែងធ្វើចត្តាឡីស័កទេ តែគឺអាចជៀសមិនផុត ដោយសារតែលោកជំទាវត្រូវការឡើងចុះ ទៅកាន់សហរដ្ឋអាមេរិក យ៉ាងហោច១ឆ្នាំ២លើក ដើម្បីទៅមើលកូនចៅដែលកំពុងរៀននៅទីនោះផង និងដើម្បីទៅកើបលុយពីការលក់ដូរផលិតផលអនឡាញផង។

LEAVE A REPLY

Please enter your comment!
Please enter your name here