ក្នុងពិធីចែកអំណោយទ្រង់ទ្រាយធំដែលរៀបចំដោយ លោកស្រី ថេ ដាឡែន អគ្គនាយិកាភោជនីយដ្ឋានបាយ័ន និង រមណីយដ្ឋានម៉ូលីរីស៊ត កាលពីថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០២១ នៅសាលាដូងលើភ្នំគីរីរម្យ លោកស្រី ស្រ៊ុន សុភ័ត្រា អគ្គនាយិកហាង ចូលម្លប់ ស្ប៉ា និង សាឡន ដែលជាអាជីវកម្មល្បីឈ្មោះក៏មានវត្តមានផងដែរ ដោយលោកស្រី និង ក្រុមការងារក៏បានបរិច្ចាគមួយចំណែកនៅក្នុងជំនួយដ៏ច្រើននោះ។ លោកស្រីថា រំភើបចិត្តពេលបានធ្វើទានដោយផ្ទាល់ជាមួយក្មេងៗ និង ពលរដ្ឋជាច្រើនគ្រួសារនៅទីនោះ ដោយលោកស្រីប្រកាសថា នេះគឺជាការលះបង់ត្រូវចំគោលដៅនៅពេលឃើញស្នាមញញឹមលាយឡំដោយទឹកភ្នែករំភើប ពេលទទួលបានអំណោយរបស់ពួកគេផង។

លោកស្រី ស្រ៊ុន សុភ័ត្រា ដែលត្រូវគេដឹងថា គឺជាម្ចាស់ជំនួញស្ប៉ា និង សាឡន រហូតដល់6សាខាធំៗ ដោយមិនទាន់រាប់បញ្ចូលសាខាទិញសិទ្ធិ បានលើកឡើងថា ក្នុងពេលកន្លងមកលោកស្រីច្រើនតែចូលរួមបរិច្ចាគធនធានជាថវិកាដោយមិនទៅដោយផ្ទាល់ ដោយសារតែបញ្ហាកូវីត និង ការមមាញឹកនឹងមុខជំនួញ តែនៅពេលបានទៅដោយផ្ទាល់គឺធ្វើអោយលោកស្រីរំភើបផង ក្ដុកក្ដួលផង នៅពេលឃើញពលរដ្ឋត្រេកអរ ហើយផ្ដល់ស្នាមញញឹម អោយតម្លៃទៅលើជំនួយរបស់លោកស្រី និង ក្រុមការងារទាំងអស់។ លោកស្រីថា ជំនួយសម្រាប់មួយគ្រួសារៗដ្បិតថាមិនច្រើនសម្រាប់អ្នកមាន តែគឺមានតម្លៃសម្រាប់អ្នកខ្សត់ទើបធ្វើអោយលោកស្រីកាន់តែយល់ពីសភាពអ្នកលំបាក។ លោកស្រីថា សប្បាយចិត្តដែលបានចែកទានដោយផ្ទាល់ជាមួយលោកស្រី ថេ ដាឡែន និង ក្រុមការងារ ហើយលោកស្រីក៏នឹងបន្តចូលរួមបែបនេះ អោយកាន់តែច្រើន ដើម្បីរួមគ្នាចែករំលែកក្ដីស្រលាញ់នោះផង។

គួរបញ្ជាក់ផងដែរថា ជំនួយជាច្រើនដែលលោកស្រី ថេ ដាឡែន និង លោកស្រី ស្រ៊ុន សុភ័ត្រា ព្រមទាំងដៃគូអាជីវកម្ម បានដឹកនាំទៅនាពេលនោះ រួមមានអង្ករ និង គ្រឿងឧបភោជបរិភោគ គិតជាថវិការហូតដល់ជាង៧ពាន់ដុល្លារ ដោយបានយកទៅប្រគល់ជូន ដល់សាលាដូងនៅគីរីរម្យ ហើយអោយសាលាគៀងគរពលរដ្ឋប្រចាំសហគម រហូតដល់២៥០គ្រួសារអោយមកទទួល។ ក្នុងមួយគ្រួសារទទួលបានអង្ករមួយមួយបេ មីមួយកេស ត្រីខមួយយួរ ទឹកត្រី ទឹកស៊ីអ៊ីវ និងសម្ភារៈបន្ថែមមួយកញ្ចប់ អមដោយថវិកា។

លោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូងគីរីរម្យ បានបង្ហាញនូវអារម្មណ៍រំភើប និង សប្បាយរីករាយយ៉ាងខ្លាំង ចំពោះក្រុមសប្បុរសធម៌របស់លោកស្រី ថេ ដាឡែន និង អគ្គនាយិកាហាង ចូលម្លប់ ស្ប៉ា និង សាឡន ព្រមទាំងដៃគូសហការ ដែលបាននាំយកអំណោយជាស្បៀងទ្រង់ទ្រាយធំមកជួយក្មេងៗ និង ពលរដ្ឋនៅក្នុងសហគម។ នេះជាលើកទី៤ហើយ ដែលសាលារបស់លោកទទួលបានជំនួយ ដើម្បីចែកជូនដល់ប្រជាសហគមតាំងពីផ្ទុះកូវីត តែលោកយល់ថា ការទទួលបានជំនួយដ៏ធំពីក្រុមភោជនីយដ្ឋានបាយ័ន និង ហាងចូលម្លប់ មួយនេះ គឺជាជំនួយដែលសំខាន់ជាងពេលកន្លងមក ព្រោះចំពេលពេលពលរដ្ឋនៅក្នុងសហគមកំពុងខ្វះស្បៀង ក្រោយពេលបើកប្រទេសហើយនៅមិនទាន់មានចំណូលព្រោះនៅគីរីរម្យមិនសូវមានអ្នកទេសចរណ៍ច្រើននៅឡើយ ដែលធ្វើអោយការលក់ដូរនានានៅស្ងាត់។

LEAVE A REPLY

Please enter your comment!
Please enter your name here