មានការសរសើរមិនតិចទេ ចំពោះអណិកជនខ្មែរ គឺលោកស្រី ស៊ីន ដារីន រស់នៅប្រទេសអូទ្រីស ដែលបានលះបង់ធនធានផ្ទាល់ខ្លួន តាមរយៈការផ្ដល់ជំនួយជាច្រើនជូនដល់កុមារកំព្រាស្នាមញញឹមនៃក្ដីសង្ឃឹមកុមារកម្ពុជា ដែលត្រូវបានគេស្គាល់ថា គឺជាទីតាំងចិញ្ចឹមក្មេងកំព្រាជាច្រើននាក់ជាយូរមកហើយ។ អ្នកស្រី ស៊ីន ដារីន ត្រូវបានគេស្គាល់ថា គឺជាអណិកជនខ្មែររស់នៅក្រៅប្រទេសដែលតែងតែយកចិត្តទុកដាក់ក្នុងការបរិច្ចាគធនធានផ្ទាល់ខ្លួនជួយដល់ទុរគតជននានានៅកម្ពុជា។ កន្លងមកលោកស្រីបានផ្ញើជាថវិកាជួយដល់អ្នកខ្សត់ខ្សោយជាច្រើន ដោយមានអ្នកតំណាងនៅកម្ពុជា ជាអ្នកនាំយកជំនួយទាំងនោះយកទៅប្រគល់ជូន។ ក្នុងអំឡុងពេលមានការបិទខ្ទប់ដោយជម្ងឺកូវីត១៩ នាពេលកន្លងមក ក៏លោកស្រីបានផ្ដល់ជំនួយអស់ជាច្រើនផងដែរ ដើម្បីសម្រួលការលំបាករបស់ពលរដ្ឋ ដែលលោកស្រីយល់ថា មិនអាចមិនអើនឹងការលំបាករបស់អ្នកខ្វះខាត នៅក្នុងប្រទេសកំណើតបាន។ លោកស្រីត្រូវបានគេដឹងថារមែងតាមដានការបង្ហោះនានាពីហ្វេសប៊ុកនៅកម្ពុជា ដោយលោកស្រីបានដឹងពីការលំបាករបស់មណ្ឌលស្នាមញញឹមនៃក្ដីសង្ឃឹមរបស់កុមារកម្ពុជា តាមរយៈផ្ទះតារា ហើយបានបរិច្ចាគជួយដល់មណ្ឌលមួយនេះ ក្រោយពី Admin ផ្ទះតារា បានរៀបរាប់បន្ថែមពីកង្វះខាតរបស់ក្មេងៗទាំងនេះ។

លោកស្រី ស៊ីន ដារីន បញ្ជាក់ថា បន្ទាប់ពីទស្សនាវីដេអូផ្ទះតារា នាពេលកន្លងមក លោកស្រីក៏បានសុំការសហការពីជំនួយការនៅកម្ពុជា ដើម្បីអោយទិញជាស្បៀង ជាម្ហូបក្រៀម និង ជារបស់ប្រើប្រាស់ជាច្រើន ដើម្បីយកទៅប្រគល់ជូន។ លោកស្រីថា ជំនួយដែលបានប្រគល់ជូននេះ ក៏មានការជួយមួយផ្នែកពីមិត្តភ័ក្ត្រនៅជប៉ុនផងដែរ ខណៈដែលលោកស្រីកាន់តែសប្បាយចិត្តទ្វេរដង នៅពេលបានទស្សនាវីដេអូ និង រូបថត ដែលក្រុមការងារនៅកម្ពុជា និង ផ្ទះតារា បានដឹកនាំជំនួយរបស់លោកស្រី និង យកទៅប្រគល់ជូនដោយផ្ទាល់។ ជំនួយដែលលោកស្រីបរិច្ចាគជួយដល់មណ្ឌលស្នាមញញឹមនេះ គឺសរុបជាទឹកប្រាក់គឺ៧០០ដុល្លារ ក្នុងនោះ៣០ដុល្លារ គឺជាការចូលរួមចំណែករបស់មិត្តភ័ក្ត្រលោកស្រីនៅជប៉ុន។ ថវិការទាំងនេះ ត្រូវបានជំនួយការលោកស្រីនៅកម្ពុជាទិញជាស្បៀង និង ផលិតផលប្រើប្រាស់ផ្សេងៗដូចជា សាច់ក្រកចំនួន១០គីឡូ ត្រីងៀតចំនួន២០គីឡូ ថ្នាំដុសធ្មេញដបធំ ៧០ប្រអប់ ច្រាស់ដុសធ្មេញ ៧០ដើម សំឡីអានាម័យ៨២ដុំ សាប៊ូកក់សក់ដបធំ៧០ដប ឈុតក្នុងក្មេងស្រីសរុបចំនួន១២០។ លោកស្រី មួង សុធីតា ដែលជាអ្នកតំណាងលោកស្រី ស៊ីន ដារីន ក៏បានគៀរគរជំនួយពីសប្បុរសជនផ្សេងៗ ហើយទិញជាទឹកដោះគោ សំលៀកបំពាក់ និង នំមួយចំនួន យកទៅប្រគល់ជូនផងដែរ។ ជំនួយទាំងនេះ ត្រូវបានយកទៅប្រគល់ជូនកាលពីថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០២១ នៅទីតាំងមណ្ឌល ដែលស្ថិតនៅស្រុកកណ្ដាលស្ទឹង។
អ្នកស្រី ស្រី គង្គ ប្រធានសមាគមស្នាមញញឹម នៃក្ដីសង្ឃឹម កុមារកម្ពុជា នៅតែបង្ហាញការអរគុណចំពោះលោកស្រី ស៊ីន ដារីន រស់នៅប្រទេសអូទ្រីស ដែលមានទឹកចិត្ត ខណៈដែលក្មេងៗនៅក្នុងមណ្ឌលរបស់អ្នកស្រីក៏ខ្វះស្បៀង សម្ភារៈចាំបាច់ខាងលើ។ អ្នកស្រីក៏ថ្លែងអំណរគុណចំពោះអ្នកស្រី មួង សុធីតា តំណាងរបស់លោកស្រី ស៊ីន ដារីន ដែលបានចំណាយពេលវេលា និង បានពាំនាំនូវជំនួយផ្សេងទៀត យកមកប្រគល់ជូនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here