កាលពីថ្ងៃទី២៦ វិច្ឆិកា ឆ្នាំ២០២១ លោក K01 បានចុះកិច្ចកុងត្រាយ៉ាងធំដុំ ជាមួយអគ្គនាយកក្រុមហ៊ុន SMH Land ដើម្បីលក់គម្រោងដីឡូតិ៍ចំនួន៨ហិកតាររបស់ក្រុមហ៊ុន នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ នៅក្នុងគម្រោងនោះ លោកទទួលសិទ្ធិលក់ផ្ដាច់រយៈពេល១ឆ្នាំ ជាថ្នូរនឹងតម្លៃខ្លួន ២០ម៉ឺនដុល្លារ។ នៅក្នុងថ្ងៃចុះហត្ថលេខាដែលមានការចូលរួមពីមេធាវីទាំងសងខាងនោះ លោក K01 បានទទួលកក់មុនចំនួន១០ម៉ឺនដល្លារ និង រថយន្ត Starex មួយគ្រឿងតម្លៃជាង៣ម៉ឺនដុល្លារ ដោយពាក់កណ្ដាលទៀត នឹងប្រគល់អោយពេលលក់គម្រោងអស់។ យ៉ាងណាមិញ បើលក់មិនគ្រប់គោលដៅ គឺតម្រូវអោយលោកប្រគល់លុយ និង រថយន្តទាំងអស់ជូនក្រុមហ៊ុនវិញ។

លោក K01 បានថ្លែងបញ្ជាក់ថា គម្រោងដីឡូតិ៍នេះ មិនជាន់គ្នាគម្រោងផ្សេងៗ ដែលលោកកាន់លក់អោយនោះទេ ដោយសារស្ថិតក្នុងទីតាំងផ្សេងគ្នា។ លោកថាការកាន់គម្រោងនេះ នឹងក្លាយជាជម្រើសទៅវិញទេ សម្រាប់អតិថិជន ដោយអ្នកណាចង់បានដីក្នុងតំបន់ណាក៏មានជម្រើសជូនពួកគាត់។ លោកថាគម្រោងនេះ ក្រោយកិច្ចកុងត្រានឹងបើកដំណើរការក្នុងពេលឆាប់ៗ ដោយក្នុងទីតាំងទាំងមូល ក្រៅពីមានដីឡូតិ៍ ក៏មានលក់បុរីផងដែរ។ លោករំពឹងថា ខ្លួននឹងនៅតែសម្រេចគោលដៅ បើទោះជាលោកទទួលសិទ្ធិលក់ផ្ដាច់រហូតដល់៣គម្រោងក្នុងពេលតែមួយក្ដី។

លោក សៀក ម៉េងហាក់ អគ្គនាយកក្រុមហ៊ុន SMH Land បានថ្លែងបញ្ជាក់ថា ដីគម្រោងទាំងអស់មានជាង៤០ហិកតារ តែលោក និង ភរិយា បញ្ចេញអោយលោក K01 លក់តែ៨ហិកតារសិនប៉ុណ្ណោះ។ គម្រោងនេះ មានចម្ងាយត្រឹមតែជាង៣០គីឡូពីវត្តភ្នំប៉ុណ្ណោះ ដោយនៅតំបន់នោះ ក៏ជាទីប្រជុំជនរស់នៅ ជាបណ្ដុំរោងចក្រ និង មានសភាពអ៊ូអរស្រាប់។ លោកថាជំហានដំបូង លោកផ្ដល់អោយលោក K01 ចំនួន១០ម៉ឺនដុល្លារ និង រថយន្តសម្រាប់ដឹកភ្ញៀវមួយគ្រឿង តែបើលោកធ្វើខុសកុងត្រា កុំថាឡើង១០ម៉ឺនដុល្លារទៀតត្រូវបានប្រគល់ជូន គឺសូម្បីតែប្រាក់ និង រថយន្ត ដែលបានប្រគល់ជូន ក៏ដកយកមកវិញដែរ។ យ៉ាងណាមិញ លោករំពឹងថា លោក K01 នឹងលក់គម្រោងរបស់ខ្លួន អស់មុនកំណត់នោះផង ដោយសម្អាងថាលោកមានជំនាញលក់ ហើយទីតាំងគម្រោងនោះក៏ល្អ៕

LEAVE A REPLY

Please enter your comment!
Please enter your name here