កាលពីថ្ងៃទី២៥ មិថុនា ឆ្នាំ២០២២ មុននេះ ហាង ប៊ីយូធីស្ទរ បានធ្វើពិធីផ្ដល់សញ្ញាប័ត្រ បញ្ចប់វគ្គសិក្សាយ៉ាងអធឹកអធម។ នេះជាការផ្ដល់ជូនដល់កូនសិស្ស ជាលើកទី៧ ដោយមានអ្នកទទួលរហូតដល់ជាង១៥០នាក់ ក្រោមវត្តមាន លោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី។

លោក ងួន ស៉ាំង អគ្គនាយកក្រុមហ៊ុន ប៊ីយូធីស្ទរ បានបង្ហាញពីការរីកចំរើនរបស់អាជីវកម្ម គួរអោយកត់សម្គាល់ ដោយលោកបង្ហាញថា ការបណ្ដុះបណ្ដាលលើជំនាញសាឡនរបស់ខ្លួននេះ បានរួមចំណែកជួយដល់អ្នកអត់ការងារធ្វើ និង អ្នករៀនសូត្របានតិចរាប់មិនអស់ អោយក្លាយជាអ្នកមានជំនាញ និង ជីវភាពល្អប្រសើរ។ ក្នុងនោះក្រុមហ៊ុនក៏ផ្ដល់ការងារ និង ប្រាក់ចំណូលអោយ ដល់សិស្សរាប់មិនអស់ផងដែរ តាមរយៈការពង្រីកសាខាថ្មីៗ ក្រៅពីវគ្គបណ្ដុះបណ្ដាល។ លោក និង ក្រុមការងារ ក៏នឹងបង្កើនការបើកវគ្គបណ្ដុះបណ្ដាល ដើម្បីចែករំលែកជំនាញសាឡន អោយដល់អ្នកចង់សិក្សាជាបន្តបន្ទាប់ផងដែរ។

លោកជំទាវ ញ៉ែម មរកត ដែលបានចូលរួមជាគណអធិបតី បានថ្លែងការកោតសរសើរយ៉ាងខ្លាំង ចំពោះ លោក ងួន ស៉ាំង និង ក្រុមការងារ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការបណ្ដុះបណ្ដាលលើជំនាញសាឡន ជូនដល់ស្រ្តីខ្មែរ និង បុគ្គលជាភេទទី៣ កាន់តែច្រើន ដែលនេះគឺជាកសាងធនធាន និង ចូលរួមអភិវឌ្ឍន៍សមត្ថភាពរបស់ពលរដ្ឋដ៏មានប្រសិទ្ធិភាព ដើម្បីកាត់បន្ថយចំណាកស្រុក និង ភាពក្រីក្រ។ លោកជំទាវថា ជំនាញសាឡន គឺជាជំនាញដែលមានទីផ្សារខ្លាំង ដល់អ្នកសិក្សា ហើយលោកជំទាវក៏ទទូចផងដែរ អោយមានការស្វែងរកជំនាញនេះ ទុកជាមធ្យោបាយក្នុងការកសាងជីវភាពអោយបានកាន់តែស្អាត ដោយសារតែបរិយាកាសនាពេលបច្ចុប្បន្ន គឺអ្នកណាក៏ចង់ស្អាត អ្នកណាក៏បើកហាងសាឡន ព្រោះចំណេញច្រើន តែចំណាយដើមទុនមិនច្រើន ដូចអាជីវកម្មផ្សេងទៀត។ លោកជំទាវ ក៏អំពាវនាវ កុំអោយមានការរើសអើងចំពោះភេទទី៣ ឬ ក្រុមមនុស្សស្រលាញ់ភេទដូចគ្នាផងដែរ ដោយលោកជំទាវ ក្រុមមនុស្សជំពូកនេះ គឺមានកាន់តែច្រើន ដែលមានសមត្ថភាពខ្ពស់ ក្នុងការជួយអភិវឌ្ឍន៍សង្គម ជាបុគ្គលដែលជោគជ័យ ដែលគួរតែត្រូវបានលើកទឹកចិត្ត និង ផ្ដល់តម្លៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here