កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ តារាសម្ដែង អ្នកនាង ឈឹម អារីយ៉ា និង ក្រុមគ្រួសារ បានធ្វើបុណ្យគម្រប់មួយឆ្នាំ ជូនដល់ស្វាមី ដែលជាមន្ត្រីផ្កាយ២ និង ម្ដាយក្មេកយ៉ាងសង្វេគ ខណៈដែលពិធីបុណ្យនេះ ក៏ថ្ងៃរំលឹកនូវការបាត់បង់ដ៏ឈឺចាប់របស់អ្នកនាង កាលពី១ឆ្នាំមុន។ អ្នកនាង ឈឹម អារីយ៉ា ថ្វីត្បិតតែមើលទៅរឹងមាំ តែអ្នកនាងបង្ហូរទឹកភ្នែក និង បង្ហាញនូវក្ដីអាលោះអាល័យយ៉ាងខ្លាំង ដោយសារតែជម្ងឺកូវីត១៩ ផ្ដាច់សង្ខាមនុស្សសំខាន់របស់អ្នកនាង ដល់ទៅ២នាក់ អោយលាចាកលោក។ អ្នកនាងបានធ្វើពិធីខួបឆ្នាំនៃការបាត់បង់ស្វាមី និង ម្ដាយក្មេក យ៉ាងធំដុំ នៅបុរីប៉េងហួតបឹងស្នោរ។ អ្នកនាង បាននិមន្តព្រះសង្ឃរហូតដល់៣៩អង្គរាប់បាត្រ តំណាងអោយអាយុរបស់ស្វាមី និង បានរៀបចំចែកទានមួយចំនួន ក្នុងថ្ងៃពិធី ដើម្បីឧទ្ទិសកុសលជូនដល់ស្វាមី និង ម្ដាយក្មេក ដែលចែកឋានទៅ។ អ្វីដែលមហាជនសង្វេគចិត្តអាណិតអ្នកនាង គឺនៅពេលឃើញរូបភាពមួយសន្លឹក ដែលអ្នកនាង នាំកូនប្រុសអុជធូបជូនស្វាមី និង ម្ដាយក្មេក ដែលធ្វើអោយអ្នកខ្លះសឹងតែទប់ទឹកភ្នែកមិនជាប់ ដោយសារតែនឹកអាណិតកូនប្រុសរបស់អ្នកនាង ដែលមិនគួរក្លាយជាក្មេងកំព្រាឳពុកតែមួយពព្រិចភ្នែក ដោយសារតែកូវីត១៩ ដ៏កាចសាហាវ។ យ៉ាងណាក៏ដោយគេក៏កត់សម្គាល់ឃើញថា អ្នកនាងបានដើរតួជាម្ដាយផង ឳពុកផងដ៏ល្អសម្រាប់កូនប្រុស បើទោះជាក្លាយជាស្ត្រីម៉េម៉ាយក្ដី។


LEAVE A REPLY

Please enter your comment!
Please enter your name here