ក្រុមហ៊ុនសម្រស់ធម្មជាតិ ចេញមុខបំភ្លឺ

0

បំភ្លឺជូនសាធារណជន និងបណ្តាសារព័ត៌មាន អំពីព័ត៌មានមិនពិតរបស់សារព័ត៌មានមួយចំនួន ពាក់ព័ន្ធនឹងផលិតផលបំប៉នសុខភាព COOSEA Premium Spirulina។
យោង៖ -លិខិតប្រគល់សិទ្ធិជូនមេធាវីតំណាងដោយអាណត្តិរបស់ ក្រុមហ៊ុន សម្រស់ធម្មជាតិ ឯ.ក ។
-វិញ្ញាបនបត្របញ្ចិកាឱសថបំប៉នសុខភាព ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ ចេញដោយ ក្រសួងសុខាភិបាល។
តាមកម្មវត្ថុ និងយោងខាងលើ យើងខ្ញុំសូមជម្រាបជូនដំណឹងដល់សាធារណជន និងបណ្តាសារព័ត៌មានមេត្តាជ្រាបថា៖ កន្លងមក មានសារព័ត៌មានមួយចំនួនបានឆ្លៀតឱកាសផ្សព្វផ្សាយព័ត៌មានបំផ្លើសក្នុងគោលបំណងកេងយកផលប្រយោជន៍ថា ផលិតផលបំប៉នសុខភាព COOSEA Premium Spirulina របស់ ក្រុមហ៊ុន សម្រស់ធម្មជាតិ ឯ.ក បានប្រើប្រាស់ពាក្យភូតកុហក បំភាន់ បោកបញ្ឆោតដល់សាធារណជនអំពីគុណភាពផលិតផលហើយត្រូវក្រសួងពាណិជ្ជកម្មប្តឹង ដោយសម្អាងលើលិខិតលេខ ០០៧២ ព.ណ អ.កបប ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ របស់ក្រសួងពាណិជ្ជកម្ម។
ក្រុមហ៊ុន សម្រស់ធម្មជាតិ ឯ.ក សូមជម្រាបជូនសាធារណជន និងបណ្តាសារព័ត៌មានទាំងអស់មេត្តាជ្រាបថា លិខិតដែលចេញដោយក្រសួងពាណិជ្ជកម្មនេះ ជាលិខិតដែលមានក្របខណ្ឌគតិយុត្តិជាលិខិតរដ្ឋបាលសម្រាប់ស្នើសុំសហការចំពោះការត្រួតពិនិត្យគុណភាព និងឯកសារផលិតផលរវាងក្រសួងសុខាភិបាល និងក្រសួងពាណិជ្ជកម្មតែប៉ុណ្ណោះ។ ក្រុមហ៊ុន សម្រស់ធម្មជាតិ ឯ.ក ក៏បានទៅបំភ្លឺ និងសហការផ្តល់ព័ត៌មាន ក៏ដូចជាផ្តល់ឯកសារពាក់ព័ន្ធនានាជូនក្រសួងពាណិជ្ជកម្ម និងក្រសួងសុខាភិបាលតាំងពីខែមករា ឆ្នាំ២០២១ រួចរាល់ហើយ។
សូមបញ្ជាក់ថា ផលិតផលបំប៉នសុខភាព COOSEA Premium Spirulina របស់ក្រុមហ៊ុន សម្រស់ធម្មជាតិ ឯ.ក ទទួលបានវិញ្ញាបនបត្របញ្ជិកាឱសថបំប៉នសុខភាព ដែលចេញដោយក្រសួងសុខាភិបាលដែលមានបញ្ជិកាលេខ CAM N0253lH–18 ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងបណ្ដាសារព័ត៌មានទាំងអស់ជ្រាប កុំមានការភាន់ច្រឡំតាមការផ្សព្វផ្សាយមិនពិតដែលមានចេតនាបង្កាច់បង្ខូច ឬក៏ភាន់ច្រលំ មកលើក្រុមហ៊ុន សម្រស់ធម្មជាតិ ឯ.ក បន្តទៅទៀត។
ក្រុមហ៊ុនសម្រស់ធម្មជាតិ ឯ.ក សូមគោរពជូនអតិថិជនមេត្តាជ្រាបថា ពេលទិញផលិតផល សូមកុំភ្លេចរកមើលលេខបញ្ចិកាដែលមាននៅលើសំបកកំប៉ុងផលិតផលស្រាប់ បើមិនឃើញមានលេខបញ្ចិកាទេ សូមអតិថិជនកុំទិញឱ្យសោះ។


LEAVE A REPLY

Please enter your comment!
Please enter your name here