អតីតតារាសម្ដែងជើងចាស់លោក ច័ន្ទ រិទ្ធិមេធានី សំពះសុំការសង្គ្រោះតាមរយៈផ្ទះតារា

0

លោក ច័ន្ទ រិទ្ធិមេធានី ដែលត្រូវបានគេស្គាល់ថា គឺជាតារាល្បីល្បាញ តាំងពីជំនាន់អ្នកនាង អម្ពរ ទេវី. លោក ទេព រិន្ទដារ៉ូ. លោក ខៃ ប្រសិទ្ធិ និង អ្នកនាង នារី រតន៍គន្ធា ជាដើមនោះ បានទាក់ទងមកកាន់ភ្នាក់ងារផ្ទះតារាធីវី ដោយបង្ហាញពីការត្អូញត្អែរក្នុងជីវិត ខណៈពេលដែលកូវីត១៩ ក៏បង្កផលប៉ះពាល់។ ការលាតត្រដាងរបស់លោក មិនមែនជាលើកដំបូងនោះទេ តែគឺជាការដាច់ចិត្តបង្ហាញជាថ្មី ដោយលោកបញ្ជាក់ថាជីវិតកំពុងតែដុនដាបខ្លាំង ហើយក៏មិនដឹងថាត្រូវដើរផ្លូវណា ទើបមានទីពឹងបន្ត។

លោក ច័ន្ទ រិទ្ធិមេធានី បានរៀបរាប់អមដោយសំលេងក្ដុកក្ដួលថា ក្នុងរយៈពេលនេះ ជីវិតរបស់លោកជួបប្រទះនូវការលំបាកកាន់តែខ្លាំង ព្រោះតែមុខរបររត់ម៉ូតូឥណ្ឌា ឬ ម៉ូតូកង់៣ រកចំណូលមិនសូវបាន ស្របពេលបញ្ហាសុខភាពក៏លែងអំណោយផល។ លោកថាតាំងពីកូវីត១៩ផ្ទុះខ្លាំង មានពេលតិចណាស់ដែលលោកមានលុយបង់ឈ្នួលថ្លៃផ្ទះទាន់ខែ និង មានលទ្ធភាពហូបចុកគ្រប់គ្រាន់។ មួយថ្ងៃៗ លោកហូបអោយតែបានចំអែតក្រពះប៉ុណ្ណោះ ដោយមិនស្គាល់ចំណីឆ្ងាញ់ ឬ បានស្គាល់ពេលដើរកម្សាន្ត ក្នុងវ័យនាពេលចាស់នេះឡើយ។ ថ្ងៃខ្លះលោកសំកុកជាមួយនឹងម៉ូតូឥណ្ឌា ហើយរកមិនបានថ្លៃអាហារ ដើម្បីបន្តកម្លាំងនោះផង។ ជាក់ស្ដែងដោយសារតែសុខភាពរបស់លោកក៏មិនសូវអំណោយផង ទើបពេលខ្លះបានត្រឹមតែចតម៉ូតូកង់៣ចោលរត់មិនកើត ហើយរកតែលុយទិញបាយសម្រាប់មួយពេលមិនបាន។ លោកបានស្នើអោយផ្ទះតារា ជួយប្រកូកប្រកាសជួយដល់លោក ក្រែងមានសប្បុរសជនចិត្តធម៌សណ្ដោសប្រណី ហើយផ្ដល់ជាថវិកាជួយដល់លោកអោយបានរស់ដោយក្ដីសង្ឃឹមជាថ្មី។

លោក ច័ន្ទ រិទ្ធិមេធានី បន្តថា លោក និង អតីតភរិយាមិនមានកូនចៅជាមួយគ្នាទេ ទើបក្រោយបែកបាក់ គឺលោកត្រូវរស់តែម្នាក់ ហើយជីវិតដែលគ្មានកូនៅមើលថែ គឺកាន់តែលំបាក ហើយធ្លាក់ដល់ចំណុចបាតតារាង។ សព្វថ្ងៃលោកកំពុងជួលផ្ទះគេស្នាក់នៅ នៅភូមិតាឡុង នៅម្ដុំចាក់អង្រែ ជាយរាជធានីភ្នំពេញ ដោយចំណូលពីរបររត់ម៉ូតូកង់បី ឬ ម៉ូតូឥណ្ឌា គឺរកមិនគ្រាន់នឹងឈ្នួលម៉ូតូកង់៣ឥណ្ឌា ដែលលោកជួលគេរត់ផង។ លោក ច័ន្ទ រិទ្ធមេធានី បញ្ជាក់ថា ខ្លួនទើបតែវ័យ៥៤ឆ្នាំទេ ប៉ុន្តែបញ្ហាលើសឈាម និង ទឹកនោមផ្អែម គឺធ្វើអោយលោកខ្សោយដូចមនុស្សជរា ស្របពេលដែលលោកក៏ពុំមានលទ្ធភាពទៅតាមដានសុខភាព ដើម្បីព្យាបាល។ លោកថា បើលោកមានលទ្ធភាព គឺលោកចង់បានម៉ូតូកង់បីផ្ទាល់ខ្លួនមួយ ដោយឈប់ជួលគេរត់ និង ចង់បានប្រាក់ទៅព្យាបាលសុខភាពកុំអោយធ្វើទុក្ខ ដើម្បីមានកម្លាំងរកលុយ។ តែបើដូចសព្វថ្ងៃ គឺរកបានតែលុយទិញថ្នាំប៉ុណ្ណោះ ដោយសារតែលុយក៏រកបានតិច ជម្ងឺធ្វើទុក្ខក៏ច្រើន ព្រោះតែឈឺច្រើនជាងជាដែលមិនដឹងសង្ឃឹមផ្លូវណា។

គួរបញ្ជាក់ផងដែរថា លោក ច័ន្ទ រិទ្ធិមេធានី គឺជាតារាល្បីឈ្មោះកាលពីអតីតកាលមួយរូប។ តារាក្នុងជំនាន់របស់លោក រួមមាន លោក ខៃ ប្រសិទ្ធិ អ្នកនាង អម្ពរ ទេវី លោក ទេព រិន្ទដារ៉ូ លោក យុត្ថារ៉ា ឆានី និង អ្នកនាង នារី រតន៍គន្ធា ជាដើម គឺសុទ្ធតែមានវាសនាល្អ ដោយខ្លះរស់នៅអាមេរិក ខ្លះនៅអូស្ត្រាលី ហើយអ្នកនៅស្រុកខ្មែរ ក៏មានទ្រព្យស្ដុកស្ដម្ភ លើកលែងតែលោកម្នាក់ដែលធ្លាក់ខ្លួនគួរអោយសង្វេគ ក្រោយបាត់មុខពីសិល្បៈ។ លោកបានធ្វើអោយមហាជនភ្ញាក់ផ្អើល ក្រោយពីគេប្រទះឃើញលោករត់ម៉ូតូកង់៣ឥណ្ឌា តែការបង្ហាញខ្លួនលើកនេះ គឺលោកដាច់ចិត្តសុំការសង្គោះ ដោយអះអាងថា លទ្ធភាពទៅលែងរួចហើយ។ ជាមួយគ្នានេះ ផ្ទះតារាក៏ស្វាគមន៍ចំពោះទឹកចិត្តឈឺឆ្អាលចំពោះអតីតតារាសម្ដែងរូបនេះ តាមរយៈផេកផ្លូវការផងដែរ៕
ទំនាក់ទំនង 070278585

LEAVE A REPLY

Please enter your comment!
Please enter your name here