កាលពីព្រឹកថ្ងៃទី២១ មករា ឆ្នាំ២០២១ មុននេះ ផលិតកម្ម Amnart Media ក្រោមការដឹកនាំរបស់លោក ឆាយ វណ្ណៈ និង លោកស្រី សារ៉ុម សុមនា បានធ្វើពិធីក្រុងពាលីថតរឿងថ្មីយ៉ាងអធឹកអធមនៅក្នុងក្រុមហ៊ុនរបស់ខ្លួន ដើម្បីថតរឿងដែលមានចំណងជើងថា “ថ្នល់កែងពិឃាត”។ នេះជាស្នាដៃភាពយន្តខ្នាតធំ ដែលផលិតកម្មមួយនេះប្រកាសឡើង ខណៈដែលក្នុងពិធីក្រុងពាលី ក៏មានតួសម្ដែងចូលរួមកុះករ។

លោក ឆាយ វណ្ណៈ អ្នកដឹកនាំផលិតបានថ្លែងបញ្ជាក់ថា នេះជាភាពយន្តខ្នាតធំ ដែលឆ្លុះបញ្ចាំងពីតថសង្គមពិតប្រាកដមួយ ដែលទាក់ទងនឹងអាជីពជាអ្នកកាសែត ដែលមានវិជ្ជាជីវៈ និង គ្មានវិជ្ជាជីវៈ តែបានប្រឌិតអោយមានសាច់រឿងពាក់ព័ន្ធនឹងខ្មោច ដើម្បីអោយមានភាពទាក់ទាញ។ ភាពយន្តនេះគម្រោងផលិតជាង១០ថ្ងៃនៅខេត្តកំពត ហើយក្នុងរយៈពេលចេញថតនេះ ក៏នឹងរៀបចំក្រុមការងារ និង ជំនួយការគ្រប់គ្រងតួ ដើម្បីមើលខុសត្រូវតួ ទាំងលើពេលវេលា និង របបអាហារផងដែរ ដើម្បីអោយតារាសម្ដែងទាំងអស់ប្រាកដថាមានសុខភាពល្អ និង គោរពការងារបានល្អ មិនធ្វើអោយរាំងស្ទះការងារថត។ ភាពយន្តនេះមានរយៈពេលជាងមួយម៉ោង ហើយក៏នឹងចំណាយទុនផលិតច្រើនម៉ឺនដុល្លារផងដែរ ដោយសារតែបច្ចេកទេស និង ឧបករណ៍ប្រើប្រាស់គឺសុទ្ធតែទំនើបៗ និង ស៊េរីចុងក្រោយ។ ក្នុងនោះសូម្បីតែតួសម្ដែង ក៏សុទ្ធតែបានឆ្លងកាត់ការធ្វើតេស្តជាច្រើនដំណាក់កាលផងដែរ ទម្រាំសម្រេចយកមកសម្ដែង។ លោករំពឹងថាភាពយន្តនេះនឹងទទួលបានការគាំទ្រខ្លាំង ហើយសម្អាងលើគុណភាពផលិត និង សាច់រឿង ដែលបង្កប់ដោយការអប់រំជាច្រើន គឺលោករំពឹងថា ពិតជាមិនធ្វើអោយអ្នកទស្សនាខកចិត្ត។ នៅក្នុងពិធីក្រុងពាលីនោះ លោកក៏បា រៀបចំពីធីសែនធំដុំ និង ថ្វាយភ្លេងខ្មែរ ស្របតាមក្បួនខ្នាតផងដែរ ដើម្បីអោយឱកាសចេញថតរឿងបើកឆាកឆ្នាំ២០២១របស់ខ្លួនទទួលជោគជ័យ។

លោកស្រី សារ៉ុម សុមនា ដែលជាអ្នកសម្របសម្រួលក្នុងការផលិតភាពយន្តនេះ បញ្ជាក់ថា រឿង ថ្នល់កែងពិឃាត គឺជារឿងនិពន្ធថ្មី ដែលស្ដែងពីគ្រោះថ្នាក់ចរាចរ តែនៅពីក្រោយគ្រោះថ្នាក់ដែលនាំអោយមានមនុស្សស្លាប់នោះ ក៏មានការប៉ងអាឃាត និង ទង្វើប៉ះពាល់ដល់វិញ្ញាណខ្មោចផងដែរ ទើបក្នុងផ្ទៃរឿងប្រែក្លាយជាឈុតឆាកភ័យរន្ធត់ ព្រោះតែខ្មោចតាមចងអាឃាត។ លោកស្រីថា មួយរឿងនេះគឺមានចំណុចពិសេសយ៉ាងខ្លាំង ហើយក្រោយពេលផលិតហើយ ទើបអាចបញ្ជាក់ថា ភាពយន្តនេះផ្សាយនៅតាមរោងកុន ឬ លើទូរទស្សន័ណាមួយ ឬលើផេក៕

LEAVE A REPLY

Please enter your comment!
Please enter your name here