ក្រោយពីមានការចុះផ្សាយពីប្រវត្តិរបស់តារាសម្ដែងល្បីឈ្មោះ លោក សាវិន ហ្វីលីព បានធ្វើអោយមានការចាប់អារម្មណ៍មិនតិចទេ ដោយសារតែលោកក៏មានអតីតកាលល្អប្រសើរ និង មានប្រវត្តិសិក្សាល្អ។ សូម្បីតែការងាររកចំណូលមុនក្លាយជាអ្នកសិល្បៈ ក៏ល្អផងដែរ ទើបបង្ហាញកាន់តែច្បាស់ លោកពិតជាបេះដូងសិល្បៈ ដែលអាចចូលមកប្រឡូកក្នុងនាមជាអ្នកសិល្បៈបានដលសព្វថ្ងៃ។

ខាងក្រោមនេះជាប្រវត្តិសិល្បៈត្រួសៗ ដែលបានដកស្រង់ ពីការចុះផ្សាយនាពេលថ្មី៖
ដោយសារតែការងារនៅក្នុងសណ្ឋាគារផ្កាយ៥ទើបលោកអាចប្រើភាសាអង់គ្លេសបានស្ទាត់ និងបានទាំងបង្រៀនកូនម្ចាស់ផលិតកម្មបន្ទាយស្រីភាពយន្ត គឺអ្នកស្រី នូ ណាកុល ក្រៅម៉ោងតាមផ្ទះ។ ពេលបង្រៀននោះលោកក៏បានជួប លោក ហង្ស ពិសិដ្ឋ ដែលជាដឹកនាំរឿង បានហៅលោកឲ្យថតសាកល្បងជាដំបូងក្នុងរឿង «ស្អប់ស្អប់» ជាតួមិត្តភក្តិរបស់តួឯកប្រុសដែលសម្ដែងដោយលោក ខៃ ប្រសិទ្ធ និងតួឯកស្រី អ៊ុ កណ្ណារី។
ចំណុចនេះហើយ ជាការឈានជើងចូលវិថីសិល្បៈដំបូង ដោយភាពចៃដន្យដែលកាលនោះលោក តូ យោធិន មានអាយុ ២៣ឆ្នាំ និងនៅឆ្នាំបន្ទាប់ៗមកទៀត លោកក៏បានថតរឿងផ្សេងទៀតជាមួយលោក ពេជ្រ ភិរុណ លោក ខៃ ប្រសិទ្ធ លោក ទេព រិនដារូ ។ល។ លោកបានថតរឿងភាគជាលើកដំបូងឲ្យលោក ហ្វៃ សំអាង គឺរឿងភាពដំបូងគឺរឿង «ភ្នំទាបជាងស្មៅ» បញ្ចាំងនៅទូ​រទស្សន៍រាជធានីភ្នំពេញ TV3 និង បន្ទាប់មកថតផលិតកម្មអង្គរវត្ត របស់អ្នកស្រី អ៊ីវ៉ែត សំ និងជាបន្តបន្ទាប់ បានថតការ៉ាអូខេឲ្យផលិតកម្ម នាគរាជ ឆ្លងដែន។ល។ ពេលនោះលោកក៏មិនទាន់ឈប់បំរើការងារនៅសណ្ឋាគារនៅឡើយទេ។ លោកបានឲ្យដឹងថា រឿង«ជាតិស្រ្តី» របស់លោក ហ្វៃ សំអាង ពេលនោះលោកទទួលថតតែថ្ងៃសៅរ៍ និងអាទិត្យប៉ុណ្ណោះ ដោយសារវាប៉ះពាល់ និងការងារសណ្ឋាគារ។ និងរឿងដុំចុងក្រោយមួយ ដែលលោកថតមុនចាកចេញទៅរៀននៅសិង្ហបុរី គឺរឿង «ចាំថ្ងៃវិលវិញ» របស់ផលិតករខ្មែរមកពីអាមេរិកម្នាក់។ រឿងនោះលោកសម្ដែងជាតួឯកប្រុស និងតួឯកស្រី ឈ្មោះ កែវ ធីតា។
នៅក្នុងឆ្នាំ ១៩៩៦ រហូតដល់ឆ្នាំ ២០១០ បានអវត្តមានរូបលោកលើវិស័យភាពយន្ត ដោយសារតែនៅឆ្នាំ១៩៩៦ លោកត្រូវបានក្រុមហ៊ុននៃសណ្ឋាគារ Raffles Hotel Le Royal ជ្រើសរើសរូបលោកឲ្យទៅរៀនបន្តនៅប្រទេសសិង្ហបុរី ផ្នែកគ្រប់គ្រងសណ្ឋាគារលំដាប់ផ្កាយ៥ រយៈពេលមួយឆ្នាំ។ ពេលនោះហើយ ដែលលោកបានប្រើឈ្មោះហៅក្រៅថា «Savin Phillip»។ ក្រោយពេលត្រឡប់ពីសិង្ហបុរីវិញ លោកត្រូវបានបន្តធ្វើការក្នុងវិស័យសណ្ឋាគារនេះជាច្រើនឆ្នាំ រហូតដល់ក្លាយជាតំណែង អ្នកចាត់ការទូទៅ( Hotel General Manager )ដល់ឆ្នាំ២០១០ ក្រោយពេលការងារចុងក្រោយរបស់លោក គឺធ្វើជា GM នៅសណ្ឋាគារឯករាជ្យ៧ជាន់ ក្នុងព្រះសីហនុចំនួន២ឆ្នាំ។
នៅឆ្នាំ២០១០ នៅពេលលោក តូ យោធិន ហៅ សាវិន ហ្វីលីប មានវ័យអាយុ៤០ឆ្នាំ លោកក៏បានសំរេចចិត្តត្រលប់ចូលសិល្បៈវិញដោយពេលនោះមានការជំទាស់យ៉ាងខ្លាំងពីភរិយាលោក ដោយសារគិតថា ការងារខាងក្រៅមានចំណូលខ្លាំងជាង។ ប៉ុន្តែក្រោយពេលសិល្បៈជោគជ័យ ទើបភរិយា មានការលើកទឹកចិត្ត។ លោក សាវិន ហ្វីលីព (Savin Phillip) ថតរឿងសារជាថ្មី បានជាច្រើនរឿងទាំង MV , Short Film , TVC និងរឿងភាគ ប៉ុន្តែប្រហែលមានតែភាគយន្តចំនួន៤រឿងប៉ុណ្ណោះដែលបានធ្វើអោយកេរ្តិឈ្មោះលោកល្បីខ្លាំងគឺរឿង «ហនុមាន» និងរឿង« JailBreak» ដែលជាតួអង្គការពារឧក្រិដ្ធជន របស់អ្នកដឹកនាំជនជាតិអ៊ីតាលី Jimmy Henderson និងរឿង«មុនដំបូងខ្មែរក្រហមសម្លាប់ឪពុកខ្ញុំ» របស់អ្នកស្រី Angelina Jolie។ រឿង «តម្លៃស្នេហ៍» របស់ផលិតកម្មខ្មែរមេគង្គ ដឹកនាំរឿងដោយផលិតករជនជាតិអង់គ្លេស ឈ្មោះ Matthew Robinson ។ រឿងទាំង៤ សុទ្ធតែជារឿងល្បីៗហើយទទួលពានរង្វាន់ជាច្រើននៅក្នុងមហោស្រពភាពយន្តអន្តរជាតិតំណាងអោយកម្ពុជា។ បទពិសោធន៍២៤ឆ្នាំ ក្នុងវិស័យសណ្ឋាគារ វាលើសពីគ្រប់គ្រាន់សំរាប់លោក ដោយសារលោកចំណាយពេលយ៉ាងតិច ១៦ម៉ោង ក្នុងមួយថ្ងៃក្នុងសណ្ឋាគារ និយាយជារួម
គឺគ្មានពេលវេលាសំរាប់ក្រុមគ្រួសារឡើយ។ នេះជាមូលហេតុដែលលោកសម្រេចចិត្ត វិលមកកាន់ឆាកសម្ដែងវិញ ហើយបន្តរកស៊ីការងារអចលនទ្រព្យបន្តិចបន្តួច តាំងពីពេលនោះមកដល់សព្វថ្ងៃនេះ។ បច្ចុប្បន្នលោកក៏ជាអ្នកនិពន្ធ និងបានបង្កើតស្នាដៃបទចម្រៀង និង រឿងខ្លីផ្ទាល់ខ្លួន ដែលកាន់តែមានការវិវត្តន៍ក្រោយពីក្លាយជាតារាចាស់វស្សាហ៍ នៅក្នុងសិល្បៈផងដែរ។
ក្រៅពីរកទទួលទាន លើវិស័យអចលនទ្រព្យ និងនិងសម្តែង លោកក៏ជាឯកអគ្គរាជទូតសុឆន្ទៈ ( Goodwill Ambassador) របស់អង្គការសប្បុរសធម៌មួយរបស់អាមេរិក ដែលផ្ដោតសំខាន់លើការអប់រំ និងផ្ដល់សម្ភារៈសិក្សា, កង់ ផងដែរ នាពេលបច្ចប្បន្ន។ល។ ដល់កុមារក្រីក្រតាមសហគមនានានៅកម្ពុជា។

LEAVE A REPLY

Please enter your comment!
Please enter your name here