មិនមែនដោយសាររាងចាលនោះទេ តែពិធីការិនីអ្នកនាង សុខ សោម៉ាវត្តី ហាក់បង្ហាញឱ្យឃើញកាន់តែច្បាស់ថាមង្គលការមិនឋិតនៅក្នុងផ្នត់គំនិតរបស់នាងដូចគ្រាមុននោះឡើយ ដោយនាងធ្លាប់ទាំងលើកឡើងថា នាងធ្លាប់រៀបការយ៉ាងកក្រើកអ្នកសិល្បៈរួចម្ដងហើយ ប៉ុន្តែចុងក្រោយមង្គលការដែលបានធ្វើឡើងយ៉ាងគគ្រឹកគគ្រេងនាគ្រានោះ នៅតែមិនអាចចងភ្ជាប់ចំណងស្នេហ៍របស់នាងនិងស្វាមីបាន ដែលធ្វើអោយនាងយល់ថា មង្គលការនឹងមិនអាចដាក់សម្ពាធចំពោះ នាង និង គូស្នេហ៍ទី២ទៀតឡើយ។ ជាមួយនឹងបទពិសោធន៍ជូរចត់នេះហើយ ដែលនាង និងលោក លី វ៉ាហេត ដែលក្នុងពេលបច្ចុប្បន្ន គឺមិនខុសពីប្ដីប្រពន្ធ តែនៅតែមិនអើពើនឹងពិធីមង្គលការណាមួយ។ នាងនិងកីឡាករបាល់ទាត់រូបនេះហាក់មិនខ្វល់ពីការសើចយំរបស់មនុស្សទាំងឡាយដែលលើកឡើងថា នាងនិងប្រុសក្មេង ស្និទគ្នាដល់ម្លឹងទៅហើយ ហេតុអ្វីមិនប្រញ៉ាប់រៀបការឱ្យពេញមុខពេញមាត់នោះផង។ នាងកាន់តែបង្កើននូវភាពផ្អែមល្ហែមទ្វេរដងទាំងនៅក្នុងសង្គមហ្វេកប៊ុក តិកតុក និងនៅក្រៅឆាក ដោយបានទាំងប្រើពាក្យហៅគ្នាថាប្ដីប្រពន្ធ នៅចំពោះមិត្តភ័ក្តមួយចំនួន អោយគេឯងច្រណែនផង បើទោះជាអ្នកទាំពីរមិនទាន់មានចំណងអាពាហ៍ពិពាហ៍ណាមួយ។

អ្នកខ្លះយល់ថាផ្លូវដែលនាងកំពុងដើរ គឺជាគំរូមួយមិនល្អនៅក្នុងសង្គម ដោយសារតែនាងគឺជាតារាល្បី ប៉ុន្ដែទស្សនៈដែលបន្តយល់ឃើញបែបនេះ លែងជាគំនាបរបស់តារាសិល្បៈទៀតហើយ ដោយសារតែក្នងសិល្បៈមិនមែនតែនាងម្នាក់ទេ ដែលបង្ហាញភាពផ្អែមល្ហែមដូចអ្នករៀបការហើយ ទាំងមិនទាន់មានពិធីចូលរោងជ័យ ក្រឡេកទៅមើលតារាសិល្បៈជាច្រើនផ្សេងទៀត ក៏មានទំនាក់ទំនងបែបនេះដូចគ្នា ដោយអ្នកខ្លះមិនត្រឹមតែរួមរស់គ្នាក្រោមដំបូលតែមួយ ដោយបើកចំហរប៉ុណ្ណោះទេ គឺថែមទាំងពរពោះ និង បង្កើតកូនយ៉ាងមានសុភមង្គល ហើយមិនរវល់នឹងពិធីមួយនេះផង។ តារាសិល្បៈខ្លះ ទាល់តែមានកូនមួយពីរហើយ ទើបចំណាយលុយរៀបការ។ នាងកាន់តែបង្ហាញនូវមោទនភាព នៅពេលដែលនាងនិងលោក លី វ៉ាហេត កាន់តែស្រឡាញ់គ្នា កាន់តែយល់ចិត្តគ្នា ស្របគ្នាដែលនាងក៏មើលឃើញថាមិនមែនមានតែរូបនាងនោះទេដែលស្រឡាញ់ល្អូកល្អឺនទាំងមិនទាន់រៀបការ។ យ៉ាងណាមិញមានការយល់ស្របថាផ្លូវដែល សុខ សោម៉ាវត្ត និងគូស្នេហ៍កំពុងដើរ លែងជារឿងអាក្រក់មើលដូចមុនទៀតហើយ ដោយសារតែក្នុងបរិបទបច្ចុប្បន្ន សង្គមកម្ពុជាកាន់តែបើកទូលាយដល់សិទ្ធអ្នកដែលមានស្នេហា និងយល់ថា គំនៀបប្រពៃណីលែងជាបន្ទុក របស់បុរសនារី ដែលមានស្នេហ៍ស្មោះនឹងគ្នា។ ម្យ៉ាងមកពីមង្គលការដែលចងភ្ជាប់គ្នា ក៏ធ្វើអោយគូស្នេហ៍មួយចំនួនរងការបាក់បែក ប្រកបដោយភាពអាម៉ាសនោះផង ទើបអ្នកសិល្បៈប៉ុន្មានគូចុងក្រោយ ជ្រើសយកផ្លូវរួមរស់ជាមួយគ្នាដោយមិនមង្គលការសិន ហើយបើទំនាក់ទំនងកាន់តែល្អប្រសើរ ឬ ឈានដល់មានបុត្រាបុត្រីនឹងគ្នា ដែលប្រាកដថាលែងមានបញ្ហាប្រេះឆា ទើបចាប់ដៃគ្នារៀបការ អោយផ្អើលអ្នកសិល្បៈ តែបើមានរឿងប្រេះស្រាំ ក៏បែកគ្នាស្ងាត់។

សុខ សោម៉ាវត្តី តែងតែលើកឡើងដដែលជាដដែលថា នាងធ្លាក់ខ្លួនមេម៉ាយរួចម្ដងហើយ ដូច្នេះនាងមិនចង់មេម៉ាយជាលើកទី2ឡើយ តែក៏មិនមែនមានន័យថា នាងនិងលោក លី វ៉ាហេត មិនទាន់ប្រាកដចិត្តនឹងគ្នា និងនៅបន្តរួមរស់ក្នុងសភាពបែបនេះដោយមិនខ្វល់ពីអាពាហ៍ពិពាហ៍នោះដែរ គឺនាងនឹងចាប់ដៃគូស្នេហ៍ចូលរោងការ នៅពេលវេលាអំណោយផលក្នុងពេលខាងមុខ ដោយគ្រាន់តែមិនទាន់កំណត់ថាពេលណា ព្រោះតែនាងយល់ថា បើបង្ខំចិត្តរៀបការដោយមិនទាន់ប្រើពេលស្វែងយល់ចិត្តគ្នា ក៏មិនមែនជាជម្រើសល្អសម្រាប់អ្នកចង់បានគ្រួសារមួយនោះដែរ។ សុខ សោម៉ាវត្តី ប្រកាសថា បើនាងរៀបការពេលណានឹងឃើញែលនឹង ប៉ុន្តែមង្គលការលើកទី២ គឺលុះត្រាតែ ការងារនិង មុខជំនួញរបស់នាងនិងគូស្នេហ៍ រឹងមាំជាងនេះ។ ម្យ៉ាងនាងចង់អោយនាងច្បាស់លាស់១០០ភាគរយសិនថា លោក លី វ៉ាហេត ពិតជាអាចកាន់ដៃនាងដល់ថ្ងៃអនាគតបានដោយមិនរបូតនៅពាក់កណ្ដាលទីដូចឪពុកកូនស្រីរបស់នាងដែលជាអតីតស្វាមីនោះផង ទើបនាងចេះតែពន្យាររឿងរៀបការ តែបង្កើនទំនាក់ទំនងផ្អែមល្ហែម ជាមួយគូស្នេហ៍។

LEAVE A REPLY

Please enter your comment!
Please enter your name here