តារាចម្រៀងពីរដួងដែលត្រូវបានគេស្គាល់មកថាជាតួឯកប្រុសស្រីនៅក្នុងផលិតកម្ម Town គឺអ្នកនាង មាស សុខសោភា និងតារាចម្រៀងលោក ខេម បានប្រកាសលាឈប់ពីទ្រនំថោនមុននិងក្រោយគ្នាបន្តិច។ ចំពោះរឿងរ៉ាវផ្ទៃក្នុងនៃការចាកចេញពីទ្រនំចាស់អ្នកទាំងពីរគឺមិនបានបង្ហើបឱ្យដឹងនោះឡើយ តែអ្វីដែលគួរឱ្យកត់សម្គាល់អ្នកទាំងពីរក៏បានជ្រើសរើសផ្ញើរកេរ្តិ៍ឈ្មោះនៅក្នុងទ្រនំថ្មីហើយក៏រំពឹងមានភាពលេចធ្លោរជាងមុន។

បន្ទាប់ពីជ្រកក្រោមផលិតកម្មថោនមិនតិចក្រោម 10 ឆ្នាំរៀងខ្លួន តារាចម្រៀងប្រុសស្រី មាស សុខសោភា និងតារាចម្រៀងលោក ខេម បានសម្រេចចិត្តចាកចោលទ្រនំដែលធ្លាប់បានក៏សាងកេរ្តិ៍ឈ្មោះ ហើយមានបទចម្រៀងរបស់អ្នកទាំងពីរជាច្រើនក៏ធ្លាប់ទទួលបានការគាំទ្រពីសំណាក់មហាជនមិនតិចនោះដែរ។

ជាក់ស្ដែងតារាចម្រៀងលោក ខេម ចេញពីផលិតកម្ម Town មិនបានប៉ុន្មានផង លោកក៏ត្រូវបានគេឃើញលេចមុខនៅក្នុងផលិតកម្ម Galaxy ដែលកំពុងទទួលបានការគាំទ្រខ្លាំងក្នុងស្រទាប់មហាជន។ លោក ខេម ត្រូវបានគេដឹងថាបានសម្ងំថតបទចម្រៀងឱ្យផលិតកម្មថ្មីនេះជាច្រើនបទមកហើយដោយខាងផលិតកម្មគឺមិនទាន់បញ្ចេញ ខណៈពត៌មានចាកចេញពីទ្រនំថោននោះនៅមិនទាន់ច្បាស់ការណ៍នាពេលកន្លងមក។

យ៉ាងណាមិញបទចម្រៀងដំបូងរបស់លោក ខេម នៅក្នុងទ្រនំថ្មី មានចំណងជើងថា « ជូនដំណើរអូនឡើងលើផ្លូវ Highway » ក៏កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំង ដែលគេអាចសន្និដ្ឋានបានថា កេរ្តិ៍ឈ្មោះរបស់លោកនឹងកាន់តែល្បីជាងមុន ដោយសារខាងអ្នកនិពន្ធក៏ត្រៀមបទល្អៗឱ្យលោកសម្រាប់ច្រៀង និងចាប់ដៃគូរច្រៀងជាមួយនឹងរាជនីប្រចាំផលិតកម្ម Galaxy គឺកញ្ញា តន់ ចាន់សីម៉ា ផងដែរ។

រីឯអ្នកនាង មាស សុខសោភា នៅមិនទាន់បង្ហើបដំណឹងថានឹងចូលជ្រកក្រោមផលិតកម្មមួយណាដើម្បីឱ្យសាកសមតាមលំដាប់កេរ្តិ៍ឈ្មោះនោះឡើយ។ ប៉ុន្តែអ្វីដែលទស្សនិកជនសង្ស័យនិងមានភាគរយខ្ពស់នោះគឺនាងច្បាស់ជា ទៅជ្រកក្រោមផលិតកម្មធំមួយ គឺរស្មីហង្សមាស បើទោះជានាងមិនទាន់ប្រកាសឱ្យបណ្ដារហ្វេនៗជាច្រើនដែលរង់ចាំអ៊ុតមើលថាតើនាងនឹងចូលជ្រកក្នុងផលិតកម្មណាមួយក្ដី។

ទោះបីយ៉ាងណា តារាចម្រៀងសំនៀងផ្អែមអាចបត់បែនបានគ្រប់ទម្រង់នៃបទចម្រៀងមួយរូបនេះនៅតែមានកេរ្តិ៍ឈ្មោះភ្លឺចិញ្ចាចបើទោះជាមិនសូវមានភាពលេចធ្លោខ្លាំងដូចមុន ប៉ុន្តែថ្មីៗនេះគេឃើញនាងបង្ហើរសំនៀងក្នុងបទcover មរតកដើមជាច្រើន គឺនៅតែមានការពេញនិយមស្ដាប់ និងទទួលបានការគាំទ្រខ្លាំងដដែលពីសំណាក់មហាជន។

យ៉ាងណាមិញ មាស សុខសោភា និង ខេម ត្រូវបានមហាជនទទួលស្គាល់ថាជាដៃគូរចម្រៀងដ៏សាកសមឥតខ្ចោះ បើទោះជាអ្នកទាំងពីរលាឈប់ពីទ្រនំចែកផ្លូវគ្នាដើររៀងខ្លួនយ៉ាងណាក្ដី អ្នកគាំទ្រនៅតែរំពឹងថាអ្នកទាំងពីរនឹងកាន់តែទទួលបានភាពល្បីល្បាញដូចការរំពឹងទុកផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here