ខណៈកូវីត១៩ផ្ទុះខ្លាំង សប្បុរសជនលោក ប៊ុត ចាន់ថា និងភរិយា បរិច្ចាគរហូតដល់១សែនម៉ាស់ ជួយដល់ខេត្តកំពង់ស្ពឺ

0

កាលពីព្រឹកថ្ងៃទី១២ មីនា ឆ្នាំ២០២១ លោក ប៊ុត ចាន់ថា ហៅម៉ៅ និង លោកស្រី ឆឹល លក្ខិណា ជាភរិយា ដែលជាសប្បុរសជនមួយរូប បានដឹកនាំជំនួយសប្បុរសធម៌ជាម៉ាស់រហូតដល់១សែនម៉ាស់ ដែលគិតជាទឹកប្រាក់ ស្មើនឹង ៣៥លានរៀល យកទៅប្រគល់ជូនលោកអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ដើម្បីអោយសាលាខេត្តកំពង់ស្ពឺចាត់ចែងចែកដល់បុគ្គលិកក្រោមឱវាទ និង ប្រជាពលរដ្ឋ ក្នុងការទប់ស្កាត់ជម្ងឺកូវីត១៩ ដែលកំពុងរីករាលដាលខ្លាំង។ នៅក្នុងពិធីប្រគល់ម៉ាស់ដ៏ច្រើននោះ ក៏មានការប្រយ័ត្នប្រយែង និងការពារ យ៉ាងភ្ជាប់ភ្ជួនផងដែរ ដើម្បីបញ្ចៀសបញ្ហាកើតឡើងដោយមើលមិនឃើញ។

លោក ប៊ុត ចាន់ថា ដែលជាម្ចាស់អំណោយ បានថ្លែងបញ្ជាក់ថា ដោយសារតែលោកយល់ថា នៅក្នុងកាលៈទេសៈនេះ គឺមិនអាចយកម៉ាស់យកទៅប្រគល់ជូនដល់ប្រជាពលរដ្ឋដោយផ្ទាល់ ទើបលោក និង ភរិយា សម្រេចចិត្តយកមកប្រគល់ជូនសាលាខេត្តកំពង់ស្ពឺ ដើម្បីអោយសាលាខេត្តចាត់ចែងជូនដល់ពលរដ្ឋ តាមតែអាចធ្វើទៅបាន។ លោកថាដោយសារតែកូវីត១៩ផ្ទុះខ្លាំង ទើបលោក និងភរិយា មិនអាចនៅស្ងៀម ហើយត្រូវតែជួយជាម៉ាស់ជូនដល់អង្គភាពណាមួយ ដោយលោកបញ្ជាក់ថា ដោយសារតែលោករស់នៅក្នុងទឹកដីកំពង់ស្ពឺ និង មានមុខជំនួញនៅកំពង់ស្ពឺ ហើយមិនអាចយកទៅប្រគល់អោយខេត្តផ្សេងឡើយ ទើបលោក និង ភរិយា សម្រេចយកមកប្រគល់អោយសាលាខេត្តកំពង់ស្ពឺ។ ជំនួយនេះនៅមិនទាន់បញ្ចប់ទេ ប្រសិនបើលោកមើលឃើញពីការលំបាកណាមួយជាក់ស្ដែងទៀត។

គួរបញ្ជាក់ផងដែរថា លោក ប៊ុត ចាន់ថា ជាមន្ត្រីរាជការក្នុងអង្គភាពមួយ ដែលលោកក៏ជាអ្នកជំនួញមួយរូបផងដែរ។ លោក និង ភរិយាត្រូវបានគេស្គាល់ច្រើននៅខេត្តកំពង់ស្ពឺ ដោយសារតែសកម្មនឹងការបរិច្ចាគ ដោយជារឿយៗ គឺលោក និង ភរិយា តែងតែបរិច្ចាគជួយសាលាខេត្ត ជួយដល់អង្គភាពផ្សេងៗ និង ជួយដល់ពលរដ្ឋខ្វះខាតជាច្រើនគ្រួសារ។ ជាក់ស្ដែងក្នុងពិធីបើកសម្ពោធស្ថានីយ៍ទឹកស្អាត កាលពីពេលថ្មីៗ លោក និង ភរិយា ក៏បានចែកអំណោយជាអង្ករ ភួយ គ្រឿងឧបភោគបរិភោគ និង ថវិកា ជូនដល់ពលរដ្ឋជាង៤០០គ្រួសារនៅស្រុកបសេដ្ឋកំពង់ស្ពឺដដែល ដោយមានតារាល្បីៗ មកចូលរួមចុះចែកផងដែរ ដែលធ្វើអោយអ្នកទទួលអំណោយសប្បាយចិត្តយ៉ាងខ្លាំង ព្រោះបានទាំងថវិកា អំណោយ និង បានជួបតារាដោយផ្ទាល់៕

LEAVE A REPLY

Please enter your comment!
Please enter your name here