គ្មានអ្នកណានឹកស្មាននោះទេ ថា កញ្ញា លីវ ជីលឺ ដែលគ្រាន់តែជាបេក្ខនារីជំនួស កញ្ញា សេង រដ្ឋា ដែលជាជម្រើសទី១ និង កញ្ញា លឹម សុធាវី ដែលជាជម្រើសទី២ ដែលបដិសេធមិនទៅ ស្រាប់តែសាងភាពលេចធ្លោ នៅក្នុងការប្រកួត Miss Grand International នៅក្នុងប្រទេសថៃ។ ជ័យជម្នះរបស់នាងដែលបានឈ្នះឆ្នោតរហូតដល់ជាង៣៧លានសំលេង ព្រោះតែអន្តរជាតិមិនតិចផងបោះឆ្នោតអោយ ហើយបានចូលទៅវគ្គ២០នាក់លើឆាកដោយស្វ័យប្រវត្តិ គឺពិតជាធ្វើអោយ កញ្ញា សេង រដ្ឋា និង លឹម សុធាវី ស្រងាកចិត្តមិនតិចទេ ដែលឱកាសទាំងនេះ គឺសុទ្ធតែជាអ្វីដែលពួកនាង គួរទទួល តែបែជាអោយអ្នកជំនួស មកទទួលជំនួសទៅវិញ បើទោះជាទាំង សេង រដ្ឋា និង លឹម សុធាវី ប្រកាសថាមិនដែលខ្វល់ផង។

ក្នងពេលអតីតកញ្ញាឯក សេង រដ្ឋា មានចម្រូងចម្រាស់ហើយបដិសេធមិនទទួលការប្រកួត មនុស្សតិចណាស់ ដែលជឿថា ក្រៅពី សេង រដ្ឋា នឹងអាចសាងភាពលេចធ្លោ នៅក្នុងការប្រកួត Miss Grand International បាន ដោយសម្អាងថា នាងគឺជាតំណាងជាតិដ៏ស័ក្តសមទាំងកម្ពស់ និង ត្រេមុខ។ ការប្រកែករបស់នាងជាមួយក្រុមហ៊ុនមហាហង្ស ដែលជាអ្នករៀបចំ បានក្លាយជាឱកាសរបស់អតីតបេក្ខនារី ចំណាត់ថ្នាក់លេខ២ គឺ លឹម សុធាវី។ ប៉ុន្តែនាងបែរជាអះអាងថា មិនបានត្រៀមខ្លួន និង មានបញ្ហាសុខភាព ហើយសុំបដិសេធមិនទៅប្រកួត ដែលតាមការពិតទំនងជា ក្នងពេលនោះ នាងមានការងារថតស្ពត និង ការងារសិល្បៈច្រើន ហើយមិនចង់ជាប់កុងត្រាជាមួយកម្មវិធី។ ការបដិសេធរបស់នាង កាន់តែធ្វើកម្មវិធីទទួលរងនូវសម្ពាធ ហើយបើទោះជាបង្ខំថានឹងដកតំណែងនាងចេញ ក៏នាងនៅតែមិនព្រមសម្របសម្រួល ចេញទៅប្រកួត។ លីវ ជីលី កញ្ញាឯក ចំណាត់ថ្នាក់លេខ៣ Miss Grand Cambodi គ្រាន់តែជាតួអង្គជម្រើសរបស់ក្រុមហ៊ុន ក្រោយពេល សេង រដ្ឋា និង លឹម សុធាវី មិនព្រមចេញប្រកួតប៉ុណ្ណោះ ខណៈដែលមនុស្សភាគច្រើនក៏យល់ថា នាងគឺពិតជាមិនទទួលបានលទ្ធផលល្អក្នុងការចេញប្រកួតឡើយ។ ប៉ុន្តែផ្ទុយពីការប៉ាន់ស្មាន លីវ ជីលី បានធ្វើពិភពលោកភ្ញាក់ផ្អើលតែម្ដង ដោយមិនមែនត្រឹមតែអ្នកគាំទ្រនៅក្នុងស្រុកនោះទេ ដោយនាងបានសាងភាពល្បីល្បាញអោយកម្ពុជា តាមរយៈការបោះឆ្នោតពីកម្មវិធីគ្រប់ដំណាក់កាលហើយទទួលបានសំលេងនាំមុខគេរហូត។ ការបោះឆ្នោតដើម្បីក្លាយជាបេក្ខនារីដែលមានប្រជាប្រិយភាព ដើម្បីឈានចូលវគ្គ២០នាក់ដោយស្វ័យប្រវត្តិ គឺនាងទទួលសំលេងឆ្នោតជាង៣៧លានសំលេង ហើយឈរលំដាប់លេខ១។ មហាជនមិនតិចទេ លើកឡើងថា សេង រដ្ឋា និង លឹម សុធាវី បោះបង់ឱកាសសាងភាពល្បីល្បាញ ដោយសារតែគិតខ្លីមួយពេល ហើយបណ្ដោយអោយ លីវ ជីលី ដែលជាជម្រើសទី៣ ក្រសោបយក។

លោក អ៊ិន សុភិន អ្នកបញ្ជូន Miss Grand Cambodia បង្ហាញពីមោទនភាព ដែលកញ្ញា លីវ ជីលី ដណ្ដើមបានភាពលេចធ្លោទាំងនាងគ្រាន់តែជាអ្នកទៅប្រកួតជំនួស ដែលមិនមែនជាម្ចាស់មកុដនៅក្នុងពេលប្រកួត។ លោកថាភារកិច្ចរបស់ លីវ ជីលី ប្រសិនបើនាងទៅប្រកួតហើយគ្មានការចាប់អារម្មណ៍គឹពិតជាមានមនុស្សច្រើនណាស់នឹងសោចយំលោក តែនៅពេលដែលបេក្ខនារីរបស់កម្ពុជាល្បីល្បាញទូទាំងពិភពលោកបែបនេះ ទើបលោកដឹងថា សមត្ថភាពរបស់បេក្ខនារីម្នាក់ៗ មិនមែនផ្អែកលើតែសំបកខាងក្រៅ និង លក្ខណ្ឌផ្សេងៗតែម្យ៉ាងនោះទេ។ ផ្ទុយទៅវិញទៅបេក្ខនារីនោះ ពេលប្រកួតបានត្រឹមលេខ៣ក៏ដោយ ប៉ុន្តែដោយសារឱកាស សមត្ថភាព និង យីអ៊ុន នាងក៏អាចលើកមុខកម្ពុជាអោយពិភពលោកមើលឃើញពីភាពលេចធ្លោបានដែរ។ លោកថា អ្វីដែល លីវ ជីលី ធ្វើបាន មិនប្រាកដថា បេក្ខនារីដែលពាក់មកុដលេខរៀងល្អជាងនាង អាចធ្វើបាននោះឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here