កាលពីថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២១ លោក ឡុង សត្យា សមាជិកក្រុមលេខាធិការសម្ដេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា និង ក្រុមហ៊ុនសម្រស់ធម្មជាតិ បាននាំយកគ្រឿងឧបភោគបរិភោគ និងទឹកបរិសុទ្ធជាច្រើន ជូនដល់ក្រុមគ្រូពេទ្យជួរមុខនៅមន្ទីរពេទ្យបង្អែកខណ្ឌដង្កោ រាជធានីភ្នំពេញ។ នេះគឺជាសកម្មភាពយកចិត្តទុកដាក់ចំពោះក្រុមគ្រូពេទ្យដែលមានការប្រឈម ខណៈដែលនេះក៏ជាការលើកទឹកចិត្តមួយដ៏សំខាន់។

លោក ឡុង សត្យា ដែលមានងារជាឯកឧត្តមផង បានថ្លែងបញ្ជាក់ថា ដោយមើលឃើញជាក់ស្ដែងពីការការនឿយហត់ ការខិតខំប្រឹងប្រែង ការលះបង់ខ្ពស់ របស់ក្រុមគ្រូពេទ្យ ទើបលោក និង ក្រុមហ៊ុនសម្រស់ធម្មជាតិ ដែលមាន អ្នកនាង នួន ស៊ុន្ទរី ហៅ ស្រីអូន ជាអគ្គនាយិក ក៏បានសហការគ្នា ពាំនាំយកជំនួយទាំងនេះមកដោយផ្ទាល់ ដោយលោកបញ្ជាក់ថា គឺទោះជាមិនអាចជួយបានយូរអង្វែង តែក៏ជាការលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យទាំងនេះ អោយកាន់តែមានទឹកចិត្តលើភារកិច្ចទាំងមូលផងដែរ។ លោកក៏សូមអរគុណ ដល់ក្រុមហ៊ុនសម្រស់ធម្មជាតិផងដែរ ដែលបានសហការបរិច្ចាគ ដើម្បីរួមចំណែកលើកទឹកចិត្ត និង សម្ដែងការអរគុណដោយស្មោះ និងចែករំលែកក្តីនឹករលឹក ក្ដីស្រឡាញ់ដល់លោកគ្រូ អ្នកគ្រូដែលបានអត់ធ្មត់ ព្យាយាម តស៊ូ ប្រឹងប្រែងចូលរួមយ៉ាងសកម្មក្នុងការជួយពិនិត្យព្យាបាលដល់ប្រជាពលរដ្ឋខ្មែរដែលបានវិជ្ជមានកូវិដ១៩។

បន្ទាប់ពីទទួលបាននូវគ្រឿងឧបភោគបរិភោគទាំងនេះ ក្រុមគ្រូពេទ្យជួរមុខនៅខណ្ឌដង្កោ ក៏បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ឡុង សត្យា និង សប្បុរសជននានា ជាពិសេសគឺអ្នកនាង ស្រីអូន ដែលជាម្ចាស់ក្រុមហ៊ុន ដែលបានចំណាយពេលវេលាដ៏មានតម្លៃនិងមមារញឹកមកសួរសុខទុក្ខ និងបាននាំយកទាំងអាហារនិងទឹកបរិសុទ្ធយ៉ាងច្រើនសន្ធឹកសន្ធាប់មកជូនពួកគាត់។

ជាថ្មីម្តងទៀត លោក ឡុង សត្យា បានធ្វើការអំពាវនាវនិងសំនូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមជួយចែករំលែកនូវសេចក្ដីស្រឡាញ់ដល់ក្រុមគ្រូពេទ្យជួរមុខតាមលទ្ធភាពឲ្យបានគ្រប់ៗគ្នា ជាពិសេសសូមចូលរួមទប់ស្កាត់ការពារជំងឺកូវិដ-១៩ ដោយអនុវត្តន៍តាមប្រសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ៣ការពារ ៣កុំ និងបើមិនមានការចាំបាច់សូមកុំចាកចេញក្រៅផ្ទះ៕


LEAVE A REPLY

Please enter your comment!
Please enter your name here