អតីតតារាចម្រៀងសំឡេង ផ្អែម ត្រកូលល្បីឈ្មោះ ឆោម និមល នៅតែដក់ចិត្តស្រឡាញ់សិល្បៈ បើទោះនៅអាមេរិកបែបណា ក៏ឆ្លៀតសម្តែង។ អ្នកនាងរមែងចេញសម្តែង តាមបណ្តាប្រទេសនានា ដែលមានខ្មែររស់នៅ។ យ៉ាងណា មានការទម្លាយថា ឆោម និមល នឹងមកស្រុកខ្មែរ ហើយអាចនឹងអុកឡុកវិស័យចម្រៀង។

យោងតាមការឆ្លងឆ្លើយ ជាមួយអ្នកនាងឆោម និមល ម្ចាស់បទ«មង្គលយើង» បានអោយដឹងថា អ្នកនាងនឹងទៅស្រុកកំណើត សប្តាហ៍ក្រោយ រយៈពេលយូរច្រើនខែ។ អ្នកនាងថា ទៅម្តងនេះដើម្បី សម្តែងអោយច្រើន និងចង់ចំណាយពេលនៅ ជាមួយម្តាយមើលថែគាត់អោយច្រើន។ យ៉ាងណាអ្នកនាង ទទួលទាំងអស់រាល់សកម្មភាពសិល្បៈ សម្តែងព្រោះជានិស្ស័យ មិនអាចផ្តាច់បាន។ អ្នកនាងថែមទាំងប្រកាសថា បើមានផលិតកម្មណាចង់ទាក់ទងហៅថតសំឡេង គឺពិតជាសហការ ដើម្បីបានទុកស្នាដៃខ្លះ។ ប្អូនស្រី តារាចម្រៀងជើងចាស់ ឆោម ឆវិនរូបនេះប្រាប់បន្តថា សប្បាយចិត្តដែលប្រជាជនកម្ពុជា គាំទ្រស្នាដៃចម្រៀង និងសំឡេងត្រកូលឆោម តាំងពីដើមមក មិនចោល មិនភ្លេច។ នាងពិតជាអរគុណជាអនេកបំផុតចំពោះបងប្អូនក្នុង និងក្រៅប្រទេស។

រហូតមកទល់ពេលនេះ ឆោម និមលនៅលីវ មិនទាន់អើពើ ដាក់បន្ទុកជាមួយបុរសណាឡើយបើទោះវ័យ ច្រើនទៅហើយ។ អ្នកនាងចូលចិត្តជីវិតបែបឯករាជ្យ មិនចង់អោយមានអ្នកណាគ្រប់គ្រង។ យ៉ាងណាអ្នកនាង ក៏ប្រាថ្នាបុរសល្អក្នុងជីវិតមើលថែដែរ។ សង្ឃឹមថា ក្រោយពេលមកដល់ខ្មែរ ផលិតករតាមផលិតកម្ម នានា នឹងទាក់ទងអ្នកនាងថតប្រចាំផលិតកម្មខ្លួន ព្រោះទុនសំឡេងអ្នកនាងពិរោះណាស់។

LEAVE A REPLY

Please enter your comment!
Please enter your name here