មិនត្រឹមតែផ្ដល់ជំនួយដល់មណ្ឌលកុមារកំព្រានៅក្នុងស្រុកកណ្ដាលស្ទឹងឈ្មោះ មណ្ឌលកុមារកំព្រាស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមកុមារ ម្ដងហើយម្ដងម្ដងទៀត ជួយសង់ផ្ទះគ្រួសារមួយ និង ជួយចែកអំណោយរាប់មិនអស់ដល់ពលរដ្ឋក្នុងតំបន់ក្រហមប៉ុណ្ណោះទេ មូលនិធិ”ផ្ទះតារា” ក៏បន្តបរិច្ចាគជំនួយជួយដល់មណ្ឌលកុមារកំព្រាមួយផ្សេងទៀត កាលពីថ្ងៃទី ៩ ឧសភា ឆ្នាំ២០២១ និង បន្តយកចិត្តទុកដាក់ដល់ជនខ្សត់ខ្សោយ មិនដកដៃផងដែរ។ សកម្មភាពរបស់ក្រុមនេះ កំពុងផ្ទុះការសរសើរក្នុងស្រទាប់មហាជននាពេលចុងក្រោយ។


មណ្ឌលកុមារកំព្រាមួយថ្មី ដែលលោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា និង ជាប្រធានមូលនិធិ”ផ្ទះតារា” ចេញមុខជួយថែមមួយទៀតនេះ គឺជាមណ្ឌលកុមារកំព្រាស្នាមញញឹមថ្មី នៃក្ដីសង្ឃឹមកុមារ សាខាទី២ ដែលមានទីតាំងស្ថិតនៅក្បែររង្វង់មូលគួរស្រូវ និង មានក្មេងកុមារកំព្រាក្នុងបន្ទុកចំនួនជាង៤០នាក់។ អ្នកស្រី ស្រឿន សុខឡាយ ជាប្រធានមណ្ឌលមួយនេះ បានថ្លែងបញ្ជាក់ថា មណ្ឌលរបស់អ្នកស្រីបានទទួលចិញ្ចឹមក្មេងជាយូរមកហើយ ប៉ុន្តែដោយសារតែអ្នកស្រីស្មុគស្មាញក្នុងការរត់ច្បាប់ ទើបត្រូវបានអ្នកស្រី ស្រី គង់ ដែលជាប្រធានមណ្ឌលកុមារកំព្រាស្នាមញញឹមថ្មីនៃកុមារ សម្រេចអោយប្រើឈ្មោះមណ្ឌលរបស់ខ្លួនហើយកំណត់អោយដាក់ជាសាខាទី២។ អ្នកស្រីថាមណ្ឌលរបស់ខ្លួនមិនសូវមានជំនួយទេ ហើយក៏ខ្វះខាតស្បៀងណាស់ដែរ ទើបអ្នកស្រីសម្រេចចិត្តទាក់ទងមកកាន់លោក ផាត់ តារារដ្ឋ ប្រធានមូលនិធិ”ផ្ទះតារា” ដើម្បីសុំជំនួយ។ អ្នកស្រីមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង ដែលលោកអញ្ជើញអោយអ្នកស្រី និង ក្មេងៗ មកទទួលស្បៀងអាហារទាន់ពេលវេលា ក្នុងអំឡុងពេលការខ្វះខាតកំពុងកើតមាន។

លោក ផាត់ តារារដ្ឋ និង ក្រុមការងារ បានផ្ដល់អោយមណ្ឌលកុមារកំព្រាមួយនេះ នូវត្រីងៀតចំនួន២០គីឡូក្រាម ដែលជាអំណោយរបស់អ្នកនាង លុយ សារីណា រស់នៅប្រទេសអូស្ត្រាលី ផ្ដល់អង្ករជូន៥បេ ទឹកត្រី៥យួរ និង ទឹកស៊ីអ៊ីវ៥យួរ ដែលជាអំណោយរបស់ អ្នកនាង អ៉ឹម សុគន្ធា ជាអគ្គនាយិកាក្រុមហ៊ុន HK7 និង បានសន្យាថានឹងបន្តជួយមណ្ឌលមួយនេះបន្តទៀត ដើម្បីជួយដល់កុមារកំព្រាក្នុងពេលបន្តបន្ទាប់។ លោកថ្លែងបញ្ជាក់ថា មកទល់ពេលនេះ មូលនិធិ”ផ្ទះតារា”បានផ្ដល់ស្បៀងអាហារជូនដល់កុមារកំព្រាបានសរុបចំនួន២កន្លែងហើយ ស្មើនឹងចំនួន៣ដង ជួយសង់ផ្ទះពលរដ្ឋបានមួយកន្លែង និង ជួយផ្ដល់ស្បៀងដល់បងប្អូនអ្នកខ្វះខាតដល់កន្លែងរស់នៅបានចំនួនជាង200គ្រួសារហើយ។ ជាក់ស្ដែងបន្ទាប់ពីផ្ដល់ស្បៀងដល់កុមារកំព្រាខាងលើ លោក ផាត់ តារារដ្ឋ ក៏ជួយសង្គ្រោះគ្រួសារខ្វះខាតខ្លាំងបន្តបន្ទាប់ផងដែរ តាមរយៈមូលនិធិ”ផ្ទះតារា”។ លោកបានបង្ហោះនៅលើហ្វេសប៊ុក កាលពីថ្ងៃទី១០ ឧសភា ថា”អាណិតណាស់លោក ប្អូនស្រីជាអ្នកស៊ីឈ្នួលលាងចាន ហើយប្អូនប្រុសជាអ្នករត់ម៉ូតូឌុប ពួកគាត់ថានៅក្នុងទីតាំងដែលពួកគាត់ជួលនៅជាប់គ្នា(តំបន់ក្រហមនៅទួលសង្កែ)អត់ដែលបានអំណោយទេ ការងារក៏អត់ លុយក៏គ្មាន ក្នុងផ្ទះមានតែអង្ករ២គីឡូ គ្មានម្ហូប គាត់ដាច់ចិត្តខលមក”ផ្ទះតារា” ហើយក៏ត្រូវខ្ញុំបាទស្ថាបនិកគ្រួសារតារាកម្ពុជា អញ្ជើញគាត់អោយមកយកស្បៀងដើម្បីដោះទ័ល ពួកគាត់សុំគេចេញមកទម្រាំបាន មកដល់”ផ្ទះតារា”ទាំងព្រឹក។ ដោយសារប្អូនស្រីថាប្អូនត្រូវយកស្បៀងមួយចំណែកដែលខ្ញុំជូន ចែកដល់ម្ដាយ និង ប្អូនៗ ដែលនៅផ្ទះផ្សេងខ្លះដែរ ទើបមូលនិធិ”ផ្ទះតារា”ជូនមួយកញ្ចប់ទៀតជូនដល់ម្ដាយរបស់គាត់។ ភាពខ្វះខាតគឺជារឿងដ៏លំបាកសម្រាប់អ្នកទ័ល មើលពួកគាត់អរណាស់
#ជូនបុណ្យផងបងប្អូន
10-5-2021″។ លោកក៏បន្តចុះជួយពលរដ្ឋខ្វះខាតបន្តបន្ទាប់ទៀតផងដែរ ដើម្បីកិច្ចការមនុស្សធម៌។

LEAVE A REPLY

Please enter your comment!
Please enter your name here