តស៊ូពីអ្នកលាងចានគុយទាវយ៉ាងលំបាក ហុង គង់ហ៊ុយ ហៅស្រីគុជ បានក្លាយជាអ្នកឯកទេសផាត់មុខកូនក្រមុំ គួរអោយសរសើរ ក្នុងពិភពអ្នកMake Up គឺអាចនិយាយបានថា មានអ្នកជំនាញដែលស្ថិតនៅក្នុងវិស័យមួយនេះតិចណាស់ ដែលមិនស្គាល់ថ្វីដៃផាត់មុខរបស់របស់លោក នោះគឺដោយសារតែលោកគឺជាអ្នកដែលពូកែផាត់មុខកូនក្រមុំដែលមានស្នាដៃម្នាក់ ដោយមានតារាជាច្រើន យកលោកអោយធ្វើផាត់មុខប្រចាំ។ យ៉ាងណាក៏ដោយក្រឡេកទៅមើលអតីតកាល លោកគ្រាន់តែជាកូនកំព្រាឪពុក ដែលត្រូវឱពុកបោះបង់ចោលទៅយកភរិយាថ្មី ដែលធ្លាប់ហែលឆ្លងពីជីវិតដើរស៊ីឈ្នួលលាងចានអោយគេយ៉ាងលំបាកប៉ុណ្ណោះ។

ប្រវត្តិរបស់លោកមានមនុស្សតិចណាស់បានដឹង តែសម្រាប់ស្នាដៃ និងភាពជោគជ័យរបស់លោក គឺមានមនុស្សនៅក្នុងវិស័យនឹងភាគច្រើនបានស្គាល់ ជាពិសេសថ្វីដៃផាត់មុខកូនក្រមុំ ដែលមិនមែនអ្នកជំនាញសាឡនណា ក៏ផាត់មុខបានស្អាត ហើយមានការទទួលស្គាល់នោះ។ ក្នុងរយៈពេលមួយឆ្នាំចុងក្រោយមុនផ្ទុះកូវីត19 ស្រីគុជ ត្រូវគេមើលឃើញថាក្ដោបក្ដាប់ទីផ្សារផាត់មុខបានខ្លាំងមិនចាញ់អ្នកល្បីនៅក្នុងវិស័យនេះផង ទើបធ្វើអោយលោកកាន់តែខ្ទរខ្ទារកេរ្តិ៍ឈ្មោះ នៅក្នុងវិស័យនេះ។

ព្រោះតែរកពេលទំនេរពីការដើរផាត់មុខតាមផ្ទះ និងតាមមង្គលការធំៗ ស្ទើររកពេលទំនេរមិនឃើញនេះហើយ ដែលធ្វើអោយលោកមិនអាចផាត់មុខប្រចាំអោយសម្អាងការណាមួយបាន ឬ អោយហាងណាមួយ ខណៈពេលដែលក្ដីស្រម៉ៃរបស់លោកដែលចង់បើកសាឡនផ្ទាល់ខ្លួន ក៏ត្រូវផ្អឹបសិន ស្របពេលកូវីត19 ដ្បិតថាធ្វើអោយលោកទំនេរជាងមុនបន្តិចមែន ប៉ុន្តែក៏មិនអំណោយផលក្នុងការបើកជំនួញផ្ទាល់ខ្លួន។

ជាមួយនឹងការចាប់អារម្មណ៍ស្នាដៃ កញ្ញា ស្រីគុជ បានអះអាងថា កញ្ញាទើបតែប្រឡូកអាជីពផាត់មុខកូនក្រមុំ ហើយមានការទទួលស្គាល់ ទើបតែរង្វង់3ឆ្នាំប៉ុណ្ណោះ ប៉ុន្តែ1ឆ្នាំចុងក្រោយ គឺមុនកូវីត19វាយលុក គឺស្ទើរតែគ្មានពេលតែងមុខតាមរោង។ កញ្ញាថា អតីតកាលរបស់ខ្លួន គឺគ្រាន់តែជាកូនកំព្រាដើររស់នៅតាមម្ដាយមីងនៅសំពៅឡូន ខេត្តបាត់ដំបង និង ដើរេស់នៅតាមគេដើម្បីប្ដូរបាយប៉ុណ្ណោះ ប៉ុន្តែក្រោយមកក៏សម្រេចមកស៊ីឈ្នួលលាងចានគុយទាវអោយហាងគុយទាវ និង ហាងស៊ុបមួយនៅម្ដុំគីរីរម្យ ដោយត្រូវលាងចានតាំងពីម៉ោង11ព្រឹក រហូតដល់ម៉ោង10យប់។

ដោយសារតែចង់កែប្រែជីវិត លោក ក៏ខំសន្សំលុយដែលបានពីប្រាក់ខែលាងចាន ហើយទៅរៀនផាត់មុខ និង ផ្នែកសាឡនជាមួតសាលាមួយ ដោយក្រោយពេលរៀនចប់លោកបានត្រឹមតែយល់ដឹងខ្លះ តែមិនចេះនោះទេ ដោយសារតែនៅសាលានោះសិស្សច្រើន ហើយរាល់ពេលពន្យល់គឺមើលមិនសូវឃើញ។ ក្រោយមកលោកក៏ដើរធ្វើសាឡនអោយគេបណ្ដើរ និង បន្តស៊ីឈ្នួលគេបន្ថែមបណ្ដើររហូតមានលុយទៅរៀនផ្នែកផាត់មុខជាថ្មីមហដងទៀត ទើបអាចអោយលោកយល់ដឹងកាន់តែច្បាស់ ហើយដោយការស្វែងយល់បន្ថែមផង ទើបជំនាញផាត់មុខកាន់តែស្ទាត់ក្នុងអាជីព។

លោកបានផ្ដើមទទួលផាត់មុខតាមរោងការដោយផាត់មុខអោយអ្នកកំដរនិង ម្ដាយៗកូនកំលោះកូនក្រមុំតែប៉ុណ្ណោះ ប៉ុន្តែដោយសារតែមានការហ្វឹកហាត់បន្ថែមទើបហ៊ានផាត់មុខកូនក្រមុំ ហើយរយៈពេលចុងក្រោយ ក៏មានការទទួលស្គាល់ថ្វីដៃតែម្ដង។ ស្រគុជថា ក្រោយជម្ងឺកូវីត19ស្ងប់ស្ងាត់ លោកមានអ្នកកក់ផាត់មុខគួរអោយកត់សម្គាល់ ខណៈដែលតារាចម្រៀង អ្នកនាង អ៊ូ រស្មី គឺអាចនិយាយបានថា ពេញចិត្តតែថ្វីដៃផាត់មុខរបស់លោក៕


LEAVE A REPLY

Please enter your comment!
Please enter your name here