មកស្គាល់ពី សប្បុរសជនថ្មីៗ ដែលជ្រោមជ្រែងមូលនិធិ”ផ្ទះតារា” អោយមានសកម្មភាពបន្ត

0

ដោយមើលឃើញពីភាពខ្វះខាតរបស់បងប្អូនដែលខ្វះខាតដែលផ្ទះតារាកំពុងបន្តជួយ គេឃើញសប្បុរសជនច្រើនឡើងបានបន្តជួយដល់មូលនិធិ”ផ្ទះតារា”ដែលការបរិច្ចាគទាំងនេះ គឺទោះជាតិចឬច្រើន ក៏ជាការរួមចំណែក ដើម្បីអោយមូលនិធិរបស់យើងបានបន្តសកម្មភាព។ ជំនួយដែលមូលនិធិ”ផ្ទះតារា”បានទទួលក្រោយអស់មូលនិធិចាស់រួមមាន លោក ម៉េង លាង អគ្គនាយកសំណង់ផ្ទះល្វែង ហេង លាង បរិច្ចាគជាអង្ករកន្លះតោន ស្មើនឹង៥០គ្រួសារ មី៥០កេស និង ត្រីខចំនួន៥០យួរ ដែលការបរិច្ចាគនេះ គឺបន្ទាប់ពីលោកមើលឃើញថា មើលឃើញថាមូលនិធិ”ផ្ទះតារា”កាន់តែពង្រីកសកម្មភាព ហើយរួមចំណែកជួយដល់អ្នកខ្វះខាតពិប្រាកដបានច្រើន។ ក្នុងនោះអ្នកនាង ស៊ាង សុវណ្ណារី ដែលជាអ្នកលក់ទំនិញអនឡាញ ក៏បានបរិច្ចាគដល់មូលនិធិចំនួន ១០០ដុល្លារ និង អ្នកស្រី Nitha Mon ដែលជាអាជីវករនៅផ្សារអូឡាំពិកបានជួយចំនួន២០ដុល្លារ។

លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា និង ជាប្រធានមូលនិធិ”ផ្ទះតារា”បញ្ជាក់ថា ជំនួយដ៏ធំមួយទៀត ដែលមូលនិធិទទួលបាន គឺជំនួយពីបងប្រុស ថេង ស៊ុក និង អ្នកស្រី សុខ ចន្ថា រស់នៅប្រទេសបារាំង ដោយបានជួយទឹកប្រាក់តាមរយៈលោកចំនួន២០០ដុល្លារ ជួយដល់តារាចម្រៀង លោក មាន សិរីវិចិត្រ ដែលកំពុងឈឺធ្ងន់ និង បានជួយតាមរយៈមូលនិធិរបស់លោក ជួយដល់កុមារកំព្រាមួយកន្លែង ដោយស្បៀង និង ថវិការ ដែលលោក និង អ្នកស្រី បានផ្ដល់ជូនផ្ទះតារា គឺជាចំនួនមួយច្រើន ដែលផ្ទះតារានឹងធ្វើការប្រកាសជូនក្នុងពេលយកទៅប្រគល់ជូនមណ្ឌលកុមារកំព្រាអារុណរះ នៅជិតបន្ទាយសម្ដេចនាយករដ្ឋមន្ត្រី។ ជាមួយនឹងការចូលរួមបរិច្ចាគរបស់សប្បុរសជននេះហើយ ដែលមូលនិធិ”ផ្ទះតារា” បានបន្តលទ្ធភាពជួយដល់អ្នកខ្វះខាត ខណៈដែលគិតត្រឹមការបង្កើតមូលនិធិមកទល់ពេលនេះ ផ្ទះតារាបានស្វះស្វែងរកជួយដល់អ្នកខ្វះខាតបានជាង២០០គ្រួសារហើយ ដោយគ្រួសារនីមួយៗទទួលបានយ៉ាងហោចអង្ករ១០គីឡូ មីមួយកេស ត្រីខមួយយួរ ទឹកស៊ីអ៊ីវមួយយួរ និង មានខ្លះទទួលបានថវិកាក្នុងមួយគ្រួសារ១០ម៉ឺនរៀល។ ដោយឡែកនៅថ្ងៃទី១២ និង ទី១៣ ក្រុមមូលនិធិ”ផ្ទះតារា”បានប្រគល់ថវិកាជូនតារាចម្រៀងលោក សិរីវិចិត្រ ចំនួន200ដុល្លារ ដោយក្នុងនោះក៏មានការគ្រួសារខ្វះខាតជាច្រើនបានមកសុំជំនួយដោយផ្ទាល់ដល់ការិយាល័យផ្ទះតារាជាច្រើនគ្រួសារ រួមមានគ្រួសារខ្មែរឥស្លាមជាច្រើនគ្រួសារ និងគ្រួសារកម្មករជាច្រើនគ្រួសារ ដែលគ្រួសារអ្នកមកទទួលអំណោយទាំងនេះ គឺសុទ្ធសឹងតែខ្វះខាតខ្លាំង។ លោក ផាត់ តារារដ្ឋ ក៏ថ្លែងការកោតសរសើរចំពោះសប្បុរសជនទាំងអស់តាំងពីដើមរហូតមកដល់ពេលនេះផងដែរ ជាពិសេសអ្នកនាង ស្រីអូនសម្រស់ធម្មជាតិ អ្នកនាង សុគន្ធា អគ្គនាយិកាក្រុមហ៊ុន HK7 អ្នកនាង Luy Sarina អណិកជននៅអាមេរិក និង អ្នកនាង Windy Love រស់នៅសហរដ្ឋអាមេរិក។



LEAVE A REPLY

Please enter your comment!
Please enter your name here