បន្ទាប់ពីផ្ដល់ថវិការនិងស្បៀងអាហារមួយចំនួនជូនដល់សិល្បករអាជីពជាង50រូប កាលពីថ្ងៃទី 08 ខែឧសភា ឆ្នាំ 2021 ដោយរួមមាន៖ អង្ករ ត្រីខ មី ទឹកស៊ីអ៉ីវ កាហ្វេរឃូស៊ី និងថវិកាម្នាក់ចំនួន10ម៉ឺនរៀលហើយនោះ លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា ក៏បានផ្ដល់អំណោយជូនដល់សិល្បករមួយក្រុមផ្សេងទៀតមានចំនួន36រូប ក្នុងរយៈពេល3ថ្ងៃផងដែរ គឺថ្ងៃទី 13,14 និង 15 ឧសភា កន្លងទៅ។ បន្ទាប់ពីសិល្បករដែលភាគច្រើនជាតារាមិនសូវមានទីផ្សារនៅក្នុងសិល្បៈទាំងនេះ ស្នើរសុំស្របពេលដែលការផ្ដល់ជូននោះក៏ត្រូវនឹងថ្ងៃខួបកំណើតរបស់ប្រធានមូលនិធិនាថ្ងៃទី 14 ឧសភា នោះផង។


លោក ផាត់ តារារដ្ឋ ប្រធានមូលនិធិ « ផ្ទះតារា » បានថ្លែងបញ្ជាក់ ដោយសារតែក្នុងឆ្នាំ 2021 នេះលោកបានបង្កើតមូលនិធិជួយសម្រួលការលំបាកដល់អ្នកខ្សត់ខ្សោយទើបលោកសម្រេចយកថ្ងៃកំណើតរបស់ខ្លួនបរិច្ចាគជាស្បៀងជួយដល់សិល្បករជាលើកទី2 ជួយដល់សិល្បករមួយក្រុមផ្សេងទៀតបើទោះបីជាមូលនិធិរបស់លោកបានជួយដល់សិល្បករមួយលើករួចមកហើយ។ សិល្បករដែលមូលនិធិរបស់លោកផ្ដល់ជូនក្នុងឱកាសខួបកំណើតនោះរួមមាន តារាក្លឹប តួឪពុកតួម្ដាយដែលមិនសូវមានទីផ្សា និងក្រុមតន្ត្រីមូលនិធិគន្ធបុប្ផា ដែលមានជីវភាពខ្វះខាតខ្លាំង។

សិល្បករដែលទទួលបានជំនួយជាលើកទីពីរនេះទទួលបានអំណោយ2ប្រភេទផ្សេងគ្នា ដោយក្រុមខ្លះទទួលបានអង្ករម្នាក់10គីឡូ មីមួយកេះ ត្រីខមួយយួរ ដែលជាការឧបត្ថមរបស់លោក ម៉េង លាង អគ្គនាយកសំណង់ផ្ទះល្វែង ហេង លាង និងមួយក្រុមទៀតទទួលបានអង្ករ20គីឡូ មីមួយកេះ ត្រីខមួយយួរ និង ខ្លះទទួលបានទឹកស៊ីអ៉ីវមួយយួរបន្ថែម ដែលជំនួយផ្ដល់ជូននេះគឺជាការឧបត្ថមរបស់មូលនិធិ « ផ្ទះតារា »។

លោកផាត់ តារារដ្ឋ បានបញ្ជាក់ថាមូលនិធិរបស់លោក មិនមានគម្រោងជួយដល់សិល្បករជាលើកទី2 នោះទេដោយសារយល់ថាជំនួយទាំងនេះមានចំនួនតិចតួចមិនសមចំពោះសិល្បករ និងចង់ទុកជួយដល់អ្នកខ្សត់ខ្សោយដែលត្រូវការ ការសង្គ្រោះបន្ថែមសិន។ ប៉ុន្តែដោយសារតែមានការទទូចពេក ស្របពេលដែលលោកក៏ចង់ឱ្យសិល្បករទាំងជាង30រូបនេះ មានស្នាមញញឹមនៅក្នុងថ្ងៃខួបកំណើតរបស់ខ្លួន ទើបលោកសម្រេចចិត្តជួយដល់សិល្បករជាលើកទី2 ដោយលោកក៏បង្ហាញពីអារម្មណ៍សោកស្ដាយផងដែរ ដែលជំនួយជាលើកទី2នេះមិនបានចំនួនច្រើនដូចជាជំនួយជួយដល់សិល្បករកាលពីលើកទី1។

យ៉ាងណាមិញគេឃើញសិល្បករភាគច្រើនដែលបានទទួលជំនួយពីលោកមានអារម្មណ៍សប្បាយរីករាយ បើទោះបីជំនួយទាំងនេះត្រឹមតែជាអង្ករ10 គីឡូ មីមួយកេះ និងត្រីខមួយយួរ។ សិល្បករខ្លះត្រូវគេឃើញធ្វើដំណើរមកទាំងយប់តាំងពីស្រុកស្អាង និងតាខ្មៅ ខេត្តកណ្ដាល មកយកឯណោះដោយសារតែភាពខ្វះខាត។ លោកក៏ថ្លែងអំណរគុណចំពោះលោក ម៉េង លាង ដែលជាម្ចាស់ជំនួយផងដែរ ដែលបានផ្ដល់អង្ករ1ការ៉ុង10គីឡូក្រាម មីមួយកេះ និងត្រីខមួយយួរ សម្រាប់50 គ្រួសារជូនដល់មូលនិធិ « ផ្ទះតារា » ដែលធ្វើឱ្យមូលនិធិរបស់លោកមានលទ្ធភាពជួយសម្រួលការលំបាករបស់អ្នកសិល្បៈទាំងនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here