រយៈពេលមិនដល់កន្លះខែនៅឡើយផងទេ តែមូលនិធិ”ផ្ទះតារា”ក្រោមការដឹកនាំរបស់ លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា ទទួលបានភាពលេចធ្លោយ៉ាងខ្លាំងក្នុងនាមជាអ្នកគៀគរជំនួយពីសប្បុរសជនធំមួយ និងបានរួមចំណែកយ៉ាងសកម្មជួយដល់អ្នកខ្សត់ខ្សោយ នាពេលចុងក្រោយ។ អ្នកខ្វះខាត កុមារកំព្រា និង អ្នកត្រូវការជំនួយច្រើនឡើងបានទទួលជំនួយពីមូលនិធិមួយនេះ ដោយគ្មានការរើសអើង គ្មានការប្រកាន់បក្សពួក និង គ្មានការប្រកាន់ថាជាអ្នកស្គាល់ ឬ មិនស្គាល់នោះទេ។

មូលនិធិដែលផ្ដើមបង្កើតឡើងដោយបាតដៃទទេមួយនេះ គឺផ្ដើមពីការបរិច្ចាគស្បៀងមួយចំនួនពីអ្នកនាង លុយ សារីណា ភរិយារបស់អតីតតារាសម្ដែង លោក ស៊ុក សុភា រស់នៅប្រទេសអូស្ត្រាលី ដែលស្នើសុំអោយក្រុមការងារ”ផ្ទះតារា”ជួយពាំនាំជំនួយទៅជួយអ្នកខ្វះខាតមួយកន្លែង។ ហើយបន្តបន្ទាប់មកពីក៏មានសប្បុរសជនផ្សេងទៀតបានរួមចំណែកបរិច្ចាគ ដូចជាអ្នកស្រី Windy Love រស់នៅសហរដ្ឋអាមេរិក អ្នកនាង អ៊ឹម សុគន្ធា អគ្គនាយិកាក្រុមហ៊ុន HK7 អ្នកនាង ស្រីអូន អគ្គនាយិកាក្រុមហ៊ុនសម្រស់ធម្មជាតិ លោក សុភ័ក្ត្រ ជាអ្នកផលិតទូរបាញ់អាល់កុល លោក ម៉េងលាង ជាម្ចាស់សំណង់ផ្ទះល្វែង ហេងលាង លោក ថេង ស៊ុក អ្នកស្រី សុខ ចន្ថា រស់នៅប្រទេសបារាំង និង សប្បុរសជនមួយចំនួនទៀត ក៏បានជួយមូលនិធិ”ផ្ទះតារា”កាន់តែពង្រីកខ្លួនធំឡើង។ មកទល់ពេលនេះ ក្រុមមូលនិធិ”ផ្ទះតារា”បានផ្ដល់ស្បៀងជូនដល់គ្រួសារអ្នកខ្វះខាតក្នុងសម័យកូវីតបានចំនួនប្រមាណជា300គ្រួសារហើយ ដោយក្នុងនោះក្នុងមួយគ្រួសារៗទទួលបានយ៉ាងហោចណាស់ អង្ករ១០គីឡូ មីមួយកេស និង ត្រីខមួយយួរ។ ក្នុងនោះក្រុមសិល្បករ មូលនិធិរបស់យើងផ្ដល់ជូនបានចំនួនជិត១០០តួហើយ ដោយ៥៣តួដែលភាគច្រើនជាតារាវ័យចាស់ខ្សត់ខ្សោយ ទទួលបានអង្ករ២០គីឡូ មីមួយកេស ត្រីខមួយយួរ ទឹកស៊ីអ៊ីវមួយយួរ កាហ្វេខូស៊ីសុខភាពមួយប្រអប់ និង ថវិកាក្នុងម្នាក់១០ម៉ឺនរៀល។ មូលនិធិ”ផ្ទះតារា”ក៏បានជួយសង់ដំបូលផ្ទះ និងជញ្ជាំងផ្ទះគ្រួសារមួយ ដែលផ្ទះមានសភាពលិចខ្លាំង ជួយតារាម្នាក់ឈឺធ្ងន់បាន២០០ដុល្លារ និងបានជួយមណ្ឌលកុមារកំព្រាបានចំនួន៣កន្លែង។ មណ្ឌលកុមារកំព្រាទាំង៣នោះរួមមាន មណ្ឌលកុមារកំព្រាស្នាមញញឹមថ្មីនៃកុមារនៅស្រុកកណ្ដាលស្ទឹង ផ្ដល់ស្បៀងចំនួន២ដង ជូនស្បៀងដល់កុមារកំព្រាស្នាមញញឹមថ្មីនៃកុមារកម្ពុជាសាខាទី២នៅជិតផ្លូវ៦០ម៉ែត្រ បានចំនួនមួយលើក និង បានគៀគរជំនួយជួយមណ្ឌលកុមារកំព្រាអរុណរះនៅតាខ្មៅ នូវថវិកា២០០០ដុល្លារ រួមទាំងស្បៀងទ្រង់ទ្រាយសរុបក្បែរ៥០០០ដុល្លារ កាលពីថ្ងៃទី១៥ ឧសភា ឆ្នាំ២០២១។

សិល្បករជាច្រើនបានបង្ហាញការកោតសរសើរចំពោះសកម្មភាពមូលនិធិ”ផ្ទះតារា” ដែលជួយអ្នកខ្សត់ខ្សោយគ្មានការប្រកាន់បក្សពួក ពោលគឺអោយតែទាក់ទងមកសុំចំពេលមានជំនួយមាននៅក្នុងស្ដុកគឺមូលនិធិមួយនេះផ្ដល់ជូនទាំងអស់។ លោកផាត់ តារារដ្ឋ ជាប្រធានមូលនិធិបញ្ជាក់ថា ហេតុផលនៃការបង្កើតមូលនិធិនេះឡើង គឺលោកចង់រួមចំណែកគៀរគរជំនួយជួយដល់អ្នកខ្សត់ខ្សោយ ដោយមូលនិធិនេះកាលពីមុនបង្កើតឡើងគ្រាន់តែជាប្រយោជន៍របស់អ្នកសិល្បៈប៉ុណ្ណោះ ប៉ុន្តែក្រោយមកក៏បង្វែរជាការជួយដល់អ្នករស់នៅក្នុងតំបន់ក្រហម និងអ្នកខ្សត់ខ្សោយទូទាំងរាជធានី ទើបធ្វើអោយសកម្មភាពសប្បុរសធម៌ក្រុម ទទួលបានការគាំទ្រតែក្នុងរយៈពេលខ្លី។ លោកក៏បង្ហាញនូវការកោតសរសើរផងដែរ ចំពោះសប្បុរសជនទាំងអស់ដែលរួមចំណែកជួយស្បៀង និង ថវិកាតាមរយៈមូលនិធិ ដែលធ្វើអោយមូលនិធិ”ផ្ទះតារា”បានពង្រីកសកម្មភាពបានខ្លាំង។ យ៉ាងណាមិញលោកថា ដោយសារតែស្ថានភាពកូវីត១៩ចាប់ផ្ដើមធូរស្រាល ស្របពេលដែលក្រុមរបស់លោកក៏ជាក្រុមសារព័ត៌មានដែលមមាញឹកខ្លាំង ទើបសកម្មភាពគៀរគរជំនួយនឹងត្រូវផ្អាកមួយរយៈ ដោយរង់ចាំទាល់តែបរិយាកាសនៃការត្រូវជួយដល់អ្នកខ្សត់ខ្សោយគួរនឹងធ្វើបន្តទើបនឹងធ្វើសកម្មភាពជាថ្មី។
Dara Rath:


LEAVE A REPLY

Please enter your comment!
Please enter your name here