ដោយសារតែជីវភាពខ្វះខាតខ្លាំង ហើយដាច់ចិត្តមកសុំជំនួយពីមូលនិធិ”ផ្ទះតារា” តារាសម្ដែងលោក វ៉ាន សុខមាន ក៏ត្រូវបានលោក ផាត់ តារារដ្ឋ ជាប្រធានមូលនិធិ និង ជាស្ថាបនិកគ្រួសារតារាកម្ពុជា ផ្ដល់ជូនអង្ករ៣០គីឡូ មី២កេស និងត្រីខ២យួរ ដោយប្អូនត្រូវបានគេដឹងថាជិះម៉ូតូឆ្លងដរតាំងពីអរិយក្សត្រមកយកទាំងភ្លៀង។ ក្នុងថ្ងៃមកទទួលអំណោយនោះ ប្អូនប្រុស សុខមាន និយាយថា ខ្លួនខ្វះខាតខ្លាំងទៅសុំជំនួយខាងណាក៏មិនបានក៏សុំខាងណាក៏គេមិនអោយ ទើបលោកដាច់ចិត្តមករក”ផ្ទះតារា” ហើយគ្រាន់តែឮថាអោយលោកក៏ខ្ចីអ្នកជិតខាងបាន១ម៉ឺនរៀលចាក់សាំងមក។ លោកបន្តថា ក្រៅពីសម្ដែង លោកគឺជាកម្មករតែងផ្កា និង រៀបក្ដាតាមមង្គលការ ហើយនៅពេលពិធីទាំងនោះត្រូវបានផ្អាក គឺខ្លួនក៏រត់ម៉ូតូឌុបនៅកំពុងដរផងដែរ តែរត់មិនបាន។ អ្វីដែលកាន់តែស្រណោះ គឺប្អូនបញ្ជាក់មុនដឹកជំនួយទៅវិញថា ប្អូននឹងយកម៉ូតូទៅបញ្ចាំគេ២០ម៉ឺនរៀល ដើម្បីយកម្ដាយដែលឈឹធ្ងន់ទៅពេទ្យ ដោយសារតែស្រណោះនឹងសម្ដីនេះហើយ ទើប លោក ផាត់ តារារដ្ឋ ប្រធានមូលនិធិសម្រេចចិត្តជួយ ដោយលោកបានឆាតសុំជំនួយពីសប្បុរសជនមួយចំនួន ហើយជាលទ្ធផលក្រោយពីលោកបានបង្ហោះ ក៏មានសប្បុរសជន៣រូបបានចេញមុខជួយ។ លោកគៀងគរថវិកាបានចំនួន ២៥០ដុល្លារ ដោយអ្នកស្រី Win Dy Love នៅសហរដ្ឋអាមេរិកបរិច្ចាគ១០០ដុល្លារ អ្នកនាង ស្រីអូនសម្រស់ធម្មជាតិ ផ្ដល់១០០ដុល្លារ និង អ្នកនាង សែម ឆវី ពិធីការិនីប្រចាំក្រសួងវប្បធម៌ និង ជាភរិយាតារាសម្ដែង លោក សាវិនហ្វីលីព ជួយ៥០ដុល្លារ។

លោក ផាត់ តារារដ្ឋ បានប្រគល់ថវិកាទាំង២៥០ដុល្លារ របស់សប្បុរសជនជូនលោក វ៉ាន សុខមាន កាលពីថ្ងៃទី១៨ ឧសភា ដោយលោកក៏បានថ្លែងអំណរគុណ និង បានយកថវិកាទាំងនោះ ទៅបន្តោងស៊ីរ៉ូមជូនម្ដាយ និង ដោះស្រាយជីវភាពមួយចំនួន។ លោកបង្ហាញនូវអារម្មណ៍សប្បាយចិត្តជាខ្លាំង បន្ទាប់ពីបានទទួលជំនួយទាំងស្បៀង និង ថវិកាបន្តបន្ទាប់គ្នាពីមូលនិធិ”ផ្ទះតារា” ក្រោមការស្វះស្វែងរបស់ លោក ផាត់ តារារដ្ឋ ជាស្ថាបនិកគ្រួសារតារាកម្ពុជា។

LEAVE A REPLY

Please enter your comment!
Please enter your name here