តួអង្គសំខាន់ៗក្នុងកម្រងសាច់រឿង រឿង”ស្នេហាឆ្លងជាតិវគ្គ១” ធ្វើសប្បុរសធម៌រួមគ្នា នៅមណ្ឌលកុមារកំព្រាម

0

នៅថ្ងៃទី៧ កក្កដា ឆ្នាំ២០២១នេះ គឺជាគម្រប់ខួប៥ឆ្នាំនៃការបង្កើតក្រុមសិល្បៈគ្រួសារតារាកម្ពុជា ហើយក៏ជាថ្ងៃខួប២ឆ្នាំនៃការបង្កើតស្ថាប័នផ្ទះតារាផងដែរ។ ជាមួយនឹងការអបអរខួបព្រមគ្នារបស់ស្ថាប័នទាំងពីរនេះ ស្នាដៃមួយ គឺកម្រងបទចម្រៀងជាសាច់រឿង ក្រោមចំណងជើងថា រឿងស្នេហាឆ្លងជាតិវគ្គ១ ក៏ត្រូវបានដាក់ផ្សាយលើផេកផ្ទះតារា នៅដើមខែកក្កដា នេះផងដែរ។ អ្វីដែលកាន់តែពិសេស គឺថ្ងៃថតបញ្ចប់ឈុតឆាតសំខាន់ ផលិតករ និង តួអង្គសំខាន់ៗនៅក្នុងរឿងនេះ ក៏បានបង្ហាញក្ដីស្រលាញ់ នៅមណ្ឌលកុមារកំព្រា ស្មាមញញឹម នៃក្ដីសង្ឃឹមកុមារកម្ពុជា ដែលមានទីតាំងនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កាលពីថ្ងៃទី២០ មិថុនា ឆ្នាំ២០២១ផងដែរ។ តួអង្គសំខាន់ៗដែលបានបង្ហាញក្ដីស្រលាញ់ដោយផ្ទាល់ តាមរយៈមូលនិធិរបស់ផ្ទះតារានាថ្ងៃនោះរួមមាន លោក រុន ណាកូ និង កញ្ញា ទេព មុន្នីរក្សា ដែលជាតួឯកប្រុសតួឯកស្រីនៅក្នុងផ្ទៃរឿង។ លោក ឃីម រតនៈ ដែលតួអង្គសេដ្ឋី អ្នកនាង យិន ស្រីពៅ ដែលជាតួអង្គលោកជំទាវ លោក សុខ វិសាល ដែលតួអង្គមេស្រុក លោក ប៉ាវ វណ្ណៈ ដែលជាតួអង្គចិត្តអាក្រក់ លោក តារា វិច្ឆ័យ ដែលតួអង្គអ្នកបម្រើ លោក ឌុច ចាន់ឌី ដែលជាតួអ្នកបម្រើ លោក ភី ធិរាជ ដែលជាតួអង្គចិត្តអាក្រក់ និង កញ្ញា ប៉ែត សិបគីឡូ ដែលជាតួអង្គអ្នកជំនិតរបស់លោកជំទាវ នៅក្នុងសាច់រឿង។ តួអង្គសំខាន់ៗទាំងនេះ មិនគ្រាន់តែចំណាយពេលស្លៀកពាក់ដូចគ្នានឹងការសម្ដែង ហើយបង្ហាញក្ដីស្រលាញ់ចំពោះក្មេងៗនៅក្នុងមណ្ឌលតែប៉ុណ្ណោះទេ តែសិល្បករសិល្បការិនីមួយចំនួនក៏បានបរិច្ចាគថវិកា និង ធនធានផ្ទាល់ខ្លួន ដើម្បីនាំយកជាទឹកសុទ្ធ ជាសាប៊ូ ជាអាល់កុល ជាមី ជាបាយប្រអប់ ជាធុងបាញ់អាល់កុល ជាសំលៀកបំពាក់ ជាកាតាប ជាថ្នាំដុសធ្មេញ និង ជាសម្ភារៈមួយចំនួនទៀតទៅប្រគល់ជូនកុមារកំព្រា និង ប្រធានមណ្ឌល។

លោក ផាត់ តារារដ្ឋ ជាអ្នកនិពន្ធ និង ជាអ្នកដឹកនាំសម្ដែងស្នាដៃរឿងស្នេហាឆ្លងជាតិវគ្គ១ បានថ្លែងបញ្ជាក់ថា ដោយសារតែនៅដើមខែកក្កដា ក្នុងឆ្នាំ២០២១ខាងមុខនេះ គឺជាខួបព្រមគ្នារបស់គ្រួសារតារាកម្ពុជា និង ស្ថាប័នផ្ទះតារា ទើបលោក និង ក្រុមការងារ សម្រេចផលិតស្នាដៃនេះឡើង ដើម្បីគាស់កកាយបទល្បីចាស់ៗ និងរៀបរៀងជាសាច់រឿងកម្រត់មួយនៅក្នុងសម័យលង្វែកតែម្ដង។ លោកថាស្នាដៃនេះ នឹងត្រូវបានចាក់ផ្សាយលើផេកផ្ទះតារា និង ផេកគ្រួសារតារាកម្ពុជា ព្រមទាំង ឆាណែលយូធូប Home Star Cambodia ផង ជា២ប្រភេទ ទី១ គឺជាកម្រងសាច់រឿងអមដោយបទចម្រៀងដ៏ល្បីៗកាលពីអតីតកាល និង ទី២គឺជាភាពយន្តខ្លីតែម្ដង។ យ៉ាងណាមិញ លោកថា ស្នាដៃដែលបានផលិតឡើងនេះមិនមែនដើម្បីប្រកួតប្រជែងនោះទេ គឺគ្រាន់តែជាការបង្កើតឡើងដើម្បីអោយក្រុមការងារផ្ទះតារា ហាត់ផលិតបង្កើនសមត្ថភាពតែប៉ុណ្ណោះ។ លោកបញ្ជាក់ថា កន្លងមក លោកអ្នកធ្លាប់តែឃើញក្រុមការងារផ្ទះតារា ផលិតវីដេអូព័ត៌មានដាក់បង្ហោះលើផេក ប៉ុន្តែក្នុងពេលនេះ ក្រុមការងារព័ត៌មាន ដែលរួមមានរួមមានលោក រុន ណាកូ កញ្ញា វង់ សុមាលីន និង ក្រុមការងារផ្សេងទៀត កំពុងហាត់រៀនផលិតចម្រៀងកាយវិកា ហើយក៏កំពុងបង្កើនសមត្ថភាពផលិតភាពយន្តខ្លី ដើម្បីផ្ដល់ឱកាសអោយសិល្បករគ្រួសារតារាកម្ពុជាបានសម្ដែង។ វីដេអូសាច់រឿង រឿងស្នេហាឆ្លងជាតិវគ្គ១នេះ តាមគម្រោង នឹងត្រូវដាក់ផ្សាយជាផ្លូវការនៅថ្ងៃទី៣ ខែកក្កដា មុនខួបគ្រួសារតារាកម្ពុជា និង ផ្ទះតារា៕

LEAVE A REPLY

Please enter your comment!
Please enter your name here