អាចនិយាយបានថាជារឿងមួយដ៏អស្ចារ្យ និងលើកដំបូងនៅក្នុងប្រទេសកម្ពុជា ដែលមានការបាចគ្រាប់ពូជកូនឈើពីលើអាកាសដោយប្រើឧទ្ធម្ភាគចក្រ រឺកន្ទុំរុយ ដែលព្រឹត្តិការណ៍នេះ គឺបាបធ្វើឡើងកាលថ្ងៃទី ៩ខែ កក្កដា ២០២១ ត្រូវនឹងថ្ងៃរុក្ខទិវាថ្នាក់ជាតិនាពេលកន្លងទៅ ដោយមានវត្តមាន សិល្បៈករ សិល្បៈការិនី ល្បីដែលស្រលាញ់ព្រៃឈើជាច្រើនចូលរួម។
ព្រឹត្តិការនេះដឹកនាំដោយលោក តាន់ គីមសួរ ប្រធានបៃតងវ៉រៀស៍ (Baitong Warriors) ដែលមានលោកជំទាវ យឹម ឆៃលីន ហ៊ុន ម៉ានី គឺជាប្រធានកិត្តិយស។ កម្មវិធីនេះ ឧបត្ថមដោយ ស្រីអូន សម្រស់ធម្មជាតិ និង ស្វាមី ដោយចំណាយថវិការផ្ទាល់ខ្លួន ក្នុងការទិញគ្រាប់ពូជឈើ ការលុញដៅជាគ្រាប់ និងការជួល ឧទ្ធម្ភាគចក្រ ២គ្រឿង ដើម្បីបាច​គ្រាប់​ពូជពីអាកាស ដើម្បីចូលរួមក្នុងយុទ្ធនាការ ព្យាបាលដំបៅផែនដី។ ព្រឹត្តិការណ៍នេះ បានធ្វើឡើងនៅក្នុងតំបន់ធម្មជាតិមួយកន្លែង ស្ថិតនៅជួរភ្នំឪរ៉ាល់ ក្នុងភូមិពាមល្វា ឃុំត្រជាត់ជោត ស្រុកឱរ៉ាល់ ក្នុងខេត្តកំពង់ស្ពឺ ។
នៅក្នុងកម្មវិធីនោះផងដែរ គេសង្កេតមានវត្តមានរបស់មន្ត្រីអាជ្ញាធរពាក់ព័ន្ធ និង សិល្បករ សិល្បការិនី ជាច្រើនរូបបង្ហាញខ្លួន ។ នេះជាព្រឹត្តិការណ៍ព្យាបាលដំបៅផែនដីដែលជ្រោមជ្រែងគួរអោយសរសើរ ដោយអ្នកនាង ស្រីអូន សម្រស់ធម្មជាតិ ខណៈដែលអ្នកនាង ក៏ចំណាយជួយឧទ្ធម្ភាគចក្របាចគ្រាប់ពូជដោយផ្ទាល់ ដែលធ្វើអោយហ្វេនៗនៅលើបណ្ដាញសង្គមមានការភ្ញាក់ផ្អើល និង កោតសរសើរចំពោះភាពក្លាហាន។ ទិដ្ឋភាពបែបនេះ កន្លងមកធ្លាប់តែឃើញនៅក្រៅប្រទេសប៉ុណ្ណោះ តែពេលនេះ អ្នកនាង ស្រីអូន និង ស្វាមី បានធ្វើអោយលេចរូបរាង នៅក្នុងព្រៃនៅកម្ពុជា។ សិល្បៈករ សិល្បៈការិនី ដែលបានចូលរួមក្នុងព្រឹត្តិការណ៍​ព្យាបាលដំបៅផែនដី នៅក្នុងថ្ងៃនោះ សុទ្ធតែបានបង្ហាញឆន្ទៈស្រលាញ់ និង មានអារម្មណ៍រំភើប បើទោះជាការលះបង់ មិនមែនជារឿងងាយស្រួលទម្រាំទៅដល់។ កញ្ញា មាស សុខសោភា បានថ្លែងបញ្ជាក់ថា កញ្ញាពិតជាសប្បាយចិត្ត និងរំភើបជាខ្លាំង ដោយសារតែកញ្ញា មិនធ្លាប់បានឃើញពីព្រឹត្តិការណ៍បែបនេះពីមុនមកសោះ ប៉ុន្តែពេលនេះ គឺបានចូលរួមដោយផ្ទាល់។ កញ្ញា សង្ឃឹមថា នឹងមានព្រឹត្តិការណ៍បែបនេះ កើតឡើងបន្តបន្ទាប់ក្នុងពេលអនាគត។

លោក ឆន សុវណ្ណារាជ បញ្ជាក់ផងដែរថា លោកពិតជាសប្បាយចិត្តខ្លាំងមែនទែន ហើយក៏មានមោទនភាពខ្លាំងណាស់ដែរ ក្នុងពេលលោកបានចូលរួមព្យាបាលដំបៅផែនដី ជួយដល់បរិស្ថាន។ លោកថា យុទ្ធនាការនោះ បានជួយព្យាបាលដំបៅផែនដី រហូតទៅ៤០ម៉ឺនដើម ដែលនេះគឺជាគុណតម្លៃមួយដ៏ប្រសើរ របស់ អ្នកនាង ស្រីអូន សម្រស់ធម្មជាតិ។ មិនខុសគ្នាដែរ តារាកំប្លែង នាយគ្រឿន នាយ ពែកមី កញ្ញា នីឡា និង តារាផ្សេងទៀត ដូចជា លោក ប៉ែន ចំរ៉ុង លោក ហេង វិសាល លោក ហេង វាសនា និង អ្នកចូលរួមផ្សេងទៀត ក៏បង្ហាញអារម្មណ៍រំភើបផងដែរ បន្ទាប់ពីបានក្លាយជាផ្នែកមួយនៃការចូលរួមនៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ។ ម្នាក់ៗ ត្រូវគេឃើញកោតសរសើរ អ្នកនាង ស្រីអូន សម្រស់ធម្មជាតិ និង ស្វាមីយ៉ាងខ្លាំង ដែលចំណាយទាំងធនធាន និង លះបង់ទាំងពេលវេលាដើម្បីចូលរួមមិនខ្លាចនឿយហត់ ដើម្បីអោយព្រឹត្តិការណ៍មួយនេះ បានកើតឡើង និង បញ្ចប់ដោយរលូន៕

LEAVE A REPLY

Please enter your comment!
Please enter your name here