ប្រាសាទអង្គរវត្តជាសម្បត្តិវប្បធម៌ខ្មែរដ៍មានតម្លៃលើសពីមហាសាល និងអមតៈយូរអង្វែងដែលមានការទទួលស្គាល អស់ពលរដ្ឋញាតិផងពេញស្រុកពេញពិភពលោក។ ប្រជាជននៅលើពិភពលោករមែងកោតសរសើរ ពីភាពអត់ធ្មត់របស់បុព្វបុរសខ្មែរដើម ដែលអត់ធ្មត់ហើយឆ្លាតពូកែ អាចសាងប្រាសាទរឹងមាំគង់វង្សយូរបាន។ ម្ល៉ោះហើយទើបមិនថា អ្នកទេសចរណ៍ធម្មតាទេ សូម្បីតែតារាហូលីវូដ អ្នកនយោបាយល្បីៗនៅលើពិភពលោកសុទ្ឋគួចចិត្តចង់ឃើញ អង្គរវត្តខ្មែរណាស់ពេលមកដល់កម្ពុជា។

កាលពីប៉ុន្មានថ្ងៃមុននេះ មានការផ្ទុះឡើងជាខ្លាំងដែលមានវត្តមួយនៅក្នុងប្រទេសថៃ បានសាងសង់ប្រាសាទមួយ ដែលហាក់ទោរទន់រចនាបថបែបប្រាសាទអង្គរ បើទោះជាមានការច្រានចោលពីអាជ្ញាធរថៃ និងព្រះចៅអធិការវត្តនោះបែបណា។ ភ្លាមៗមានការរិះគន់ពីពលរដ្ឋកម្ពុជានិងតារាកម្ពុជា សិស្សនិស្សិតមន្ត្រីសុទ្ឋតែសម្តែងនូវការមិនសប្បាយចិត្តដែល ខាងថៃធ្វើបែបនេះដែលហៅថា កូពីទាំងដុលទោះដឹងថាសាងចេញទៅមានប្រតិកម្មបែបណា។បើយើងក្រឡេកមកមើលប្រវត្តិទស្សនាអង្គរវត្ត ឃើញថាមានតារាលំដាប់ៗនៅបរទេសច្រើនគ្នា និងជននយោបាយច្រើនគ្នាមកដល់អង្គរខ្មែរថតញញឹមញញែម។ នេះហាក់ដូចជាការបង្ហាញនូវភស្តុតាងមួយថាពួកគាត់ដឹងច្បាស់ថា ប្រាសាទអង្គរគ្មាន២ទេគឺមានតែនៅកម្ពុជា១គត់ អ្នកណាកាឡៃមិនបាន។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីអំពីការសាងសង់ប្រាសាទថ្ម នៅខេត្តបុរីរម្យនៃប្រទេសថៃ បន្ទាប់ពីធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ក្រសួងបានប្រមូលព័ត៌មានបឋមមួយចំនួនរួមមាន ៖
១-សំណង់ប្រាសាទនេះជាសំណងមួយក្នុងចំណោមសំណង់ប្រាសាទថ្មដទៃៗទៀតមានភាពចម្រុះគ្នា ជាទីប្រតិស្ថាននៃព្រះពុទ្ធរូបសម្រាប់បូជា ស្ថិតក្នុងវត្តពុទ្ធបាទសិលាភូម៉ានហ្វា នៃភូមិណងបូឡាយ ឃុំបានស៊ិង ស្រុកណាងរ៉ង ខេត្តបុរីរម្យ នៃព្រះរាជាណាចក្រថៃ ។ សំណង់នេះធ្វើពីថ្មភក់នៅផ្នែកក្រៅ និងចាក់បេតុងបង្កប់ដែកពីខាងក្នុង ។
២-តាមរយៈការបំភ្លឺ និងបង្ហាញឯកសារ ប្លង់ សំណង់នានា ព្រះចៅអធិការវត្តបានបញ្ជាក់ថា ការសាងសង់ប្រសាទនេះមិនបានលួចចម្លងប្លង់ ឬសាងសង់តាមរចនាបថស្ថាបត្យកម្មដូចគ្នាទៅនឹងប្រាសាទអង្គរវត្ត ឬបាសាទបុរាណណាមួយនៅក្នុងប្រទេសកម្ពុជាឡើយ ពោលគឺសាងសង់តាមគំនូសប្លង់ដោយខ្លួនឯង និងរចនាទៅតាមស្ថាបត្យកម្មប្រាសាទមួយចំនួនដែលមានក្នុងតំបន់នោះ ។
៣-តំណាងអ្នកសម្របសម្រួលនៃគម្រោងស្ថាបនាប្រាសាទក៏ស្វាគមន៍ក្នុងការទទួលស្នើរឲ្យមន្ត្រីជំនាញផ្នែកស្ថាបត្យកម្មកម្ពុជាចុះពិនិត្យដោយផ្ទាល់។

LEAVE A REPLY

Please enter your comment!
Please enter your name here