ពិតជាមិនសរសើរមិនបានមែន ដូនចាស់ម្នាក់ដែលមានព្រះជន្ម៨០វស្សា បានស្ម័គ្រចិត្តចាក់អាវដោយដៃលោកយាយផ្ទាល់អស់រយៈពេលប្រមាណជាង៥ខែឯណោះទម្រាំបានចាក់ហើយ ដើម្បីឲ្យទុកជាអនុស្សារីយ៍សម្រាប់ កញ្ញា មាសសុខសោភា យកទៅថតក្នុងMV បទចម្រៀងរបស់ផលិតកម្មរាម សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌនេះ។
គួរបញ្ជាក់ផងដែរថា អ្វីដែលកាន់តែជម្រុញទឹកចិត្តលោកយាយឲ្យខិតខំចាក់អាវមួយនេះទាំងភ្នែកមើលមិនសូវច្បាស់នោះ គឺ ដោយសារតែលោកយាយមានការស្រឡាញ់ចូលចិត្តយ៉ាងខ្លាំងចំពោះកញ្ញា មាសសុខសោភា ហើយម្យ៉ាងទៀតលោកយាយផ្ទាល់ក៏មានបំណងចង់ផ្សព្វផ្សាយ និង រក្សាតម្លៃអាវចាក់របស់ខ្មែរដែលប្រជាជនកម្ពុជានិយមប្រើ ក្នុងទសវត្ស ៨០ និង ៩០ តាមរយៈការថតMVបទចម្រៀងរបស់ផលិតកម្មរាមផងដែរ។
បើក្រឡេកទៅមើលចំណាប់អារម្មណ៍របស់កញ្ញាមាស សុខសោភាវិញ គឺកញ្ញាមានចិត្តរំភើប និង សប្បាយចិត្តជាខ្លាំង ដែលទទួលបានអំណោយដ៏វិសេសវិសាលនេះពីលោកយាយ។ ហើយអ្វីដែលកាន់តែពិសេសនោះ កញ្ញាក៏បានបង្ហើបប្រាប់មហាជន ក៏ដូចជាហ្វេនៗនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់កញ្ញាដែរថា កញ្ញាបានពាក់អាវចាក់ដ៏ស្រស់ស្អាតរបស់លោកយាយថតMVបទចម្រៀងបែបចង្វាក់ប្រពៃណីខ្មែរសម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌនេះរួចរាល់អស់ហើយ ដូច្នេះសូមហ្វេនៗទាំងអស់គ្នារង់ចាំមើលថា តើMVបទចម្រៀងដែលកញ្ញាត្រៀមនឹងចេញនៅក្នុងផលិតកម្មរាមមានលក្ខណៈពិសេស និង ប្លែកពីគេយ៉ាងណាខ្លះ។
ក្នុងនោះផងដែរ យើងសង្កេតឃើញថា មានមហាជនជាច្រើនធ្វើការបញ្ចេញមតិស្ញប់ស្ញែងគ្រប់ៗគ្នាចំពោះទឹកចិត្តលោកយាយ ដែលចំណាយពេលវេលាយ៉ាងយូរដើម្បីធ្វើអាវចាក់មួយនេះ ដើម្បីឲ្យក្មេងៗជំនាន់ក្រោយបានឃើញ និង ស្គាល់។ រីឯមតិមួយចំនួនវិញទៀត គឺមានការកោតសរសើរយ៉ាងខ្លាំងចំពោះកញ្ញា មាសសុខសោភា និង ផលិតកម្មរាម ដែលព្យាយាមលើកកម្ពស់នូវស្នាដៃដ៏ពិសេសរបស់លោកយាយ ខណៈដែលមនុស្សភាគច្រើនតែងមើលរំលង។

LEAVE A REPLY

Please enter your comment!
Please enter your name here