ការលក់បទ”Are You OK?” នៅតែបង្កការចាប់អារម្មណ៍

0

ការលក់សិទ្ធបទ “Are You Ok?” កាលរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ ផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅតែបង្កភាពភ្ញាក់ផ្អើល ដោយសារតែបានក្រុមហ៊ុនចិន GESTOS ជាផ្លូវការហើយ។
ការចុះអនុស្សរណៈលក់សិទ្ធិបទចម្រៀង ដែលកំពុងតែល្បីល្បាញ និងធ្វើឱ្យផ្អើលអស់អ្នកលេងបណ្ដាញសង្គមនៅកម្ពុជា និងបរទេសនេះ ធ្វើឡើងបន្ទាប់ពី ខាងផលិតកម្ម បានកែសម្រួលខ្លឹមសារ និងរូបភាពឡើងវិញ ដើម្បីឱ្យស្របទៅតាមលក្ខខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងទទួលបាននូវទិដ្ឋាការផ្សព្វផ្សាយជាសាធារណៈទាំងក្នុង និងក្រៅប្រទេស។


សន្និសីទសារព័ត៌មានដ៏ឱឡារឹកនេះ មានការចូលរួមពីតំណាងផលិតកម្ម និងអ្នកចាត់ការទូទៅក្រុមហ៊ុន GESTOS និងតំណាងមកពីប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងភ្ញៀវកិត្តយសជាតិ អន្តរជាតិ និងបណ្ដាញអ្នកសារព័ត៌មានជាច្រើនស្ថាប័នចូលរួមផងដែរ។
លោក យឹម តាស្រង់ អ្នកគ្រប់គ្រងទូទៅផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា បានថ្លែងថា៖ “ក្រោយពីខាងផលិតកម្មលក់សិទ្ធិបទចម្រៀង Are you ok?នេះទៅខាងក្រុមហ៊ុន GESTOS បទចម្រៀង ស្នាដៃកូនខ្មែរមួយបទនេះ នឹងត្រូវក្លាយជាកម្មសិទ្ធិបញ្ញារវាងផលិតកម្មហ្គាឡាក់ស៊ីណាវ៉ាត្រា និងក្រុមហ៊ុន GESTOS ដោយមិនមានជនណាអាចថតចម្លង ឬបង្ហោះដោយគ្មានការអនុញ្ញាតនៅប្រទេសចិនឡើយ
” ។


អ្នកគ្រប់គ្រងទូទៅផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា ដដែលរូបនេះ ពន្យល់បន្ថែមទៀតថា៖ ចាប់ពីពេលចុះអនុស្សរណៈលក់សិទ្ធិបទចម្រៀង “Are you ok?” នេះទៅ ក្រុមហ៊ុន GESTOS ដែលជាក្រុមហ៊ុនផលិតចម្រៀងដ៏ធំនៅប្រទេសចិន មានសិទ្ធិយកទៅកែសម្រួលជាភាសាចិន ហើយគ្រោងនឹងផ្សព្វផ្សាយនៅគ្រប់បណ្តាញសង្គមល្បីៗនៅក្នុងប្រទេសចិន។
ដោយឡែក អ្នកស្រី Britney អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន GESTOS បានបញ្ជាក់ថា៖ តាមរយៈការសហការគ្នាលើកនេះ ភាគីទាំងពីរសង្ឃឹមយ៉ាងមុតមាំថា ពួកយើងនឹងសម្រេចបាននូវការផ្លាស់ប្ដូរកម្មសិទ្ធិបញ្ញា រវាងគ្នា និងគ្នា ហើយអ្នកចម្រៀង អ្នកនិពន្ធទំនុកច្រៀង អ្នកនិពន្ធបទភ្លេងរបស់ផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា ក៏នឹងទទួលបានចំណូលជាភាគរយពីអ្នកចូលទស្សនានៅក្នុងកម្មវិធីបណ្តាញសង្គមនានានៅប្រទេសចិនថែមទៀតផង។


អ្វីដែលរឹតតែមោទៈនភាពសម្រាប់ផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជានោះ គឺអ្នកស្រី Britney បានបង្ហើបថា នៅពេលស្ថានភាពជំងឺកូវីដកាន់តែធូរស្បើយនាពេលខាងមុខ ក្រុមហ៊ុននឹងអញ្ជើញតារាចម្រៀង ក៏ដូចជាខាងផលិតកម្ម ទៅចូលរួមកម្មវិធីប្រគំតន្ត្រីធំៗនៅឯប្រទេសចិនមិនខាន។
លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងក្នុងសន្និសីទសារព័ត៌មានដ៏មានខ្លឹមសារនេះថា៖ អនុស្សរណៈលក់សិទ្ធិបទចម្រៀង Are you ok? របស់ផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទៅឱ្យខាងក្រុមហ៊ុនផលិតចម្រៀងនៅប្រទេសចិនថ្ងៃនេះ គឺជាពន្លឺនៃក្ដីសង្ឃឹមដ៏ថ្មីសន្លាងសម្រាប់សិល្បៈករ អ្នកនិពន្ធទំនុកចម្រៀង អ្នកនិពន្ធបទភ្លេង អ្នកចម្រៀង និងផលិតកម្មទាំងឡាយ ឬអាចនិយាយបានថា ជាលើកដំបូងសម្រាប់វិស័យចម្រៀងក្នុងប្រទេសកម្ពុជា ដែលទទួលបានការចាប់អារម្មណ៍ពីដៃគូសហការពីបរទេសដូច្នេះ។
លោកសង្កត់ធ្ងន់ទៀតថា អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ គឺការចូលរួមគោរពទៅតាមច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ឬកម្មសិទ្ធិបញ្ញា នៅក្នុងប្រទេសកម្ពុជាយើងថែមទៀតផង។

LEAVE A REPLY

Please enter your comment!
Please enter your name here