តស៊ូក្នុងសិល្បៈអស់ច្រើនឆ្នាំ លី ណូរ៉ា សម្រេចក្ដីស្រម៉ៃកាលពីក្មេង

0

នៅទីបំផុតតារាសម្ដែង លោក លី ណូរ៉ា ដែលមានឈ្មោះកំណើតថា លី ឈ័ង និងជាតារាដែលបានផ្សងព្រេងមកពីខេត្តកំពង់ចាមមកប្រឡូកសិល្បៈតាមការស្រម៉ៃ ពេលនេះបានឈានដល់គោលដៅ ដោយខ្លួនចង់បានហើយ បន្ទាប់ពីលោកបានសម្រេចក្ដីស្រម៉ៃ ដែលត្រូវបានក្រុមហ៊ុនមួយតែងតាំងជា Brand Ambassador។ លោកក៏ត្រូវគេកត់សម្គាល់កាន់តែឡើងកូដនៅក្នុងវិស័យសម្ដែង ទន្ទឹមនឹងឱកាសការងារក្នុងការរកចំណូលក៏មានការឈានឡើង។

លោក លី ណូរ៉ា ធ្លាប់បានបញ្ជាក់ថា ក្ដីស្រម៉ៃដែលលោកតស៊ូផ្សងព្រេងមកពីខេត្ត ដើម្បីចូលប្រឡូកក្នុងសិល្បៈ គឺលោកចង់បានកេរ្តិ៍ឈ្មោះ និង ចង់បានបំផុត គឺឱកាសត្រូវបានក្រុមហ៊ុនណាមួយតែងជាអ្នកតំណាងផ្ដាច់មុខ ដោយសារតែតំណែងជា B.A នៅក្នុងសិល្បៈគឺក្រៅពីទទួលបានកិត្តិយស ក៏ជួយអោយលោកមានប្រាក់កម្រៃ និង មានក្រេឌីតឈានឡើង។ តំណែងនេះ ក៏ឆ្លុះបញ្ចាំងអោយឃើញថាការតស៊ូជាច្រើនឆ្នាំរបស់លោកមានការទទួលស្គាល់នៅក្នុងសិល្បៈផងដែរ។ លោកថាបណ្ដាក្រុមហ៊ុននីមួយៗ គេមិនចេះតែទទួលយកតារាណាម្នាក់អោយក្លាយជាអ្នកតំណាងផ្ដាច់មុខនោះទេ បើទោះជាតារារូបនោះ មានទំនាក់ទំនងល្អពាក់ព័ន្ធនឹងវិស័យជំនួញរបស់គេក្នុងកម្រិតខ្ពស់។ លោកយល់ថាខ្លួនទទួលបានជោគជ័យមួយផ្នែក ហើយបើទោះជាមិនទាន់ល្បីឈ្មោះខ្ទរខ្ទារដូចគ្នានឹងតារារៀមច្បង តែលោកយល់ថាខ្លួនដល់គោលដៅមួយផ្នែកហើយ ហើយក៏មានអារម្មណ៍អស់ចិត្តផងដែរ ដែលលោកតស៊ូនៅក្នុងសិល្បៈហើយបានផលក្នុងពេលនេះ។ លោកថាខ្លួនចូលប្រឡូកសិល្បៈគឺចូលដោយគ្មានខ្សែទុយោទាំងអស់ គឺចូលដោយក្ដីស្រលាញ់ ដោយការតស៊ូចូលថត ចូលសម្ដែង តាមរយៈការស្នើសុំតារាដូចគ្នាអោយជួយណែនាំផលិតករ ហើយការប្រឡូកនាពេលដំបូងនោះ គឺផលិតករមិនចង់មើលមុខនោះផង គឺលុះត្រាតែគេខ្វះអ្នកសម្ដែង ទើបគេអោយសម្ដែងមួយប្លង់ពីរប្លង់ទាំងទើសទាល់។ យ៉ាងណាមិញដោយសារលោកតស៊ូគោរពម៉ោងពេល មិនថាការងារបានលុយ ឬ អត់លុយ ហើយប្រឹងសម្ដែងដោយការយកចិត្តទុកដាក់ ទើបលោកត្រូវបានផលិតករមើលឃើញពីសមត្ថភាពបន្តិចម្ដងៗ ដោយផ្ដល់ឱកាសអោយសម្ដែងតាំងពីតួរាយរងបន្តិចម្ដងៗ រហូតក្លាយជាតួឆ្អឹងរឿង។ អ្វីដែលជាផ្លែផ្កាដែលលោករំភើបចិត្តទៅទៀត គឺលោកត្រូវបានក្រុមហ៊ុនគម្រោង Resort លម្ហែកាយធំមួយ ជ្រើសជា B.A មុននេះ ជាមួយតារាសម្ដែងជើងចាស់ លោក សាវិន ហ្វីលីព ដែលធ្វើអោយលោកស្មើមុខស្មើមាត់នឹងតារាល្បីៗនាពេលចុងក្រោយ។ លោកក៏រំពឹងថានឹងមានឱកាសកាន់ B.A អោយក្រុមហ៊ុនដទៃទៀត នាពេលខាងមុខផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here