អ្នកអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ សោម៉ា ដាក់ចំៗ បើទោះជាស្ងប់អស់ហើយ

0

ក្នុងវីដេអូឃ្លីបមួយថ្មី ដែលបានផ្ញើមកកាន់ផ្ទះតារា អ្នកអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ សោម៉ា ដែលបច្ចុប្បន្នកំពុងរស់នៅជាមួយស្វាមី នៅក្នុងប្រទេសអាឡឺម៉ង់ បានបង្ហាញអារម្មណ៍ខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីវីដេអូពីជនជាតិខ្មែរដែលល្បីតាមបណ្ដាញសង្គមជាច្រើន ត្រូវបានចែកចាយនៅសង្គមអឺរ៉ុប។ ថ្វីត្បិតតែនៅកម្ពុជារឿងរ៉ាវទាំងនោះ បានស្ងប់ទៅហើយ តែអ្នកអង្គម្ចាស់ក្សត្រីថា នៅក្នុងក្រសែភ្នែកបរទេស នៅតែបន្តរិះគន់ទង្វើទាំងនោះ។

អ្នកអង្គម្ចាស់ក្សត្រីបានបង្ហាញប្រតិកម្មថា ជនជាតិខ្មែរមិនគួរធ្វើរឿងអវិជ្ជមានព្រោះតែចង់ល្បីល្បាញ ឬ ចង់លក់ដូរតាមបណ្ដាញសង្គមដាច់នោះទេ ដោយសារតែទង្វើ និង សកម្មភាពទាំងនោះ បានជះឥទ្ធិពលដល់ក្រៅប្រទេសដែលគេធ្លាប់តែដឹងថាជនជាតិខ្មែរថ្លៃថ្នូរ។ អ្នកអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ សោម៉ា បានបង្ហាញពីជំហរមិនសព្វព្រះទ័យថា តើជារឿងគួរឬទេ ដែលគ្រាន់តែចង់អោយគេចាប់អារម្មណ៍សុខចិត្តធ្វើវីដេអូអោយគេជេរពេញផ្ទៃប្រទេស ដូចជាសម្ដែងធ្វើស៊ីសត្វទាំងរស់ ជារឿងថ្លៃថ្នូរឬទេ ដែលស្ត្រីខ្មែរ បែរអោបថើបគ្នាពេល Live និង បង្ហាញអ្នកនេះជាសង្សារ អ្នកនោះជាសង្សារ ដោយលែងអៀនខ្មាស់ ដោយយកបណ្ដាញTik Tok និង ហ្វេសប៊ុកជាទីលានបើកបង្ហាញ។ អ្នកអង្គម្ចាស់ក្សត្រីបន្តថា អ្នកខ្លះធ្វើជាឈ្លោះប្ដីប្រពន្ធខ្លួនឯង អ្នកខ្លះជេរគ្នា អ្នកខ្លះសម្ដែងធ្វើព្រះសង្ឃ ហើយរាំរែកធ្វើអោយខូចតម្លៃសាសនា អ្នកខ្លះធ្វើរឿងផ្សេងៗ ដើម្បីអោយគេចាប់អារម្មណ៍ ដោយហ៊ានស្លៀកពាក់ស៊ិចស៊ី និង ធ្វើរឿងរាប់មិនអស់ផ្សេងទៀត ព្រោះតែចង់ល្បី។ វីដេអូទាំងនោះ អ្នកអង្គម្ចាស់ក្សត្រីមិនដែលបានតាមដាននោះទេ ប៉ុន្តែមានជនបរទេសដែលស្គាល់រាប់អាន យកវីដេអូទាំងនោះ មកសួរថា តើអ្នកនៅក្នុងវីដេអូជាខ្មែរ ឬ ជាសាសន៍ណាទើបធ្វើអោយអ្នកអង្គម្ចាស់ភ្ញាក់ ហើយខ្មាស់គេជំនួសក្នុងនាមជាខ្មែរដូចគ្នា។ អ្នកអង្គម្ចាស់ក្សត្រីមានបន្ទូលថា ពួកគេមិនមែនមិនដឹងថា ទាំងនោះជារឿងមិនល្អទេ តែគឺពួកគេសុខចិត្តអោយគេជេរ ដើម្បីបានល្បី ហើយទង្វើនេះ វាកំពុងតែតាមៗគ្នា ជះឥទ្ធិពលដល់យុវវ័យ រហូតមានអ្នកខ្លះយល់ថា បើធ្វើអ្វីមួយមិនអោយគេគេ គឺមិនងាយមានអ្នកស្គាល់។ ក្រសួងវប្បធម៌ និង ក្រសួងកិច្ចការនារី គួរតែដើរតួសំខាន់ក្នុងការប្រតិកម្ម ដើម្បីបង្ហាញពីប្រសិទ្ធភាព ក៏ដូចជាដើម្បីអោយអ្នកអនឡាញដែលមានគំនិតមិនល្អ ចេះប្រើវិធីដែលថ្លៃថ្នូរ កុំអោយវីដេអូនាំអោយរងការរិះគន់។ អ្នកអង្គម្ចាស់ក្សត្រីយ៍បន្តទៀតថា គឺជារឿងមិនយល់ដែលបុគ្គលទាំងនោះធ្វើរឿងអោយគេជេរពេញប្រទេស ហើយត្រលប់សុំទោស រួចក៏គ្មានក្រសួងស្ថាប័នណាទប់ស្កាត់កុំអោយមានគំរូដល់អ្នកក្រោយ។ រឿងរ៉ាវបង្អាប់តម្លៃជាតិនេះ គួរតែផាកវិន័យ ឬ ព្រមានណាមួយ ដោយមិនគួរបណ្ដោយអោយអ្នកលក់អនឡាញដែលចាប់អារម្មណ៍ធ្វើរឿងមិនថ្លៃថ្នួរមួយចំនួនផ្សេងទៀត យកគំរូតាមឡើយ។ អ្នកអង្គម្ចាស់ក្សត្រីមានបន្ទូលបន្តថា គ្មានអ្នកណាគេបិទសិទ្ធិលោកអ្នកទេ តែគួរកុំបង្ហាញជាសាធារណៈ ព្រោះវាអាក្រក់មើលខ្លាំង ហើយមិនមែនប៉ះពាល់តែម្នាក់ឯងទេ គឺអាម៉ាស់ដល់ខ្មែរផ្សេងទៀត ជាពិសេសនៅពេលវីដេអូទាំងនោះនៅតែអណ្ដែតក្នុងបណ្ដាញសង្គម ហើយមានបរទេសមើលឃើញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here