ទឹកដមសំលេង ដ៏ល្អរបស់លោក សៅ រ៉ានីត បានជួយអោយកូនខ្មែររូបនេះ បង្កើនប្រជាប្រិយភាពពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសបន្ទាប់ពីលោក បញ្ចេញបទចម្រៀងជាច្រើនបទ នៅលើយូធូប ដែលបទចម្រៀងភាគច្រើន គឺសុទ្ធតែជាការនិពន្ធដោយខ្លួនផ្ទាល់។ លោក ក៏ធ្លាប់បានកញ្ជ្រោលអ្នកសិល្បៈខ្មែរ តាមរយៈឱកាសឡើងចុះៗជាញឹកញាប់ ហើយឡើងឆាកតន្ត្រី ជាមួយតារាល្បីនៅក្នុងស្រុកនាពេលកន្លងផងដែរ។ លោកកាន់តែមានអ្នកសិល្បៈខ្មែរ និង អ្នកគាំទ្រស្គាល់ច្រើន បន្ទាប់ពីបានបង្ហាញខ្លួនចូលប្រលងចម្រៀងក្នុងកម្មវិធីប្រលងចម្រៀងថ្នាក់ជាតិ តំណាងអោយបេក្ខជនមកពីអាមេរិក និង តាមរយៈឱកាសបានក្លាយជាតារាចម្រៀងក្នុងក្រុមមួយនៅលើទឹកដីអាមេរិក ដែលតែងតែឡើងឆាកប៉ះគ្នាជាមួយតារាចម្រៀងខ្មែរ ដែលធានាទៅពីស្រុកខ្មែរ។ ស្របពេលដែលលោកក៏មានសមត្ថភាពចេះឧបករណ៍តន្ត្រី និង ផលិតភ្លេង ក្រៅពីច្រៀងបានយ៉ាងពីរោះផង ទើបកាន់តែរុញអោយលោកក្លាយជាតារាចម្រៀងលេចធ្លោ នៅលើទឹកដីអាមេរិក។
លោក សៅ រ៉ានីត និយាយថា លោកបានត្រៀមរួចហើយនូវបទចម្រៀងមួយបទ ក្នុងការបកស្រាយជាមួយតារាចម្រៀង អ្នកនាង ស៊ុន ស្រីពេជ្រ តែលោកសុំលាក់ថាបទចម្រៀងនោះគឺជាបទនិពន្ធថ្មី ដូចដែលលោកធ្លាប់និពន្ធ ឬ ជាបទដែលលើកយកមកវិញនូវទម្រង់មរតកដើម។ ក្នុងនោះលោកក៏សុំលាក់ផងដែរថា តើលោកត្រូវចុះមកថតជាមួយអ្នកនាង ដល់កម្ពុជា, អោយអ្នកនាង ស៊ុន ស្រីពេជ្រ ឡើងទៅថតនៅអាមេរិក ឬ ប្រើបច្ចេកទេសថតសំលេងតាមប្រព័ន្ធបច្ចេកវិទ្យា តែអ្នកគាំទ្រមិនយូរនោះទេ នឹងបានស្ដាប់ចម្រៀងលើកដំបូងរបស់លោក និង អ្នកនាង ស៊ុន ស្រីពេជ្រ ក្រោយពេលលោកប្រកាសទទួលច្រៀងឡើងវិញ។

LEAVE A REPLY

Please enter your comment!
Please enter your name here