ពិតជាអស្ចារ្យណាស់ បទចម្រៀងថ្មីដែលផលិតកម្មរាមចំណាយថវិកាក្នុងការផលិតអស់ជាច្រើននោះ ទីបំផុតបានចេញជារូបរាងហើយ។

យ៉ាងណាមិញ ខាងផលិតកម្មរាមបានធ្វើរឿងដ៏អស្ចារ្យមួយ ដោយបានពាំនាំបទចម្រៀងនេះទៅសម្តែងផ្ទាល់ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង គណៈប្រតិភូ នៅក្នុងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ នេះដែលជាថ្ងៃដាក់សម្ពោធជាផ្លូវការរបស់ពហុកីឡដ្ឋានមរតកតេជោ។

ចំណុចពិសេសខ្លាំងនៃបទចម្រៀង “ អ្នកចម្បាំង ” ច្រៀងដោយតារាចម្រៀង ថម និង បាលី របស់ផលិតកម្មរាមនេះ គឺផ្តោតសំខាន់ទៅលើក្បាច់គុណល្បុក្កតោ ដែលជាកំពូលក្បាច់គុនរបស់ខ្មែរយើង។ ដោយឡែកសម្រាប់ចម្រៀងមួយនេះ ខាងផលិតកម្មបានសម្រេចចិត្តសម្តែងជូននាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទស្សនាមុនគេ ទើបសម្រេចចេញជាផ្លូវការនៅថ្ងៃខាងមុខនេះ។

ចំពោះការសម្តែងនូវបទចម្រៀងមួយ​នេះទៀតសោត គឺយើងបានឃើញថា ខាងតារាចម្រៀង ក៏ដូចជាបងៗដែលជាអ្នកហាត់គុនល្បុក្កតោបានធ្វើការហាត់សមដោយមិនខ្លាចភាពនឿយហត់ឡើយ បើទោះបីជាត្រូវហាត់ដោយកាន់អាវុធធ្ងន់ៗដូចជាខែល ឬ លំពែងនៅក្រោមថ្ងៃក្តៅយ៉ាងណាក៏ដោយ។

គួរបញ្ជាក់ផងដែរថា គោលបំណងចម្បងរបស់ផលិតកម្មរាមក្នុងការផលិតបទនេះឡើងគឺដើម្បីធ្វើឱ្យបទចម្រៀងនេះក្លាយជាការផ្សព្វផ្សាយក្បាច់គុនរបស់ខ្មែរយើង និងមានចក្ខុវិស័យក្នុងការនាំយកក្បាច់គុនល្បុក្កតោទៅឱ្យពិភពលោកបានស្គាល់ថា គុនល្បុក្កតោជារបស់ខ្មែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here