ក្រោយបែកបាក់ស្នេហ៍ ឆឹម សក្កដា ក្តាប់ជំនួញពេជ្រយ៉ាងណែនដៃ

0

ខុសពីតារាសិល្បៈមួយចំនួន ដែលស្រលាញ់គ្នាស្ទើរលេបហើយក្រោយបែកគ្នា ក៏ស្ទើរតែមិនហ៊ានប្រឈមមុខគេឯង តែសម្រាប់តារាសម្ដែងលោក ឆឹម សក្កដា គឺបង្ហាញពីសកម្មភាពយ៉ាងរំភើយតែម្ដង បន្ទាប់ពីមានដំណឹងយ៉ាងសុះសាយថា រវាងលោក និង តារាចម្រៀង អ្នកនាង ពេជ្រ សោភា គឺបែកគ្នាមែន ហើយបែកដោយលែងត្រលប់។ លោកត្រូវគេឃើញនៅតែសកម្មក្នុងការងារផ្សេងៗ ដោយនៅលើផេកផ្ទាល់ខ្លួន និង ផេកហាងពេជ្រ CT គឺលោក Live ផង បង្ហោះវីដេអូដែលថតទុកផង បង្ហាញពីស្នាមញញឹម និង ភារីករាយ ប្រៀបដូចជាគ្មានរឿងបែកបាក់ប៉ះពាល់ដល់អារម្មណ៍។

លោកត្រូវគេឃើញដឹកនាំតារាក្មេងៗ ស្អាតៗ ថតបង្អួតគ្រឿងពេជ្រ និង បង្ហាញពីភាពស្និទ្ធស្នាល ដែលហាក់ដូចជាបានរួចផុតពីសម្ពាធនោះផង ខណៈដែលមានការទម្លាយអោយដឹងថា ហេតុផលដែលលោក ឆឹម សក្កដា សប្បាយចិត្តរីកថ្លើម ហើយសកម្មនឹងហាងពេជ្រ CT ដល់ម្លឹង គឺដោយសារតែមានថៅកែហាងពេជ្រដែលមានទីតាំងស្ថិតនៅ អាគារ The Point ទល់មុខស្ថានភាពទូតចិនមួយនេះ ជាខ្នងបង្អែក និង ជួយលើកទឹកចិត្តខ្លាំង ទើបធ្វើអោយលោកគ្មានអារម្មណ៍សោកស្ដាយ ក្រោយពេជ្រ សោភា ប្រកាសពីការបែកបាក់។ លោកត្រូវបានម្ចាស់ហាងពេជ្រនេះ លើកទឹកចិត្តអោយចូលប្រឡូកសិល្បៈ ដើម្បីកុំអោយស្មុគចិត្តនោះផង ទើបគ្រាន់តែបើកប្រទេសភ្លាម និង គ្រាន់តែបែកស្នេហ៍ភ្លាម ក៏ទទួលសម្ដែងតែម្ដង បន្ទាប់ពីលោករយាល និង ផ្អាកពីសិល្បៈមួយរយៈមកហើយ ព្រោះតែចង់អោយមានសុវត្ថិភាពពីកូវីត១៩។

លោកត្រូវគេឃើញទទួលសម្ដែងក្នុងបទ ជីវិតក្មេងវត្ត ដែលជាស្នាដៃផលិតរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ក្រោមការដឹកនាំរបស់ លោក ហ្វៃ សំអាង យ៉ាងគួរអោយចាប់អារម្មណ៍ ដែលឱកាសបានសម្ដែងក្នុងបទដែលអ្នកសិល្បៈសុទ្ធតែចង់ចូលសម្ដែងនេះ គឺដោយសារតែលោកសប្បាយចិត្ត គ្មានអារម្មណ៍តុកស៊ិក និង មិនយករឿងរ៉ាវស្នេហាមកធ្វើអោយប៉ះពាល់ការងារនេះឯង។ ក្រឡេកទៅមើលការងារនៅក្នុងហាងពេជ្រ ដែលលោកបម្រើការវិញ ក៏ថៅកែដែលជាម្ចាស់ហាងធំបានលើកមុខលោក និង ផ្ដល់ឥទ្ធិពលអោយលោកមិនធម្មតាខ្លាំងដែរ ពោលគឺអ្នកមិនដឹងស្ទើរតែយល់ថា លោកគឺជាថៅកែមួយរូប និង មានហ៊ុនធំ ដែលអ្វីដែលលោកកំពុងតែទទួលបាននេះ ត្រូវបានគេសង្ស័យថា គឺជាកររួមចំណែកដែលធ្វើអោយលោក មិនស្ដាយនឹងការបែកបាក់ពី ពេជ្រ សោភា ។ ជាក់ស្ដែង លោក ឆឹម សក្កដា ទើបតែបង្ហាញឥទ្ធិពលនៅក្នុងហាងពេជ្រ តាមរយៈការដឹកនាំក្រុមការងាររហូតដល់ជិត១០០នាក់ ទៅកម្សាន្តនៅខេត្តកោះកុងប៉ុណ្ណោះ ដោយក្នុងឱកាសបង្ហាញខ្លួននៅខេត្តកោះកុងនោះ គឺបង្ហាញកាន់តែច្បាស់ពីមូលហេតុនៃការបែកបាក់ពេជ្រ សោភា ដែលអ្នកគាំទ្រភាគច្រើនផ្ដោតការសង្ស័យនោះ។ លោកមិនធ្លាប់បង្ហាញអោយឃើញពីភាពជិតស្និទ្ធិរវាងម្ចាស់ហាងអោយគេឃើញនោះទេ ប៉ុន្តែមនុស្សច្រើនណាស់បានដឹងថា ឆឹម សក្កដា គឺមានឥទ្ធិពលពិសេសពិសេសក្នុងហាង CT ទាំងដែលលោកគ្មានហ៊ុន និង គ្មានជំនាញផ្នែកពេជ្រ ប៉ុន្តែក្លាយជាអ្នកគ្រប់គ្រងដែលទទួលបានផលលាភយ៉ាងច្រើន។

ប្រភពផ្លូវការបានលើកឡើងថា តាំងពីលោកក្លាយខ្លួនជាមនុស្សសំខាន់នៅក្នុងហាងពេជ្រនោះ ម្ចាស់ហាងពេជ្រ បានជ្រោមជ្រែងអោយលោកចេះជំនាញផ្នែកគ្រប់គ្រងពេជ្រ ចេះជំនាញមើលពេជ្រ និង ស្ទាត់ជំនួញផ្នែកពេជ្រ ស្ទើរតែដូចអ្នកឯកទេសតែម្ដង ទើបលោកអាចដឹកនាំហាងពេជ្រនេះបាន អោយរស្នេងលូនតាំងពីគ្រប់គ្រង បើទោះជាគ្មានបទពិសោធន៍។ ស្របពេលដែលម្ចាស់ហាងអោយសិទ្ធិលោកក្នុងការធ្វើឃ្លីបផ្សព្វផ្សាយ សិទ្ធិលក់បញ្ចុះតម្លៃ និង សិទ្ធិជ្រើសតារាតាមតែចិត្តដែលលោកចង់ធ្វើនោះផង ទើបសុទ្ធតែជាចលករជួយ អោយ ឆឹម សក្កដា អាចគ្រប់គ្រងហាងពេជ្រធំមួយអោយខ្លាំងបាន ដោយមិនខ្វល់ពីផលប៉ះពាល់កូវីត១៩។ ភាពជោគជ៏យក្រោមការគ្រប់គ្រងរបស់លោក បានជួយអោយក្រុមហ៊ុននេះជះលុយខ្ទង់ម៉ឺន អោយលោកដឹកនាំក្រុមការងាររហូតដល់ជាង៨០រូប អោយទៅទស្សនកិច្ចនៅកោះកុងផង ដែលកាន់តែធ្វើអោយក្រុមការងារ និង បុគ្គលិកនៅហាង CT Diamond មើលឃើញពីឥទ្ធិពលរបស់លោក។ ប្រភពទាំងនោះទម្លាយថា ក្រៅពីថៅកែធំ លោក ឆឹម សក្កដា មានសិទ្ធិ និង មានឥទ្ធិពលមិនធម្មតាឡើយ។ ឆ្លើយតបនឹងការលើកឡើងថា ការទទួលឱកាសនៅហាងពេជ្រ CT Diamond គឺមូលហេតុធ្វើអោយលោកបែកបាក់ ពេជ្រ សោភា នោះ លោកបានទទួលស្គាល់។ លោក ឆឹម សក្កដា បញ្ជាក់ប្រាប់ផ្ទះតារាថា រវាងលោក និង ថៅកែហាងពេជ្រធំនេះ គឺជាមេ និងកូនចៅ១០០ភាគរយ ហើយមូលហេតុដែលលោក និង ពេជ្រ សោភា បែកគ្នា អត់មានអ្នកទី៣ចូលជ្រែកនោះទេ ប៉ុន្តែអាចមកពីពេលវេលា និង បញ្ហាខ្លះដែលលោកមិនអាចបញ្ជាក់បាន។ តែមកពីលោកពេញចិត្តនឹងឱកាសដែលម្ចាស់ហាងពេជ្រនេះផ្ដល់អោយ ទើបលោកស្ទុះស្ទារ និង ចាត់ទុកដូចជាជំនួញផ្ទាល់ខ្លួន។

LEAVE A REPLY

Please enter your comment!
Please enter your name here