ចាន់ កែវនិមល បង្ហាញមុខជំនួញទ្រង់ទ្រាយធំ

0

កាលពីថ្ងៃទី 03 ខែសីហា មុននេះពិធីការិនីល្បីល្បាញអ្នកនាង ចាន់ កែវ និមល បានបង្ហាញអាជីវកម្មរបស់ខ្លួនជាចំហរ តាមរយៈការបើកដំណើរការសាកល្បងហាង Peach Tea នៅតាមបណ្ដោយផ្លូវ 2004 នៅមុខបុរីអ័រគីដេវីឡា។ នេះមិនមែនជាអាជីវកម្មរបស់អ្នកនាងនិងស្វាមីលើកដំបូងនោះទេ ដោយសារតែកន្លងមកគេដឹងថាអ្នកនាងនិងស្វាមីមានមុខជំនួញធំៗជាច្រើននៅក្នុងដៃដោយគ្រាន់តែអ្នកនាងមិនសូវសម្ញ៉ែង។

ក្នុងពិធីសម្ភោធហាងដោយមានសិល្បៈករសិល្បការិនីអញ្ជើញចូលរួមនោះ អ្នកនាងបានថ្លែងបញ្ជាក់ថានេះជាមុខជំនួញមួយក្នុងចំណោមមុខជំនួញរបស់អ្នកនាងនិងស្វាមី បន្ទាប់ពីស្វាមីនិងប្អូនស្រីរបស់អ្នកនាងបានទិញសិទ្ធិផ្ដាច់មុខពីក្រុមហ៊ុន Peach Tea ពីហុងកុង បើកជាក្រុមហ៊ុន Peach Tea Cambodia ដោយរយៈពេល6 ខែកន្លងមកនេះស្វាមីរបស់អ្នកនាងនិងប្អូនស្រីបើកហាង Peach Tea នេះបានចំនួន5សាខាហើយ។ យ៉ាងណាក៏ដោយសម្រាប់សាខាទី5 នៅផ្លូវ 2004នេះគឺជាហាងផ្ដាច់មុខរបស់អ្នកនាងនិងស្វាមីដែលមានន័យថាទាំងអ្នកនាងនិងប្អូនស្រី មានសិទ្ធិបើកហាងប៉ុន្មានកន្លែងក៏បានតែស្ថិតនៅក្រោមស្លាករបស់ក្រុមហ៊ុន Peach Tea Cambodia ។

ជាគម្រោងអ្នកនាងនិងស្វាមីនឹងបង្កើតហាង Peach Tea នេះឱ្យបានយ៉ាងតិច 10 កន្លែងក្នុងមួយឆ្នាំដោយក្រៅពីលក់ភេសជ្ជៈនិងកាហ្វេរអ្នកនាងក៏នឹងបើកហាងលក់ផលិតផល Peach ផ្សេងទៀតដែលរួមមានសម្លៀកបំពាក់ គ្រឿងតុបតែង និងរបស់ប្រើប្រាស់ប្រចាំថ្ងៃផងដែរ ដោយសារតែម៉ាកយីហោររបស់ Peach នេះគឺមានគ្រប់ប្រភេទផលិតផល។ អ្នកនាងក៏បានប្រកាសថានឹងសកម្មទាំងមុខជំនួញនិងពិធីការិនីដោយមិនដកឃ្លាចោលផ្នែកណាមួយនោះផងដែរ ដោយសារតែគ្រប់មុខជំនួញរបស់អ្នកនាងនិងស្វាមីសុទ្ធតែមានអ្នកឯកទេសមើលខុសត្រូវនិងមានប្រព័ន្ធត្រួតត្រាចំណូលចំណាយតាមបច្ចេកវិទ្យាទំនើប។ អ្នកនាងរំពឹងថាមុខជំនួញនេះនឹងទទួលបានជោគជ័យ ដោយសារតែ Peach Tea គឺជាប្រេនភេសជ្ជៈដែលផ្ដោតខ្លាំងលើទឹកផ្លែឈើស្រស់មិនប្រើក្លិន មិនប្រើពណ៌ ដែលជាចំណុចពិសេសខុសពីប្រេនភេសជ្ជៈ កាហ្វេរ និងតែផ្សេងៗនោះ។

នៅក្នុងពិធីនោះក៏មានសិល្បៈករសិល្បៈការិនីមួយចំនួនចូលរួមផងដែររួមមាន ពិធីករហងហសមាស លោក សុខ រ៉ាស៊ី, ពិធីការិនី កញ្ញា ប៉ែន ស្រីពេជ្រ, តារាចម្រៀងកញ្ញា ចំរើន សុភ័ក្ក្រ និងតារាចាស់ថ្មីជាច្រើនរូបទៀត។


LEAVE A REPLY

Please enter your comment!
Please enter your name here