អ្នកតែងសម្អាងការជាភេទទី៣ ដែលអ្នកសិល្បៈភាគច្រើនហៅថា ម៉ែថា ពេលនេះកំពុងធ្លាក់ខ្លួនឈឺជាទម្ងន់ ដោយគ្មានថវិកាចូលពេទ្យ ហើយកំពុងត្រូវបានអ្នកសិល្បៈដូចគ្នា ខ្នះខ្នែងជួយសង្គ្រោះ។ អ្នកស្រីគឺជាអ្នកដែលតែងតែផ្ដល់សំលៀកបំពាក់សម្អាង និង ជួយតារាគ្រប់ក្រុម ដែលមានបញ្ហាខ្វះខាតអោយមានខោអាវសម្អាងស្អាតៗស្លៀកចូលកម្មវិធីផ្សេងៗ ដោយមិនគិតថវិកា ដោយសារតែអ្នកស្រីយល់ថាអ្នកសិល្បៈមិនសូវមានចំណូល ហើយត្រូវបានអ្នកសិល្បៈគោរពស្រលាញ់គ្រប់គ្នា រហូតហៅអ្នកស្រីថា ម៉ែថា គ្រប់ៗមាត់។

ម៉ែថា មានជម្ងឺរ៉ាំរ៉ៃយូរមកហើយ តែដោយសារតែខ្លួនទីពឹងខ្លួន ទើបគេឃើញអ្នកស្រីទៅតែងសម្អាងដាច់បាយដាច់ទឹកទាំងឈឺទាំងជា ដោយក្នុងពេលខ្លះក៏ត្រូវបានអ្នកសិល្បៈ ជូនលុយជូនកាក់ត្រលប់ទៅផ្ទះ ព្រោះតែអ្នកស្រីតែងតែយកអាសារអ្នកសិល្បៈដោយតស៊ូយកខោអាវទៅតែងអោយតួៗ ទាំងមិនបានកម្រៃសមរម្យ។ អ្នកស្រីបានធ្លាក់ខ្លួនឈឺធ្ងន់កាលពីប៉ុន្មានថ្ងៃមុន ហើយដោយសារតែគ្មានលុយកាក់ចូលពេទ្យ ទើបគេឃើញអ្នកសិល្បៈមួយចំនួនដឹកយកទៅបន្តោងស៉ីរ៉ូម ដើម្បីជួយសង្គ្រោះ។ តារាសិល្បៈមួយចំនួនកំពុងធ្វើយុទ្ធនាការរៃលុយជួយអ្នកស្រី ក្នុងពេលជួយសង្គ្រោះនេះ និង ដើម្បីអោយអ្នកស្រីមានលុយដោះស្រាយនោះផង។ នៅក្នុងពេលនេះស្ថានភាពជម្ងឺរបស់ ម៉ែថា មិនទាន់ដឹងថា តើមានបញ្ហាអ្វីខ្លះនៅឡើយទេ ដោយសារតែអ្នកស្រីមិនទាន់មានលទ្ធភាពទៅពិនិត្យសុខភាព ដោយគ្រាន់តែដឹងថា មានសភាពល្ហិតល្ហៃ បាយមិនបានទឹកមិនបាន ហើយសភាពក្នុងខ្លួន គឺឈឺដូចគេដំ ស្ទើរតែកម្រើកមិនរួច។ អ្នកសិល្បៈច្រើនឡើង ក៏បង្ហោះពីសភាពជម្ងឺរបស់អ្នកស្រី អមដោយសាររៃអង្គាស ដើម្បីជួយសង្គ្រោះដល់អ្នកស្រី ព្រោះចង់បញ្ជូនអ្នកស្រី ទៅកាន់ពេទ្យជំនាញ ដើម្បីស្វែងរកដំណោះស្រាយជម្ងឺអោយទាន់ពេលវេលា៕

LEAVE A REPLY

Please enter your comment!
Please enter your name here