ក្រោយការប្រកាសដាក់បញ្ចាំងភាពយន្តរឿង”ពេលម៉ែចាស់ទៅ” ដែលជាស្នាដៃដឹកនាំរបស់អ្នកស្រី ពាន់ ភួងបុប្ផា បានធ្វើអោយអ្នកនិយមតាមដានភាពយន្តខ្មែរ ពុះកញ្ជ្រោលអារម្មណ៍យ៉ាងខ្លាំង ដោយសារតែចំណងជើងនៃភាពយន្តនេះ ហាក់ចាក់ដោតខ្លាំង ដល់មនុស្សគ្រប់ស្រទាប់វណ្ណៈ ដែលហាក់មើលរំលងចំពោះម្ដាយ និង ទឹកចិត្តរបស់ម្ដាយ ក្រោយពេលម្ចាស់ទៅ។ ពិធីបើកសម្ពោធត្រូវបានធ្វើឡើងយ៉ាងកក្រើក នៅផ្សារទំនើបជីបម៉ុង សែនសុខ ដោយមានតារាៗ និង ភ្ញៀវកុះករ ចូលរួមនោះផង។

អ្នកស្រី ពាន់ ភួងបុប្ផា បានបង្ហាញនូវការរំពឹងយ៉ាងខ្លាំង ថាភាពយន្តនេះ នឹងបុកត្រូវអារម្មណ៍កូនៗភាគច្រើន បន្ទាប់ពីស្នាដៃរបស់អ្នកស្រី គឺរឿង “ទឹកចិត្តម្ដាយ” និង រឿង”ទឹកចិត្តម្ដាយសម័យថ្មី” ទទួលបានជោគជ័យភ្លួកទឹកភ្លូកដី។ អ្នកស្រីបញ្ជាថា បទពិសោធន៍ជាម្ដាយ ដែលទទួលបានការយកចិត្តខ្លះ និង សោះអង្គើយខ្លះ បានជំរុញអោយអ្នកស្រី កាន់តែមានគំនិតច្រើន ក្នុងសាច់រឿងមួយនេះ ហើយក៏ជាឱកាសផងដែរ ដែលអ្នកស្រី អាចបំលែងប្រលោមលោកមួយដ៏ល្បី គឺរឿង”ពេលចាស់ទៅ” អោយក្លាយជាភាពយន្ត ដើម្បីអោយកាន់តែមានការចង់ទស្សនា។ លោកស្រីថា ស្នាដៃមួយនេះ គឺជាវណ្ណកម្មធំមួយក្រោមការផលិតរបស់ផលិតកម្មកងចក្រ ដែលល្អទាំងក្រុមផលិត និង ផ្នែកបច្ចេកទេស ដែលកាន់តែធ្វើអោយអ្នកស្រី និង តួសម្ដែង កាន់តែមានសម្រស់ និង មានកម្លាំងចិត្តក្នុងការផលិត។ ភាពយន្តនេះ ក៏រំពឹងផងដែរថា នឹងជោគជ័យខ្លាំង ដោយសារតែអ្នកស្រី បានឆ្លុះបញ្ចាំងពីម្ដាយជាច្រើនគ្រួសារ យកមកបង្ហាញ ហើយក៏ផ្ដល់ការអប់រំអោយកូនៗកាន់តែយល់ពីម្ដាយ នៅពេលម្ដាយកាន់តែចាស់ ដែលកាន់តែចង់បានការយកចិត្តទុកដាក់នោះ។ ជំនឿចិត្តដ៏ខ្ពស់នេះ ក៏ដោយសារផ្ទៃរឿងទាំងមូល ត្រូវបានចូលរួមសម្ដែង ដោយតារាល្បីៗ ដែលសុទ្ធតែពូកែលេង ខ្លាំងផ្នែកសម្ដែង និង មានប្រជាប្រិយភាពខ្ពស់ ដោយអ្នកស្រីបង្ហើបថា គ្រាន់តែចំណាយលើតួសម្ដែង ក៏អស់ច្រើន ក៏ព្រោះតែចង់អោយស្នាដៃនេះទាក់ទាញ។

ក្រោយការដាក់សម្ពោធជាផ្លូវការនេះ ភាពយន្ត”ពេលម៉ែចាស់ទៅ” នឹងដាក់បញ្ចាំងល្សំបុត្រគ្រប់រោង ចាប់ពីថ្ងៃទី១៦ មិថុនា តទៅ ដោយភាពយន្តនេះ ក៏ត្រូវបានមហាជនមិនតិចនាក់ផងដែរចាប់អារម្មណ៍ចង់ទស្សនា។ ស្នាដៃនេះ ចូលរួមសម្ដែងសុទ្ធតែតារាល្បីៗតែម្ដង ដូចជា អ្នកស្រី ឌី សាវ៉េត, អ្នកស្រី កាន់ សុវណ្ណនី ដែលល្បីជាតួអង្គយាយផាន់, អ្នកនាង ស្វែង សុជាតា, អ្នកនាង និន សុធារ៉ា, កញ្ញា មាន សូនីតា, លោក អែតវីន, លោក ពៅ ពិសិដ្ឋ, អ្នកនាង លី ច័ន្ទសីហា, កញ្ញា យ៉ែម ស្រីពេជ្រ, និង តារាល្បីៗ ជាច្រើនរូបទៀត។ អ្នកទន្ទឹងចង់ទស្សនាភាពយន្តនេះអាចទស្សនាបានគ្រប់រោង ចាប់ពីថ្ងៃទី ១៦ មិថុនា ឆ្នាំ២០២២នេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here