ពិធីការិនី កញ្ញា រីយ៉ា បានបាត់បង់ឪពុកយ៉ាងគួរអោយសោកស្ដាយ កាលពីថ្ងៃទី៣ កក្កដា ឆ្នាំ២០២២ កន្លងទៅ នៅវេលាម៉ោងជាង៥ល្ងាច។ អ្វីដែលកាន់តែសង្វេគនោះ គឺឪពុករបស់នាងបានបាត់បង់ជីវិត ដោយសារតែឈឺឆ្អាលរឿងគេ ហើយភ្លេចគិតពីសុខភាពរបស់ខ្លួន។

កញ្ញា រីយ៉ា ដែលជាពិធីការិនីមួយរូប បានថ្លែងពីស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលជាកន្លែងធ្វើបុណ្យមកថា ឪពុករបស់នាង បានទទួលមរណភាពក្នុងវ័យ ៦១ឆ្នាំ ដោយសារតែជំងឺសួត និង គាំងបេះដូង។ កញ្ញាថា ជម្ងឺនេះ បានធ្វើទុក្ខបុកម្នេញលើឪពុករបស់នាងជាយូរមកហើយ ដោយតែងបង្កអោយឪពុករបស់នាងហត់ដង្ហក់ ហើយឈានដល់ការទិញអុកស៊ីហ្សែននៅផ្ទះដើម្បីជួយសម្រួលរាល់ពេលធ្វើទុក្ខធ្ងន់។ ឪពុករបស់នាងក្នុងពេលនៅមានជីវិត គឺជាអ្នករៃអង្គាសថវិកាជួយដល់អ្នកខ្វះខាត និង ជួយស្វែងរកមូនិធិ ជួយកសាងវត្តជាដើម។ នាងថា ឪពុករបស់នាង គឺជាតំណាងសមាគមតាតា យាយយាយ ដែលមានតួនាទីជួយរកមូលនិធិក្នុងភូមិ និង ក្រៅភូមិ មកជួយកសាងផ្លូវ និង ធ្វើបុណ្យជាដើម ហើយភាគតិចណាស់ ដែលឪពុករបស់នាងបានសម្រាកគ្រប់គ្រាន់ ដោយសារតែសកម្មភាពស្វែងរកមូលនិធិ ជួយដល់វត្ត និង អ្នកខ្សត់ខ្សោយទាំងអស់នឹង។ មុនថ្ងៃទទួលមរណភាពជម្ងឺលោកចាប់ផ្ដើមធ្វើទុក្ខ ដោយត្រូវកូនចៅដាក់អុកស៊ីហ្សែនអោយផង ប៉ុន្តែគ្រាន់តែបានស្រួលបន្តិច ស្រាប់តែឪពុករបស់នាងទាទៅប្រជុំរឿងមូលនិធិនឹងជាមួយក្រុមការងារ ហើយដោយសារតែកូនចៅពិបាកហាមប្រាមក៏អោយទៅទាំងឈឺ។ ជាអកុសលស្រាប់តែជម្ងឺសួត និង បេះដូងរបស់លោកធ្វើទុក្ខភ្លាមៗ ហើយបើទោះជាបញ្ជូនទៅដាក់អ៊ុកស៊ីហ្សែនក៏មិនស្រួល ក៏សម្រេចបញ្ជូនទៅពេទ្យកាល់ម៉ែត្រ តែបញ្ជូនមិនទាន់ដល់ផង ក៏មរណភាពកណ្ដាលផ្លូវតែម្ដង។ MC រីយ៉ា បញ្ជាក់ថា ឪពុករបស់នាងចូលចិត្តធ្វើបុណ្យណាស់ ហើយអោយតែនៅក្នុងភូមិឮថាអ្នកណាមានទុក្ខ គឺលោកទៅជួយភ្លាម ហើយថ្ងៃដែលលោកទទួលមរណភាពនោះ បើលោកគិតពីសុខភាពរបស់ខ្លួនតែបន្តិច គឺពិតជាមិនអី។ នាងថាបុណ្យសពលោកឪពុកត្រូវបានធ្វើបុណ្យនៅស្រុកព្រៃកប្បាសខេត្តតាកែវ ដោយបានបញ្ចប់ពិធីបុណ្យ៧ថ្ងៃ នៅព្រឹកថ្ងៃទី៩ កក្កដា។ អ្វីដែលនាងបារម្ភនៅក្នុងពេលនេះ គឺសុខភាពរបស់ម្ដាយ ក្រោយពេលបាត់បង់ឪពុក នៅក្នុងពេលនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here