កាលពីថ្ងៃទី 1 ដើមខែ សីហា ឆ្នាំ 2022 មុននេះ ផលិតកម្ម ខ្មែរមេគង្គ បានសម្ភោធភាពយន្តថ្មីរបស់ខ្លួនដែលមានចំណងជើងថា « 360 ដឺក្រេ » ដែលជារឿងបើកឆាកក្រោយស្ងប់ស្ងាត់ពីជម្ងឺកូវីដ19មួយរយៈពេលធំ។ នៅក្នុងពិធីសម្ភោធនេះផងដែរក៏មានវត្តមានវីរៈសិល្បៈករឆ្នើមអ្នកស្រី ឌី សាវ៉េត និង ផលិតករឆ្នើមៗ ព្រមទាំងតារាកិត្តិយសល្បីៗចាស់ក្មេងចូលរួមយ៉ាងច្រើនកុះករ។ ហើយរឿងនេះដែរក៏នឹងត្រូវដាក់បញ្ចាំងជាផ្លូវការចាប់ពីថ្ងៃទី 4 ខែ សីហា ឆ្នាំ2022 ឆាប់ៗនេះនៅគ្រប់រោងភាពយន្តផងដែរ។

នៅក្នុងពិធីសម្ភោធខ្សែរភាពយន្តដ៏ឱឡារិកនេះ Mr. Long Loy ហៅ William អ្នកដឹកនាំរឿង « 360 ដឺក្រេ » របស់ផលិតកម្ម ខ្មែរមេគង្គ បានមានប្រសាសន៍ថា សាច់រឿងមួយនេះត្រូវបានផលិតឡើងដោយផលិតករជាជនជាតិខ្មែរ ហើយក៏មានផលិតករជាជនជាតិបរទេសចូលរួមផងដែរ។ លោកថា ក្រៅពីផ្ដោតសំខាន់ទៅលើគុណភាពនៃការថត លម្អិតពីប្លង់នីមួយៗ រួមទាំងតួសម្ដែងក៏សុទ្ធសឹងតែសម្រាំងយកនូវអ្នកដែលមានសមត្ថភាពខ្ពស់ក្នុងការសម្ដែងជាពិសេសតារាជើងចាស់លោក ជា សំណាង, អ្នកនាង ស្វែង សុជាតា, លោក លឹម តិចម៉ុង និង តារាឆ្នាស់ឆ្នើមអ្នកនាង ស ច័ន្ទដានី ព្រមទាំងតារាកិត្តិយសថ្មីៗពោពេញទៅដោយសមត្ថភាពជាច្រើនដួងរួមគ្នាសម្ដែងនៅក្នុងភាពយន្តនេះបង្កើតបាននូវផ្ទាំងទស្សនីយភាពមួយបង្កប់ទៅដោយអត្ថន័យអប់រំថ្វីត្បិតតែមិនមែនជារឿងបែបកំប្លុកកំប្លែង តែក៏បានស្ដែងឱ្យឃើញពីភាពចម្រូងចម្រាស់គ្នានៃការរស់នៅក្នុងសង្គម ការប្រកួតប្រជែងគ្នាយកតែឈ្នះរៀងៗខ្លួនហើយក៏មានបន្ថែមនូវរសជាតិ ស្នេហាយុវវ័យបែបរ៉ូមែនទិច លាយបន្ថែមជាមួយនឹងជីវិតបែបអ្នកស្នេហាតន្ត្រីសម័យតែក៏មិនភ្លេចរួមបញ្ចូលនូវឧបករណ៍ភ្លេងបុរាណខ្មែរដែលជាអត្តសញ្ញាណជាតិរំលេចនៅក្នុងសាច់រឿងផងដែរ ។

លោកសង្ឃឹមថាសាច់រឿងមួយនេះនឹងអាចក្លាយជាចំណាប់អារម្មណ៍មួយប្លែកសម្រាប់អ្នកទស្សនា ហើយក៏សង្ឃឹមថានឹងមានការគាំទ្រពីសំណាក់កូនខ្មែរដែលស្នេហាវិស័យភាពយន្តផងដែរ។ លោកបន្តថា ក្រោយថ្ងៃដាក់បញ្ចាំងជាផ្លូវការបើទោះជាសាច់រឿងនេះ មិនទទួលបានការគាំទ្រពីអ្នកទស្សនាឬយ៉ាងណាក៏ ខ្មែរមេគង្គ នឹងមិនបោះបង់គោលដៅក្នុងការផលិតសាច់រឿងអប់រំប្រភេទនេះបន្តទៀត ហើយនឹងព្យាយាមបំពេញបន្ថែមនូវចំណុចខ្វះខាតដែលជាការចង់បានរបស់អ្នកទស្សនា។ ប៉ុន្តែ ជាក់ស្ដែងសាច់រឿងនេះក៏ជាសារដាស់តឿនមួយដ៏ល្អអប់រំដល់មនុស្សដែលរស់នៅក្នុងសង្គមឱ្យចេះសាមគ្គី និង រៀនរសនៅជាមួយគ្នាប្រកបដោយគុណធម៌ កុំរើសអើង និង ឱ្យចេះគោរពគ្នាឱ្យតម្លៃគ្នាទៅវិញទៅមកទើបក្លាយជាពលរដ្ឋល្អរសក្នុងសង្គមមួយដែលមានសន្តិភាព ដែលនេះគឺជាចក្ខុវិស័យដែលផលិតកររបស់យើងចង់បង្ហាញឱ្យទស្សនិកជនយើងបានឃើញនៅក្នុងសាច់រឿងមួយនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here