ផលិតកម្ម LD Picture បានបញ្ចេញភាពយន្តប្រភេទ BL របស់ខ្លួនហើយ កាលពីថ្ងៃទី២២ សីហា ឆ្នាំ២០២២ ដោយបើកសម្ពោធបង្អួតភាពយន្ត យ៉ាងអធឹកអធមក្រោមវត្តមានតារាល្បីៗ និង បុគ្គលជាអ្នកមានមុខមាត់។ ភាពយន្តនេះ ប្រកាសលក់សំបុត្រគ្រប់រោង ចាប់ពីថ្ងៃទី២៥ សីហា តទៅ ប៉ុន្តែគេកត់សម្គាល់បានផ្ទុះការគាំទ្ររួចបាត់ទៅហើយ។ ជាក់ស្ដែងនៅក្នុងពិធីបើកសម្ពោធនោះ មិនត្រឹមតែចូលរួមដោយតារាសម្ដែងក្នុងរឿងតែម្យ៉ាងនោះទេ តែក៏មានវត្តមានតារាល្បីៗស្ទើរតែផ្អៀងសិល្បៈ ហើយបើនិយាយពីជំនួញអនឡាញក៏មានវត្តមានច្រើនដែរ ដូចជា លោកស្រី នួន សុន្ទរី ហៅស្រីអូន អគ្គនាយិកាក្រុមហ៊ុនសម្រស់ធម្មជាតិ ជាដើម។

លោក លៀក លីដា ជាផលិតករ បានបង្ហាញនូវក្ដីរំពឹងខ្ពស់យ៉ាងខ្លាំង បន្ទាប់ពីមើលឃើញពីសន្ទុះចាប់អារម្មណ៍ចំពោះភាពយន្តប្រភេទ BL របស់ខ្លួនមួយនេះ។ ការផលិតភាពយន្តនេះឡើង ក៏ដើម្បីចូលរួមលុបបំបាត់នូវការរើសអើង ដែលធ្លាប់កើតឡើងចំពោះបុរសស្រលាញ់ភេទដូចគ្នាផងដែរ។ លោកថា នេះជាភាពយន្តដែលដាក់បញ្ចាំងត្រូវចំបរិបទ ហើយលោកមានសង្ឃឹមយ៉ាងមុតមាំថា ភាពយន្តនេះ នឹងទទួលបានការគាំទ្រខ្លាំង ដោយផ្អែកថា ផលិតកម្មរបស់លោក ក៏តែងផលិតរឿងធ្វើអោយមហាជនលោកមានទំនុកចិត្ត ស្ទើរតែគ្រប់ស្នាដៃផង។ ភាពយន្តនេះ នឹងត្រូវបានចាត់ទុកថា គឺជាស្នាដៃធំរបស់ផលិតកម្ម ដែលនិយាយពីសាច់រឿងរៀបរាប់ពីមនោសញ្ចេតនារវាងតួអង្គបុរស២នាក់ ដែលជាការបង្ហាញនូវបរិយាកាសថ្មី បើធៀបនឹងភាពយន្តកន្លងមករបស់ផលិតកម្មផងដែរ។ លោកកាន់តែរំភើបនៅពេលពិធីសម្ពោធភាពយន្តមួយនេះ មានការចូលរួមយ៉ាងកុះករ ដែលបង្ហាញថា ក្រៅពីហ្វេន គឺតារាសិល្បៈ និង ភ្ញៀវកិត្តិយស ក៏ចាប់អារម្មណ៍ខ្លាំងនូវស្នាដៃមួយនេះ។ ផលិតកម្មក៏នឹងគម្រោងផលិតស្នាដៃ អោយកាន់តែល្អនាពេលបន្តបន្ទាប់ផងដែរ ដើម្បីលើកស្ទួយវិស័យភាពយន្តខ្មែរ។ ភាពយន្តនេះ ក៏មានបង្កប់នូវឈុតកំប្លែង និង ភ័យខ្លាចមួយចំនួនផងដែរ ក្រៅពីបង្កប់ឈុតស្នេហារ៉ូមេទិក។


LEAVE A REPLY

Please enter your comment!
Please enter your name here