បន្ទាប់ពីឃើញការលំបាក ដែលសៀវឡុងនី រស់នៅក្នុងតង់ ហើយលិចទឹកភ្លៀងជារៀងរាល់ថ្ងៃ ក្នុងរដូវវស្សានេះ លោកស្រី ហង្ស សុវណ្ណារី ស្នងបារមីលោកតាដំបងដែក បានសម្រេចដឹកផ្ទះចល័តដែលមានតម្លៃជាង៥០០០ដុល្លារ តាំងពីភ្នំពេញយកទៅអោយដល់ខេត្តសៀមរាបតែម្ដង។ លោកតាដំបងដែក បានចុះមកប្រគល់ផ្ទះចល័តមួយខ្នងនេះ ដល់អ្នកស្រី សៀវឡុងនី កាលពីថ្ងៃទី១៧ កញ្ញា ឆ្នាំ២០២២ ហើយថែមទាំងផ្ដល់ទឹកប្រាក់ចំនួន៥៥០ដុល្លារ និង ដីចាក់ថ្នល់មួយឡានធំតម្លៃ៧០ដុល្លារទៀត ដើម្បីអាចអោយផ្ទះចល័តនេះ អាចយកទៅដាក់លើផ្ទះអ្នកស្រីបាន បន្ទាប់ពីច្រកចូលផ្ទះរបស់អ្នកស្រី សៀវ ឡុងនី មានសភាពលំបាកខ្លាំង ដែលមិនអាចរំកិល ឬ ស្ទូចផ្ទះនេះចូលបាន។

លោកតាដំបងដែក បានលើកឡើងថា ផ្ទះដែលលោកតាបានទិញជូនអ្នកស្រី សៀវ ឡុងនី នេះ មានតម្លៃពេញជាង៥០០០ដុល្លារ តែត្រូវម្ចាស់លក់បញ្ចុះអោយតែ៤៨០០ ហើយដោយសារផ្ទះមួយខ្នងនេះពិបាកស្ទូចចូល ទើបត្រូវរថយន្ត និង គ្រឿងចក្រមករកិលចូលទៀត ដោយចំណាយអស់៥៥០ដុល្លារ និង ត្រូវចាក់ផ្លូវមួយឡានធំទៀត ហើយលោកតាសម្រេចជួយទាំងអស់ ដើម្បីធ្វើយ៉ាងណាអោយផ្ទះចល័តមួយខ្នងនេះ អាចចូលទៅដល់ដីកន្លែង ដែលសៀវ ឡុងនី រស់នៅ។ លោកតាការជួយដ៏ច្រើននេះ គឺដោយសារតែឃើញតារា Tik Tok រូបនេះ បង្ហោះជាហូរហែរពីកន្លែងរស់នៅដ៏លំបាក ហើយដោយចង់ជួយដល់អ្នកស្រីអោយរស់នៅសមរម្យផង ទើបលោកហ៊ានបរិច្ចាគជួយ។ ទឹកចិត្តរបស់លោកតាដំបងដែក គឺធ្វើអោយ សៀវ ឡុងនី ដល់ថ្នាក់ហូរទឹកភ្នែកក្នុងពិធីប្រគល់ផ្ទះ និង ថវិកាអមតែម្ដង។

LEAVE A REPLY

Please enter your comment!
Please enter your name here