បន្ទាប់ពីតារាចម្រៀងប្រុសស្រីជាច្រើនកំពុងខ្វាករចង់ចូលច្រៀងក្នុងផលិតកម្ម Galaxy Navatra នៅពេលដែលផលិតកម្មនេះកំពុងតែឡើងកូដស្រឺតៗ។ ផ្ទុយស្រឡះអំពីការរំពឹងទុករបស់តារាចម្រៀងទាំងនោះស្របពេលដែលអ្នកគ្រប់គ្រងផលិតកម្មបានប្រកាសកាលពីថ្ងៃបើកពិធីស្វាគមន៍កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ ជាផ្លូវការថា ចាប់ពីពេលនេះទៅផលិតកម្មនឹងមានគោលការណ៍ច្បាស់លាស់រិតត្បិតក្នុងការទទួលយកសមាជិកចម្រៀងថ្មីឱ្យក្លាយមកជាតារាកុងត្រា ដោយអ្នកដែលមានសមត្ថភាពនិងសម្លេងល្អទើប Galaxy ធ្វើការពិចារណាជ្រើសយកឱ្យក្លាយជាគ្រួសារចម្រៀងរបស់ Galaxy។
ការរិតត្បិតចំនួនសមាជិកចម្រៀងក្នុងផលិតកម្ម ដោយសារតែក្រុមហ៊ុនត្រៀមប្រើយុទ្ធសាស្ត្រ ចេញបទអោយតារាម្នាក់ៗ អោយបានច្រើនវិញ និងព្យាយាមរកទីផ្សារឱ្យតារាម្នាក់ៗមានកេរ្តិ៍ឈ្មោះល្បី ជាជាងការយកច្រើន មកគរជើងគ្នា ដែលនេះគឺជាជំហរមួយក្នុងចក្ខុវិស័យរបស់ផលិតកម្ម។

លោកថា គឺជាមោទនភាពធំមួយ ដែលតារាចម្រៀងល្បីឈ្មោះប្រចាំប្រទេសកម្ពុជា គឺលោក ព្រាប សុវត្ថិ កាន់តែធ្វើអោយជំហានរបស់ផលិតកម្មមានការឈានឡើង។ ក្នុងនោះ លោក ព្រាប សុវត្ថិ ក៏បានបង្ហាញពីមូលហេតុពិត និង ចំណុចសំខាន់ៗជាច្រើន ក្នុងការបោះជំហានចូលផលិតកម្ម Galaxy Navatra ផងដែរ ដោយមិនមែនព្រោះតែហេតុផលថា ផលិតកម្មផ្ដល់ប្រាក់អោយ៣០ម៉ឺនដុល្លារ ឬ ផ្ដល់ប្រាក់ខែអោយ១ខែ ៨០០០ដូចការលេចឮឡើយ។ ការបង្ហាញហេតុផលទាំងអស់នេះ គឺក្នុងឱកាសដែលផលិតកម្ម Galaxy Navatra បានធ្វើពិធីបង្ហាញមុខតារាចម្រៀង ព្រាប សុវត្ថិ ជាផ្លូវការនាល្ងាចថ្ងៃទី២៥ ខែសីហា មុននេះ នៅសណ្ឋាគា Gardan City ជិតវិមានឈ្នះឈ្នះ។

លោក ព្រាប សុវត្ថិ បានបញ្ជាក់នូវហេតុផលច្រើន ជូនមហាជន ប្រកបដោយស្នាមញញឹម គួរអោយចូលចិត្តថា ២៣ឆ្នាំប្រហែល ជាគ្មានអ្នកណាមកធ្វើការបែបនេះទេ។ ការចាកចេញគឺមិនមែន ដោយសារហេតុផលជម្លោះ អ្វីជាមួយអ្នកណាទេ។ លោកមិនមែនជា មនុស្សចូលចិត្តអ៊ីចឹងទេ ! ការលានេះ គឺលាដោយញញឹម យើងបែកដោយមើលឃើញគ្នា ហើយ២៣ឆ្នាំយើងគ្មានអ្វីដែលត្រូវប៉ែងជើងគ្នា គឺមានតែពាក្យថាជោគជ័យៗ។ តាំងពីឆ្នាំ១៩៩៧ មកដល់ឆ្នាំ២០២០ នេះ ជាអនុស្សាវរីយ៍មួយ ដ៍សែនល្អសម្រាប់លោក។ ទៅទីណា កន្លែងណា ក៏ពុកម៉ែបងប្អូន នៅតែបានទទួលស្តាប់សំឡេងលោកដដែល។ ជាពិសេស លោកចង់ផ្លាស់ប្តូរការងារនៅកន្លែងថ្មី និងចង់មានផែនការ អោយត្រូវចំបេះដូងរបស់របស់លោក ដើម្បីសិល្បៈ។

លោក យឹម តាស្រង់ អ្នកនិពន្ឋ អោយផលិតកម្មខាងលើ លើកឡើងថាមិនត្រូវការអ្នកចម្រៀងច្រើន ពេញណែនផលិតកម្មនោះទេ។ យកតែអ្នកណា មានសំឡេងល្អហើយ មានគុណភាពប៉ុណ្ណោះ ដោយក្រៅពីវត្តមាន តារាចម្រៀង លោក ព្រាប សុវត្ថិ គឺផលិតកម្មនឹងកាន់តែសម្រិតសមហរាំង ហើយក្រុមហ៊ុននឹងផលិតបទចម្រៀងអោយច្រើនជូនដល់តារាម្នាក់ៗ ដែលនេះគឺជាផែនការ ដែលលោកបានដាក់ទិសដៅសម្រាប់ក្រុមហ៊ុន។ លោកក៏បានថ្លែងអំណរគុណចំពោះ លោក ព្រាប សុវត្តិ ដែលបានចូលមកសហការជាមួយផលិតកម្មដ៍តូចមួយនេះ ធ្វើអោយលោកមានឱកាសផលិតស្នាដៃជូនជាប្រវត្តិសាស្ត្រផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here