បន្ទាប់ពីខានដាក់បញ្ចាំងភាពយន្តខ្នាតធំអស់មួយរយៈធំ ពេលនេះ ផលិតកម្មសាស្ត្រាហ្វៀម ដែលមានលោកស្រី ប៊ុន ចាន់និមល ជាស្ថាបនិក បានប្រកាសដាក់បញ្ចាំងស្នាដៃភាពយន្តខ្នាតធំ ដែលខំផលិតបានជាផ្លូវការ នៅគ្រប់រោងកុននាចុងខែតុលានេះ។ ភាពយន្តប្រភេទ GL ឬ ហៅថាស្រីស្រលាញ់ស្រី ដែលមានចំណងជើងថា “ថ្ងៃនេះ ថ្ងៃស្អែក នៅតែស្រលាញ់” ត្រូវបានប្រកាសបើកសម្ពោធនាថ្ងៃទី២៦ តុលា ឆ្នាំ២០២២ នេះផង ដែលកាន់តែបង្ហាញយ៉ាងច្បាស់ថា ក្រៅពីជោគជ័យខ្លាំង ក្នុងការផលិតរឿងជីវិត និង ភាពយន្តភាគដាក់ទូរទស្សន៍ ពេលនេះ សាស្ត្រាហ្វៀម បានងាកមកផលិតភាពយន្តខ្នាតធំ ដើម្បីប្រជែងតាមរោងកុនជាថ្មីវិញហើយ។

យោងតាមបង្ហោះ ភាពយន្តដែលផលិតកម្មសាស្ត្រាហ្វៀម នឹងបង្អួតជាផ្លូវការនេះ គឺជាភាពយន្តដែលបង្ហាញពីស្នេហាដ៏រ៉ូម៉ានិករវាងនារីវ័យក្មេង២រូប ដែលត្រូវគ្រួសារ និង អ្នកជុំវិញខ្លួន មានការដាក់សម្ពាធយ៉ាងខ្លាំង ប៉ុន្តែចុងក្រោយគូស្នេហ៍ភេទដូចគ្នាមួយគូនេះ នៅតែអាចស្វែងរកក្ដីសុខអោយគ្នា។

អ្នកតាមដានស្នាដៃរបស់ផលិតកម្មធំមួយនេះ ជាច្រើនបានបង្ហាញការចាប់អារម្មណ៍ ខណៈដែលភាពយន្តប្រភេទ GL គឺជារឿងដែលទទួលបានការចាប់អារម្មណ៍នៅទូទាំងពិភពលោករួចមកហើយ ដោយក្រុមផលិតករក្នុងស្រុក ក៏ទទួលជោគជ័យរាប់មិនអស់រួចមកហើយ សម្រាប់ភាពយន្តប្រភេទនេះ។ លោកស្រី ប៊ុន ចាន់និមល បានបង្ហាញនូវជំនឿចិត្តយ៉ាងខ្ពស់ ក្នុងការផលិតស្នាដៃភាពយន្តខ្នាតធំនេះហើយផ្អែកតាមខ្លឹមសាររឿង និង ការផលិតដ៏សម្រិតសម្រាំង គឺទោះជាផលិតកម្មសាស្ត្រាហ្វៀម បានផលិតសាច់រឿងប្រភេទGL នេះ ជាច្រើនរឿងរួចមកហើយ ក៏ភាពយន្តរឿង”ថ្ងៃនេះ ថ្ងៃស្អែក នៅតែស្រលាញ់” នៅតែជារសជាតិថ្មី ដោយសារតែបានបង្កប់នូវសាច់រឿងស្នេហាមួយបែបថ្មី និង មានការសម្ដែងពីស្រីស្អាត២រូប ដែលសុទ្ធសឹងតែជាតារាសម្ដែង ដែលឡើងកូដខ្លាំងប្រចាំផលិតកម្ម។ ភាពយន្តនេះ ក៏ស្របនឹងបរិបទ ដែលស្នេហា GL របស់យុវតីនាពេលចុងក្រោយ កាន់តែបើកចំហរផងដែរ។ យ៉ាងណាមិញនេះ មិនមែនជាភាពយន្តដែលមានខ្លឹមសារបំផុសយុវតីនោះទេ តែគឺជាស្នាដៃដែលលើកយកជ្រុងមួយនៅក្នុងសង្គម ដើម្បីរួមគ្នាបញ្ឈប់នូវការរើសអើង ចំពោះក្រុមអ្នកស្រលាញ់ភេទដូចគ្នា ជាពិសេសគឺស្រីស្រលាញ់ស្រី នៅក្នុងសង្គមតែប៉ុណ្ណោះ៕
https://fb.watch/gmcuiI4wlo/

LEAVE A REPLY

Please enter your comment!
Please enter your name here