ក្រោយពេលដែលថៅកែផលិតកម្ម Town បានចេញសេចក្ដីប្រកាសបដិសេធអំពីដំណែងរបស់ខ្លួននៅក្នុងសាលាក្រុងភ្នំពេញនោះ ផលិតកម្ម Town ក៏ចេញលិខិតតម្រូវឱ្យ ខេម ចេញមុខសុំទោសជាសារធារណៈថាម្ចាស់ផលិតកម្មគ្មានតំណែងណាមួយនៅក្នុងស្ថាប័ននោះឡើយ។ ឆ្លើយតបយ៉ាងសឿងទៅកាន់ផលិតកម្ម Town តារាចម្រៀងលោក ខេម បានជម្រុញឱ្យថៅកែផលិតកម្មថោន ដាក់ពាក្យបណ្ដឹងនិង សុខចិត្តដើរចូលគុកដោយមិនធ្វើការសុំទោសពាក់ព័ន្ធជាមួយនឹងការបង្ហោះរបស់លោកនាពេលកន្លងមកនោះឡើយ។

ខេម បានឆ្លើយតបជាសាធារណៈទៅកាន់ Town នៅក្នុងផេកផ្ទាល់ខ្លួនដោយសរសេរថា «មេអើយមេ! មេចោទថាខ្ញុំបរិហាកេរ្តិ៍មេ ចុះមេធ្វើលិខិតឲ្យចូលខ្លួនត្រឹមមួយថ្ងៃស្មើ២៤ម៉ោងជាកំហិតនោះផូស(បង្ហោះ) ជាសារធារណៈ នេះជាចេតនាអាក្រក់ ដែលបង្ហាញថាមេកំពុងដុតបំផ្លាញឆ្នាំងបាយរបស់ឆ្កែអនាថានេះហើយ វ៉ៃក្បាលគ្នាហើយឲ្យគ្នាសុំទោសទៀត ប្រហែលជាមិនអាចទេមេ ខ្ញុំសុំសួរទៅបងប្អូនទាំងអស់គ្នាថា ប្រពន្ធគាត់ឈរឈ្មោះមែន តែអ្នកធ្វើការពិតប្រាកដសម្រេចគ្រប់យ៉ាងជាមួយខ្ញុំកន្លងមក គឺមេប្រុសស្ទើរតែមួយរយភាគរយទៅហើយ..តើសព្វថ្ងៃគាត់ពិតជាមានតំណែងជាប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញវត្ថុក្រុងភ្នំពេញមែនទេបងប្អូនមើលរូបទៅ. តើខ្ញុំហៅគាត់ថាមេបានទេ? ហើយសួរថា Office ថោន និងស្ថានីយទូរទស្សន៍ថោន អាចយកលុយដប់ម្ភៃម៉ឺនទៅធ្វើបានទេ? ពិចារណាចុះ!»។

លោកបានបន្តទៀតថា «បើខ្ញុំមានកំហុសរហូតដល់ជាប់គុក ខ្ញុំសុខចិត្តដើរចូលគុក ដើម្បីឲ្យក្រុមហ៊ុនទាំងអស់ចេះផ្ដល់តម្លៃឲ្យអ្នកចម្រៀង ដែលមានសមត្ថភាព ទោះបីត្រូវបាត់បង់អាជីពអ្នកចម្រៀងក៏ដោយ ក៏ឆ្កែមួយក្បាលនេះអាចទទួលយកបានដែរ ឆ្កែមួយក្បាលនេះគ្មានអីគួរឲ្យស្ដាយទេ ហើយចុះមេមិនដាក់ពាក្យប្ដឹងទៅមេ បើខ្ញុំខុសមែនដោះស្រាយតាមច្បាប់ទៅ មេកុំនិយាយឲ្យសោះថា មេមិនចង់ប្ដឹង ក្មេងក៏មិនជឿដែរ សង្ស័យមកពីខ្វះការពិតទេដឹងមេ ហើយការដែលផុសថ្ងៃមុន មេកុំនិយាយថាឆ្កែអនាថានេះ មិនទៅជួបឲ្យសោះទើបមេផុសនោះ ខុសការពិតហើយមេ ខ្ញុំចប់ការងារខ្ញុំឈប់ដោយការគោរពត្រឹមត្រូវ ហើយកុំនិយាយថា ហេតុអ្វីឆ្កែមួយក្បាលនេះផុសធ្វើអី មេគួរសួរខ្លួនឯងវិញថា ហេតុអ្វីមេផុសទាំងមិនការពិត? មេត្រូវចាំថាឆ្កែស្លូតប៉ុណ្ណាក៏ដោយ បើវ៉ៃក្បាលហើយឲ្យវាទ្រាំយ៉ាងម៉េច?»។

តារាចម្រៀង ខេម បានបន្ថែមទៀតថា «មេសាកគិតទៅមើលដោយសារក្ដីស្រលាញ់ និងកាគោរព ក្រមសីលធម៌ការងារ ការចាកចេញរបស់ឆ្កែអាណាថានេះ មួយរយៈហើយ មិនដែលនិយាយអ្វីមិនល្អពីមេឡើយ សូម្បីតែអ្នកកាសែតខលមកសួរ ក៏ខ្ញុំមិនធ្វើការអត្ថាធិប្បាយដែរ ក្រុមហ៊ុនថ្មីសុំខ្ញុំធ្វើកម្មវិធីទទួលស្វាគមន៍ ក៏ខ្ញុំមិនឲ្យធ្វើដែរ បើនិយាយអំពីការដឹងគុណឆ្កែអនាថាមួយក្បាលនេះ មិនដែលបំភ្លេចទេមេ តែមេក៏ត្រូវគិតវិញដែរអំពីឆ្កែអនាថាមួយនេះ បានចូលរួមចំណែកអ្វីខ្លះជាមួយក្រុមហ៊ុនជាយូរឆ្នាំមកនេះ ខ្ញុំគិតថាមេយល់ពេកហើយ ខ្ញុំដឹងច្បាស់បើខ្ញុំចេញមកក្រុមហ៊ុនថ្មីអន់គ្មានការគាំទ្រច្រើន ប្រហែលជាគ្មានរឿងរ៉ាវអ្វីកើតឡើងទេ មេកុំមើលមកឆ្កែមួយក្បាលនេះល្ងង់ពេក ស្លូតពេកហើយចង់ធ្វើបាបស្រេចតែអំពើចិត្ត ចង់វាយឆ្កែអនាថា នេះតាមតែអំពើចិត្ត ទុកផ្លូវឲ្យគ្នារស់ផងព្រោះមេមានលុយណាស់»។

«សូមវិភាគរូបភាពមួយចំនួនតូចនេះ តាមការគួរសិនចុះ ខ្ញុំបានជម្រាបជូនទាំងមេប្រុសមេស្រី និងអ្នកគ្រប់គ្រង ក្រៅផ្លូវការ និងក្នុងផ្លូវការមុននឹងចាកចេញ ហើយខ្ញុំផូសនេះកុំគិតក្នុងន័យខ្ញុំចង់ឈ្នះចាញ់អ្វីឡើយ គឺខ្ញុំចង់បានភាពស្អាតស្អំរបស់ខ្ញុំដែរ មេបានផូសជាសាធារណៈមកលើរូបខ្ញុំ»។

គួរបញ្ជាក់ផងដែរថារឿងរ៉ាវចម្រូងចម្រាស់របស់តារាចម្រៀង ខេម និង ម្ចាស់ផលិតកម្ម Town នៅតែ មិនទាន់មានរកផ្លូវការចរចារដោយវិធីត្រជាក់នៅឡើយនោះ ជាពិសេសពាក់ព័ន្ធជាមួយនឹងតួនាទីរបស់ថៅកែ Town ដែលលោក ខេម បានអះអាងថាជាមន្ត្រីជាន់ខ្ពស់មួយរូបផ្នែកហិរញ្ញុវត្ថុមួយរូបនៅក្នុងសាលាក្រុងភ្នំពេញ ហើយលោកក៏ស្វាគមន៍ពក្យបណ្ដឹងទាំងឡាយណាដែលថៅកែ Town បាត់ធ្វើចំណាត់ការមកលើរូបលោក។

LEAVE A REPLY

Please enter your comment!
Please enter your name here