នៅអំឡុងឆ្នាំ៨០ជាង អ្នកស្រី ប៉ុល ពិសី មិនត្រឹមតែជាអ្នករបាំប្រពៃណីដែលមានរូបសម្រស់ស្រស់សោភាប៉ុណ្ណោះទេ តែក៏ជាតារាសម្ដែងនៅក្នុងភាពយន្ត ដែលកាលនោះលោកស្រីក៏មានប្រជាប្រិយភាពពីសំណាក់អ្នកគាំទ្រផងដែរ។ យ៉ាងណាក៏ក្រោយបាត់មុខអស់ច្រើនឆ្នាំ លោកស្រីត្រលប់មកវិញនៅក្នុងពេលនេះ គឺបានវិវត្តន៍ខ្លួនក្លាយជាផលិតករតែម្ដង។

ក្នុងតំណែងជាតួឆ្នាស់ឆ្នើម និង ជាតួលូយឆាយនៅក្នុងពេលនោះ លោកស្រី ប៉ុល ពិសី ដែលមានឈ្មោះដូចគ្នានឹងអ្នកនិពន្ធភាពយន្តម្នាក់រូបនេះ បានសាងស្នាដៃក្នុងរឿងជាច្រើន ដូចជាក្នុងរឿង”ឧត្តមដួងចិត្ត” រឿង”រាជិនីដួងចិត្ត” និងរឿង”ទឹកភ្នែកជ្រែកបំណង”ជាដើម។ ប៉ុន្តែលោកស្រីបានសម្រេចចិត្តលាឈប់សិល្បៈក្រោយរៀបការ ទើបអ្នកសិល្បៈស្រករក្រោយ និង មហាជនហាក់ភ្លេចឈ្មោះលោកស្រីពីក្នុងភាពយន្ត។ លោកស្រីបានថ្លែងបញ្ជាក់ថា ដោយសារតែការស្រលាញ់ និង ចង់ចូលរួមលើកស្ទួយនៅក្នុងវិស័យភាពយន្តផង ទើបលោកស្រីសម្រេចចិត្តត្រលប់មកវិញ ដោយបានចាប់ដៃជាមួយ លោក ហង្ស វណ្ណារ៉ា ដែលជាអ្នកនិពន្ធ និង ជាផលិតករផលិតភាពយន្តតែម្ដង។ លោកស្រីបានបញ្ជាក់ក្មុងពិធីសម្ពោធរឿង”ម្ចាស់ផ្ទាំងគំនូរ” ដែលជាស្នាដៃដំបូងកាលពីថ្ងៃទី៣ កញ្ញា ឆ្នាំ២០២០ ថា ថ្វីដ្បិតតែលោកស្រីទើបតែបានបោះទុនបើកផលិតកម្មផ្ទាល់ខ្លួនគឺ ផលិតកម្ម ភីភីអេស ប៉ុន្តែផលិតកម្មរបស់លោកផលិតបាន៣រឿងហើយ គឺរឿង”ម្ចាស់ផ្ទាំងគំនូរ”ដែលបានដាក់បញ្ចាំងគ្រប់រោងនៅភ្នំពេញនៅក្នុងពេលនេះ និង២រឿងទៀត ដែលលោកស្រីរង់ចាំតែការរត់ច្បាប់ដើម្បីដាក់បញ្ចាំង។ លោកស្រីថា ការត្រលប់មកកាន់វិថីសិល្បៈនេះ គឺដោយសារតែក្ដីនឹករលឹកការសម្ដែងកាលពីអតីតកាល ហើយដោយសារតែចង់អោយអ្នកធ្លាប់គាំទ្រភាពយន្តក្នុងជំនាន់ឆ្នាំ១៩៨៦ និង៨៧ បានចងចាំ លោកស្រីក៏ចូលរួមសម្ដែងក្នុងរឿង”ម្ចាស់ផ្ទាំងគំនូរ” នេះតែម្ដង ដោយសម្ដែងជាតួដូនចាស់ ដែលជាតួឆ្លងជាតិ។ នេះជាភាពយន្តស្នាដៃដំបូងដែលលោកស្រីបានផលិត និង សម្ដែងជាថ្មីក្រោយបាត់មុខ ដោយលោកស្រីរំពឹងថានឹងទទួលបានជោគជ័យ ដោយសារតែផ្ទៃរឿងទាំងមូល គឺនិយាយពីការចាប់ជាតិ និង ឆ្លងជាតិ ដែលជាសាច់រឿងកំប្លែងស្ងួត និង សិល្ប៍សាស្ត្រប្លែក ហើយចូលរួមសម្ដែងដោយតួយុវវ័យល្បីៗ។ លោកស្រីប្រកាសថា ការចូលរួមផលិតភាពយន្តនៅក្នុងពេលនេះ មិនមែនដើម្បីមានបានទេ តែដើម្បីបន្សល់ស្នាដៃ និង ចង់លើកស្ទួយភាពយន្ត តាមរយៈការផលិតរឿង ហើយផ្ដល់ឱកាសការងារអោយតារាសម្ដែង និង ផលិតករមួយចំនួន។

លោក ហង្ស វណ្ណារ៉ា ជាអ្នកនិពន្ធសាច់រឿង និង ជាអ្នកដឹកនាំសម្ដែង បញ្ជាក់ថា លោកស្រី ប៉ុល ពិសី គឺជាតារាសម្ដែងកាលពីអតីតកាល ដែលបឆនលះបង់ធនធានលើកស្ទួយភាពយន្តនៅក្នុងកាលៈទេសៈកូវីតមិនទាន់ស្ងប់ ហ៊ានចេញផលិតរឿងដោយមិនខ្លាចខាតបង់ធនធាន។ ជាមួយនឹងការត្រលប់នេះហើយ ទើបលោកសម្រេចនិពន្ធរឿងនិយាយពីដូនចាស់ម្នាក់ ហើយដាក់អោយលោកស្រីចូលសម្ដែងតែម្ដង ខណៈដែលលោកប្រកាសថា លោកស្រីនៅតែសម្ដែងសម និងទម្រាំយល់ព្រមសម្ដែងគឺពន្យល់ច្រើន ដោយសារតែលោកស្រីគិតថាក្លាយជាផលិតករហើយ មិនចង់សម្ដែង។ លោកថានេះជាភាពយន្តដែលមានរសជាតិបុរាណផង សម័យផង និងមានតួសម្ដែងរហូតដល់ជាង៥០នាក់ក្នុងរឿងទាំងមូល។

គួរបញ្ជាក់ផងដែរថា ភាពយន្តរឿង”ម្ចាស់ផ្ទាំងគំនូរ”គឺជាស្នាដៃដំបូងរបស់ផលិតកម្ម ភីភីអេស របស់លោកស្រី ប៉ុល ពិសី។ ភាពយន្តនេះ ប្រកាសដាក់បញ្ចាំងគ្រប់រោងចាប់ពីថ្ងៃប្រកាសនេះតទៅ ដោយរោងនៅខេត្តណាដំណើរការ គឺលោកស្រីនឹងដាក់បញ្ចាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here