បន្ទាប់ពីទទួលបានបទពិសោធន៍ក្រាស់ក្រែលក្នុងការស្ទាបស្ទង់ទីផ្សាទិញដូរលក់ចេញប្រភេទរថយន្តសេរីទំនើបរួចមក លោក Eno តារាចម្រៀងប្រចាំនៅក្នុងផលិតកម្ម សាន់ដេ បានបើកសម្ភោធឃ្លាំងរថយន្តផ្ដាច់មុខផ្ទាល់ខ្លួន ដែលមានសេវ៉ាកម្មទិញលក់ និងជួសជុលរថយន្តនៅជិតផ្សារទំនើប Aeon2 ដែលប្រើដើមទុនរហូតដល់ជាងកន្លះលានដុល្លាផងដែរ កាលពីថ្ងៃទី 27 ខែកញ្ញាមុននេះ។ នៅក្នុងថ្ងៃខួបកំណើតនិងសម្ភោធឃ្លាំងរថយន្តរបស់លោក Eno ផងដែរ លោកក៏បានប្រកាសថានឹងមិនបោះបង់អាជីពសិល្បៈ ព្រមទាំងបន្ថែមឥទ្ធិពលទៅលើមុខរបរទាំងពីឱ្យកាន់តែប្រសើរនឹងមានសន្ទុះទន្ទឹមគ្នាថែមទៀតផង។

លោកបញ្ជាក់ថានេះជាអាជីវកម្មផ្ទាល់ខ្លួនបន្ទាប់ពីលោកត្រូវគេដឹងថាមានអាជីពលក់ឡានកន្លងមកផងដែរ។ លោក Eno ថ្លែងក្នុងកិច្ចសម្ភាសន៍ថា បន្ទាប់ពីលោកទទួលបានបទពិសោធន៍ច្រើននៅក្នុងមុខរបរលក់ឡាន និងមានការចូលរួមពីក្រុមគ្រួសាររបស់លោក ទើបលោកសម្រេចបើកអាជីវកម្មថ្មីនេះឡើងដោយដាក់ឈ្មោះថា Eno Auto Car ដែលនេះគឺជាឃ្លាំងលក់រថយន្តមួយផ្ទាល់ខ្លួន។

ម្យ៉ាងមកពីលោកចង់ធ្វើពិធីនេះឱ្យអធិកអធមផងទើបសម្រេចបើកសម្ភោធចំថ្ងៃខួបកំណើតតែម្ដង ដោយលោកអញ្ជើញភ្ញៀវអ្នកសិល្បៈប្រមាណជាង 300 នាក់អញ្ជើញចូលរួម។ លោក Eno បន្តថា ហេតុផលដែលលោក ហ៊ានបើកអាជីវកម្មលក់ឡានដោយផ្ទាល់ខ្លួននេះ គឺដោយសារតែលោកមើលឃើញនូវយុត្តិសាស្ត្រជោគជ័យរួចទៅហើយស្របគ្នាដែលទីផ្សារលក់ឡានរបស់លោកមានអតិថិជនទូទាំងប្រទេសទទួលស្គាល់រួចមកហើយ ជាពិសេសគឺយុទ្ធសាស្ត្របង់រំលោះជាមួយនឹងលក្ខខ័ណ្ឌងាយៗ លក់តម្លៃទាបជាងទីផ្សារ និងលក់តែរថយន្តមិនបុក មិនកាត់ត ហើយមានសេវ៉ាធានាត្រឹមត្រូវ។

យានដ្ឋានរបស់លោកមានលក់ទាំងរថយន្តធម្មតា និងសេរីទំនើប ហើយបើទោះបីជាលោកជោគជ័យនឹងអាជីវកម្មលក់ឡានមួយនេះក៏លោកនៅតែប្រកាន់ជំហរមិនដកថយក្នុងអាជីបសិល្បៈនោះដែរ ដោយលោកនឹងដើរឱ្យជោគជ័យទន្ទឹមគ្នា។ លោកថា សប្បាយចិត្តដែលពិធីសំខាន់របស់ខ្លួនបើទោះបីជាមានការរំខានដោយភ្លៀង ក៏មានសិល្បៈករ និងភ្ញៀវអញ្ជើញចូលរួមពេញរោងផងដែរ ជាពិសេសគែឺតារាល្បីៗ ដែលលោកមានទំនាក់ទំនងនៅក្នុងសង្គមសិល្បៈ។

LEAVE A REPLY

Please enter your comment!
Please enter your name here