ផលិតកម្ម PR ក្រុងពាលីចេញថតរឿងថ្មី

0

មួយរយៈចុងក្រោយនេះគេសង្កេតឃើញផលិតកម្ម PR Production ដែលមានអ្នកនាង ព្រំ រដ្ឋា គឺជាម្ចាស់បានបញ្ចេញខ្សែរភាពយន្តរបស់ខ្លួនជិត10 រឿងមកហើយ ដែលកំពុងវាយលុកលើទីផ្សារភាពយន្តរដឹកគ្នាគួរឱ្យកត់សម្គាល់នាពេលបច្ចុប្បន្ន។ ហើយកាលពីព្រឹកថ្ងៃទី 15 ខែតុលា ឆ្នាំ 2020 មុននេះផលិតកម្ម PR បានបញ្ចេញខ្សែររឿងភាគមួយថ្មីទៀតហើយគឺរឿង « ស្នេហ៍លាងគុំនំ » របស់ស្ថានីយ៍ទូរទស្សន៍បាយ័ន។

កាលពីព្រឹកថ្ងៃទី 15 តុលានេះអ្នកនាង ព្រំ រដ្ឋា បានធ្វើពិធីក្រុងពាលី ត្រៀមចេញថតខែរភាពយន្តថ្មីរបស់ខ្លួនឱ្យស្ថានីយ៍ទូរទស្សន៍បាយ័នដែលមានចំណងជើងថា « ស្នេហ៍លាងគុំនំ » ។ ហើយនៅក្នុងកម្មវិធីនេះដែរក៏មានការចូលរួមពីសំណាក់វត្តមានតារាកិត្តិយសល្បីៗដែលជាតួអង្គសំខាន់ៗនៅក្នុងរឿងផងដែរ។ ខ្សែរភាពយន្តនេះដែរបានធ្វើការថតបានមួយចំនួនរួចមកហើយតាំងពីដើមខែ កញ្ញាមកម្លេះ ដោយអ្នកនាងសម្រេចជ្រើសយកថ្ងៃទី 15 តុលានេះ ជាថ្ងៃចេញក្រុងពាលីយកលាភជ័យ ហើយក៏នឹងត្រៀមចាក់បញ្ចាំងជាបន្តបន្ទាប់នៅលើកញ្ចក់ទូរទស្សន៍បាយ័ននៅឆ្នាំក្រោយខាងមុខនេះផងដែរ។

សាច់រឿងថ្មីនេះផងដែរអ្នកនាង ព្រំ រដ្ឋា បានមានប្រសាសន៍ថា គឺជារសជាតិថ្មីមួយបែបទៀតដែលផលិតកម្ម PR ដែលមានរហូតទៅដល់ 45 វគ្គ និងបានសម្រិតសម្រាំងឆ្នៃប្រឌិតមកចេញថតផ្សាយជាសាច់រឿងឱ្យមហាជនបានទស្សនាបង្កប់ទៅដោយខ្លឹមសារអប់រំ។ ហើយអត្ថន័យនៅក្នុងសាច់រឿងនេះផងដែរ គឺបង្ហាញអំពីបញ្ហាដែលកើតចេញពីការភ័ន្តច្រឡំ បង្កើតជាគុំនំសងសឹកចាក់ស្រេសជាមួយគ្នានិងគ្នាដោយគ្មានហេតុផលរហូតធ្វើឱ្យមានផលវិបាកទាំងសងខាង ប៉ុន្តែវាក៏បានបង្កើតឱ្យក្លាយទៅជាស្នេហាពិតមួយនៅទីបញ្ចប់។ អ្នកនាងបន្តថា នៅក្នុងសាច់រឿងនេះគឺមានភាពប្រទាក់ក្រឡាគ្នា ការចងគុំនំគ្នាពីមួយវគ្គទៅមួយវគ្គគឺជាមេរៀនមួយដែលចង់បង្រៀនឱ្យអ្នកទស្សនាចេះស្វែងយល់ហេតុនិងផល ដើម្បីកុំឱ្យមានបញ្ហាកើតឡើងនៅក្នុងជីវិតនៃការរស់នៅ និងឱ្យមនុស្សចេះយោគយល់ អធ្យាស្រ័យគ្នាដើម្បីអាចរស់នៅជាមួយគ្នាបានដោយសន្តិភាព។

គួរបញ្ជាក់ផងដែរថារឿង « ស្នេហ៍លាងគុំនំ » នេះផងដែរក៏មានការចូលរួមសម្ដែងពីសំណាក់តារាសម្ដែងលោក លឹម ជាឡាយ, កញ្ញា គៀត សុវណ្ណាឡាង, លោក ប៉ែន ភក្ក្រសុធារិទ្ធ, កញ្ញា ណាក់ ស្រីណា, កញ្ញា ម៉ាឡែន, កញ្ញា Pei Pei និងតារាប្រុសស្រីល្បីៗជាច្រើនរូបទៀត រួមគ្នាសម្ដែងក្នុងរឿងនេះ។ អ្នកនាងសង្ឃឹមថាតាមរយៈខ្សែរភាពយន្តនេះ នឹងទទួលបានការចាប់អារម្មណ៍ និងការគាំទ្រពីសំណាក់អ្នកនិយមទស្សនារឿងភាគខ្មែរ និងអំពាវនាវដល់បងប្អូនពលរដ្ឋខ្មែរឱ្យជួយគាំទ្រវិស័យភាពយន្តខ្មែរបន្តទៀតឱ្យកាន់តែច្រើនឡើងៗផងដែរដើម្បីជួយលើកទឹកចិត្តដល់ក្រុមផលិតករឱ្យកាន់តែពង្រឹងសម្ថភាពនិងប្រឹងប្រែងរកធអ្វីដែលថ្មីដើម្បីបម្រើនូវខ្សែរចក្ខុរបស់ទស្សនិកជនបន្តទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here