ខេម បោះទុនបើកអាជីវកម្មលើកដំបូងជាង20 ម៉ឺនដុល្លា

0

កាលពីថ្ងៃទី៧ វិច្ឆិកា ឆ្នាំ២០២០ តារាចម្រៀង ខេម បានធ្វើពិធីបើកសម្ពោធភោជនីយដ្ឋានទ្រង់ទ្រាយធំមួយ នៅជិតវត្តសំរោងអណ្ដែត ដោយមានភ្ញៀវកិត្តិយស និង អ្នកសិល្បៈចូលរួមយ៉ាងច្រើនកុះករ។ នេះជាមុខរបរធំលើកដំបូង ចាប់តាំងពីលោកហក់ចូលសិល្បៈ ខណៈដែលលោកបានអះអាងថា ដើមទុនក្នុងការបើកដំណើរភោជនីយដ្ឋានមួយនេះទាំងមូល គឺរហូតដល់ខ្ទង់សែនដុល្លារ។

ក្រោយពីចាកចេញពីផលិតកម្មចាស់ តារាចម្រៀង ខេម មិនត្រឹមតែឡើងកូដនៅក្នុងវិស័យចម្រៀងប៉ុណ្ណោះទេ លោកក៏ក្លាយជាម្ចាស់ភោជនីយដ្ឋានដើមទុនខ្ទង់សែនដុល្លារផងដែរ ខណៈដែលលោកបានអះអាងពីប្រភពលុយនៅខាងក្រោយខ្នង ដែលនាំអោយលោកអាចបើកមុខរបរនេះ ។ ជាមួយនឹងការសង្ស័យថា លោកទំនងជាមានអ្នកនៅពីក្រោយខ្នងជួយបោះទុនអោយ ទើបអាចក្លាយជាថៅកែធំបែបនេះបាន លោកបានសារភាពថា គឺមិនខុសនោះទេ ដោយសារតែមុខរបរនេះ គឺលោកខ្លួនឯងក៏មិនអាចទៅរួច។ លោកថា នៅពីក្រោយខ្នង នៃភាពហ៊ឹកហ៊ាក់ ដែលមហាជនកំពុងមើលឃើញនេះ គឺក្នុងហាងទាំងមូល ក៏មានដៃគូវិនិយោគដែលសុទ្ធតែជាអ្នកបោះទុនក្នុងទឹកប្រាក់ច្រើនៗដូចគ្នាផងដែរ គឺមិនមែនក្នុងហាងទាំងមូល ដែលមានការចំណាយយ៉ាងខ្ពស់ ហើយលោកមានលុយបើកតែម្នាក់ឯងកើតទេ។

លោកថាអ្វីៗ ត្រូវតែមានដៃគូ ហើយដៃគូដែលលោកចាប់ដៃនេះ មិនមែនគ្រាន់តែមានដើមទុនមកចូលជាមួយលោកនោះទេ តែក៏មានជំនាញ និង មានការទទួលខុសត្រូវលើមុខរបររៀងៗខ្លួន ដែលធ្វើអោយលោកកក់ក្ដៅ សម្រាប់ការដំណើរការលើអាជីវកម្មមួយនេះផងដែរ។ ជាមួយនឹងដៃគូ ដែលផ្ដល់ទាំងដើមទុនមួយផ្នែក និង ផ្ដល់ទាំងការទទួលខុសត្រូវ សម្រាប់ការបើកអាជីវកម្មធំនេះឡើង ដែលធ្វើអោយលោកយល់ថា បើទោះជាពេលខាងមុខ មុខរបរទាំងមូលទទួលជោគជ័យខ្លាំង ក៏មិនប៉ះពាល់ការងារសិល្បៈ។

ជាមួយនឹងការបង្ហាញនូវមុខរបរនេះ គឺធ្វើអោយគេយល់ថា តារាចម្រៀង ខេម កាន់តែជោគជ័យនៅក្នុងអាជីព បន្ទាប់ពីលោកដើរចេញ ពីផលិតកម្មចាស់ ហើយចូលជ្រកនៅក្នុងផលិតកម្មថ្មី។ ថ្វីដ្បិតតែក្នុងផលិតកម្ម Galaxy កាន់តែប្រមូលផ្ដុំតារាល្បីៗជួរមុខ ដែលមានការប្រកួតប្រជែងខ្លាំង តែគេនៅតែមើលឃើញថា លោកទទួលបានការចាប់អារម្មណ៍ខ្ពស់តាមរយៈបទចម្រៀងថ្មីៗ ស្របពេលដែលលោកក៏អាចវិវត្តន៍ខ្លួនក្លាយជាថៅកែធំម្នាក់ ក្នុងពេលទីផ្សារចម្រៀងមានភាពប្រសើរជាងមុន បើធៀបនឹងមុនពេលចាកចេញពីផលិតកម្មចាស់នោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here