កាលពីរសៀលថ្ងៃទី5 កក្កដា ឆ្នាំ2026 នៅលើបណ្ដាញសង្គមមានការផ្ទុះសរសើរចំពោះពិធីចូលម្លប់របស់ ចៅស្រីម្ចាស់ហាងពេជ្រម៉ារីណាយ៉ាងខ្លាំង ដោយសារតែពិធីបែបបុរាណមួយនេះ កម្រឃើញកូនខ្មែរអនុវត្តន៍ប្រតិបត្តិ ប៉ុន្តែម្ចាស់ហាងពេជ្រល្បីល្បាញរូបនេះ បែរជាតម្រូវអោយចៅស្រីចូលម្លប់តាមក្បួនបុរាណ ក្នុងសម័យនេះ។ អ្វីដែលកាន់តែមានការកោតសរសើរ គឺសម្រស់ចៅស្រីដែលកំពុងធ្វើពិធីចូលម្លប់ស្រស់សោភា និង មានអត្តចរឹតស្រគត់ស្រគំ បើទោះជានាងជាក្មេងស្រីដែលបានធំធាត់នៅលើទឹកដីសហរដ្ឋអាមេរិក។
លោកជំទាវឧកញ៉ា រុណ ម៉ារីណា ស្ថាបនិកហាងពេជ្រម៉ារីណា និង ជាយាយបង្កើតបានលើកឡើងថា នៅក្នុងគ្រួសាររបស់លោកជំទាវ តែងតែតម្រូវអោយកូនស្រីចៅស្រីដែលពេញវ័យក្រមុំត្រូវតែដកឃ្លាពីការងាររៀនសូត្រដើម្បីចូលម្លប់ និង តម្រូវអោយកូនប្រុសត្រូវតែបួសតាមក្បួនបុរាណ ទើបតម្រូវអោយចេញធ្វើការ ឬ ប្រកបជំនួញផ្សេងៗ។ បើទោះជាមិនអាចប្រកាន់ភ្ជាប់តាមក្បួនបុរាណ100% តែលោកជំទាវត្រូវតែអោយកូនស្រីចៅស្រីចូលម្លប់ ហើយបានរៀនច្បាប់ស្រី វិជ្ជាមេផ្ទះ និង ថែទាំសម្បុរស្បែក ដើម្បីចូលរួមថែរក្សាពិធីចូលម្លប់របស់នារីខ្មែរ។
លោកជំទាវគម្រោងអោយចៅស្រីចូលម្លប់3ខែក្នុងឱកាសសម្រាកសិក្សានៅអាមេរិកនាពេលនេះ ប៉ុន្តែបើចៅធ្វើបានត្រឹមប៉ុណ្ណាក៏ជាជម្រើសរបស់ចៅ សំខាន់អោយតែចៅបានចូលរួមអភិរក្ស និង ថែរក្សាពិធីចូលម្លប់ ក៏លោកជំទាវអស់ចិត្ត។ លោកជំទាវមានប្រសាសន៍ថា សាមីខ្លួនដែលកំពុងចូលម្លប់នេះ គឺជាចៅទី1 ជាសិស្ស Hight School នៅឯសហរដ្ឋអាមេរិក អាយុ17ឆ្នាំ និង មានឈ្មោះថា ឌីពេជ្រ វីរូនីកា។ ក្រោយចប់ពិធីនេះ នាងក្រមុំក៏នឹងស្នងតំណែងជាម្ចាស់ហាងពេជ្រម៉ារីណា នៅផ្សារធំថ្មី បន្តពីលោកជំទាវ និង ក្រុមគ្រួសារផងដែរ។
មកទល់នឹងម៉ោងនេះ ស្រីតូច ឌីពេជ្រ វីរូនីកា ចៅស្រីបង្កើតលោកជំទាវឧកញ៉ា រុណ ម៉ារីណា ផ្ទុះការសរសើរយ៉ាងខ្លាំង ដោយសារតែនាងគឺជាយុវតីស្រស់ស្អាត តែបានចូលម្លប់តាមការចាត់ចែងរបស់គ្រួសារ ដែលជាការរួមចំណែកផ្សព្វផ្សាយ និង អភិរក្សទំនៀមទម្លាប់ចូលម្លប់របស់ដូនតាខ្មែរ ដែលមានតាំងពីយូរលង់ណាស់មកហើយ អោយមានជីវិតរស់ឡើងវិញនៅក្នុងសម័យទំនើប។












































