វាគ្មិនមួយរូបមកពីប្រទេសបារាំង ចែករំលែកចំណេះដឹងពីសីលធម៌ និងឥរិយាបទក្នុងសង្គម

0

កាលពីព្រឹកថ្ងៃទី 12 ខែកក្កដា ឆ្នាំ 2020 លោក ខូវ វិរៈវត្តី ដែលត្រូវបានគេស្គាល់ថាជាអ្នកនិពន្ធសៀវភៅផ្នែកនយោបាយនិងសង្គម និងជាអនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រសង្គមមកពីប្រទេសបារាំង បានចែករំលែកចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹងសុជីវធម៌សីលធម៌នៅក្នុងសង្គមតាមរយៈកិច្ចពិភាក្សាមួយ។ ដោយមានការចូលរួមពីតំណាងមេធាវីនិងអ្នកមានចំណេះដឹងជាច្រើនរូបទៀត អមដោយការពិភាក្សាយ៉ាងផុសផុល ដើម្បីស្វែងរកគន្លឹះក្នុងការកែរប្រែទម្លាប់រស់នៅក្នុងសង្គមឱ្យមានសីលធម៌ និងគុណធម៌។

នៅក្នុងកិច្ចពិភាក្សានោះលោក ខូវ វិរៈវត្តី ដែលជោគជ័យក្នុងមុខជំនួញជាច្រើនផង បានលើកឡើងថានៅក្នុងសង្គមអាស៊ីច្រើនតែមានទម្លាប់មិនមាត់មិនករ និងមើលបំណាំគ្នាជាធំទើបជាហេតុផលធ្វើឱ្យកើតមានការអាក់អន់ចិត្ត និងជម្លោះពាក្យសម្ដីច្រើនជាងក្នុងសង្គមអឺរ៉ុប ព្រោះតែទម្លាប់និង ឥរិយាបថក្នុងការរស់នៅ។ លោកបន្តថា នៅក្នុងសង្គមអឺរ៉ុបគេមានរបៀបរបបក្នុងការពន្យល់ណែនាំសមាជិកគ្រួសារតាំងតែពីកូននៅតូច ដើម្បីឱ្យយល់ពីសុជីធម៌ គុណធម៌ និងភាពអវិជ្ជមាននៅក្នុងសង្គម ទើបនៅក្នុងសង្គមនោះមិនសូវមានការប៉ះពាល់គ្នាដូចជា ចាក់សម្លេងក្ដូងក្ឌាំងបង្ករការរំខានឬ ចតឡានបាំងមុខលំនៅដ្ឋានគេជាដើម បើធៀបនឹងនៅសង្គមអាស៊ី។

ដូច្នេះហើយទើបលោកព្យាយាមចែករំលែកនូវចំណេះដឹងទាំងនេះដើម្បីឱ្យមនុស្សមួយចំនួនរៀនកែប្រែទម្លាប់ ឥរិយាបថនិង រៀបចំខ្លួនបែបណាដើម្បីឱ្យចូលចុះក្នុងសង្គម។ លោកបន្តថា ដើម្បីឱ្យសង្គមទាំងមូលមិនមានការប៉ះទង្គិចគ្នា និងប្រកបដោយសន្តិភាពផ្លូវចិត្ត និងអាចអាចរស់នៅប្រកបដោយភាពថ្លៃថ្នូរបានគឺបុគ្គលគ្រប់រូបគួរប្រកាន់ភ្ជាប់នូវមាគ៌ាទាំង10 យ៉ាងដូចខាងក្រោម : ឆន្ទៈឥតប្រកែកបានក្នុងការរស់នៅជាមួយគ្នា, ការគោរពគ្នាទៅវិញទៅមក, ការចែករំលែកសេចក្ដីទុកចិត្ត, គុណតម្លៃដូចគ្នា, ការបូជាដើម្បីបុព្វហេតុណាមួយ ឬបុព្វហេតុរួមណាមួយ, សាមគ្គីភាពរបស់សមាជិកក្នុងសង្គម, វាសនាតែមួយ, សុភាវធម៌, គុណធម៌ និង ក្រមសីលធម៌រស់នៅ។

លោកនៅតែយល់ថាបញ្ហានៅក្នុងសង្គមមិនមែមដោយសារតែការអប់រំទាំងស្រុងនោះទេ តែពាក់ព័ន្ធនឹងឥរិយាបថនិងភាពអំនួតរបស់បុគ្គលមួយចំនួនច្រើនជាងទើបនាំឱ្យខ្វះការអធ្យាស្រ័យគ្នាទៅវិញនោះទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here