ក្រុមហ៊ុន Chamatharn បន្តសកកម្មភាពនាំយកអំណោយជូនដល់រដ្ឋបាលខណ្ឌ 7 មករា

0

អត្ថបទ ៖ Neath

នាព្រឹកថ្ងៃទី 15 ខែមិថុនា ឆ្នាំ 2021នេះ ក្រុមហ៊ុន Chamatharn Co., Ltd. (EVA Premium Ice) ដែលជាក្រុមហ៊ុនផលិតទឹកកកស្តង់ដារអនាម័យផ្កាយ5 នៅក្នុងប្រទេសកម្ពុជាយើងបានចុះទៅសួរសុខទុក្ខ ក៏ដូចជានាំយកនូវអំណោយជាថ្នាំសង្កូវមួយចំនួនធំយកទៅប្រគល់ជូនដល់លោក លីម សុភា អភិបាលខណ្ឌ7 មករា ផ្ទាល់តែម្ដង។ នៅក្នុងពិធីប្រគល់អំណោយនេះដែរគេសង្កេតឃើញមានការធ្វើឡើងដោយរក្សាបាននូវគោលការណ៍3កុំ3ការពារបានយ៉ាងល្អ ដោយមិនមានរៀបចំជាពិធីធំដុំ ឬជួបជុំមនុស្សច្រើននោះទេ។

អំណោយជាថ្នាំសង្កូវដែលក្រុមហ៊ុន Chamatharn Co., Ltd. (EVA Premium Ice) យកទៅប្រគល់ជូនដល់រដ្ឋបាលខណ្ឌ 7មករានោះ យើងសង្កេតឃើញមានថ្នាំសង្កូវចំនួន 10កេសធំស្មើរនឹង 800 កញ្ចប់ក្នុងនោះរួមមាន៖ ប្រភេទថ្នាំសេរ៉ូសម្រាប់ព្យាបាលក្អក, ថ្នាំគ្រាប់លេបបំបាត់អការៈគ្រុនក្ដៅ,គ្រីមលាបបំបាត់រោគរមាស់ សន្លាក់ ឬរោគសើរស្បែក ដែលសុទ្ធសឹងតែជាប្រភេទថ្នាំសម្រាប់ប្រើប្រាស់លើកុមារ និងមនុស្សចាស់បានយ៉ាងមានប្រសិទ្ធិភាព, ព្រមទាំងធុងស្តុកទឹកកក និង ទឹកកកអនាម័យ EVA ចំនួន 3 កញ្ចប់ធំផងដែរ។ នៅក្នុងពិធីប្រគល់អំណោយនេះដែរក៏មានការចូលរួមជាកិត្តិយសពីសំណាក់ថ្នាក់ដឹកនាំ TV 5, លោក Apichart Duang-Art និងវត្តមានដ៏ខ្ពង់ខ្ពស់ពីសំណាក់លោក សុ ជាអភិបាលខណ្ឌដូនពេញផ្ទាល់តែម្ដង។

លោក លីម សុភា អភិបាលខណ្ឌ7មករា បានមានប្រសាន៍ថា លោកពិតជាមានសេចក្ដីសោមនស្សរីករាយជាខ្លាំងចំពោះសន្តានចិត្តក៏ដូចជាសកម្មភាពសប្បុរសធម៌របស់ក្រុមហ៊ុនផលិតទឹកកក EVA ដែលបាននាំយកនូវអំណោយជាគ្រឿងបរិក្ខាពេទ្យ ដែលអាចជួយសម្រួល និងសម្រាលដល់វិស័យសុខាភិបាលក្នុងខណ្ឌ7មករា ថ្វីត្បិតតែក្នុងខណ្ឌផ្ទាល់មិនទាន់ជួបប្រទះខ្លាំងនូវវិបត្តិនៃការរីករាលដាលនៃជម្ងឺកូវីដប៉ុន្តែការផ្ដល់ជាអំណោយនេះពិតជាមានសារៈសំខាន់ និងជាជំនួយមួយផ្នែកដែលអាចជួយសម្រួលដល់រដ្ឋបាលខណ្ឌយើងឱ្យមានលទ្ធភាព និងប្រើប្រាស់ក្នុងតម្រូវការចាំបាច់សម្រាប់បុគ្គលិកក្នុងអង្គភាព។ លោកថានេះគឺជាអំណោយដ៏ថ្លៃថ្លាសម្រាប់ចូលរួមជួយដល់សង្គមពិសេសខាងផ្នែកសុខាភិបាល អាចថាមិនច្រើនពេកក៏មិនតិចនោះដែរបើគិតជាចំនួន និងជាថវិកា។ លោកនឹងចាត់ចែងបន្តជូនដល់កងកម្លាំងប្រជាការពារតាមសង្កាត់ និងនៅតាមបណ្ដារសង្កាត់ក្រោមឱវាទខណ្ឌទាំងអស់ឱ្យបានប្រើប្រាស់ដូចៗគ្នា។

អគ្គនាយកក៏ដូចជា តំណាងក្រុមហ៊ុន Chamatharn Co., Ltd. (EVA Premium Ice) បានលើកឡើងថា នេះជាទឹកចិត្តខ្លះចែកជូនខាងសាលាខណ្ឌ ខាងលើដើម្បីបានប្រើប្រាស់តាមសភាពជាក់ស្តែងដើម្បីជួយសម្រួលដល់ការចំណាយទៅលើការចរាចរទិញថ្នាំព្យាបាលដល់អ្នកជម្ងឺកូវីដ ក៏ដូចជាមន្ត្រីគ្រប់ជាន់ថ្នាក់នៅក្នុងខណ្ឌបានប្រើប្រាស់ថ្នាំដែលមានប្រសិទ្ធភាពរបស់យើង។ លោកថា នឹងបន្តយុទ្ធនាការមនុស្សធម៌ជាមួយនឹងអំណោយបែបនេះជូនដល់ថ្នាក់ដឹកនាំឱ្យបានគ្រប់ខណ្ឌនៅរាជធានីភ្នំពេញជាបន្តបន្ទាប់ទៀត ដើម្បីរួមចំណែកជួយរាជរដ្ឋភិបាល ពិសេសដល់សុខទុក្ខបប្រជាជនកម្ពុជាយើងនាកំឡុងពេលប្រទេសកម្ពុជាកំពុងជួបប្រទះបញ្ហារោគឆ្លងនៃជម្ងឺកូវីដ19នេះ។ អ្វីដែលមិនអាចភ្លេចបាន និងមិនអាចធ្វេសប្រហែសបាននោះរាល់សកម្មភាពចុះធ្វើសកម្មភាពមនុស្សធម៌របស់លោកនឹងក្រុមការងារ តែងតែប្រកាន់ភ្ជាប់នូវគោលការរក្សាអនាម័យ 3កុំ3ការពាររបស់រាជរដ្ឋាភិបាលជានិច្ចដើម្បីជៀសផុតពីរោគឆ្លងកាចសាហាវនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here