មានតួនាទីធំនៅក្រសួងព័ត៌មានពិតមែនប៉ុន្តែ ឯកឧត្តម សាម៉ន បណ្ឌិត្យ នៅតែនឹកដល់បងប្អូនសិល្បៈ

0

 

គ្មានអ្នកណាមិនដឹងនោះទេថា ឯកឧត្តម សាម៉ន បណ្ឌិត្យ គ្រាន់តែជាអតីតអ្នករៀបចំកម្មវិធីសិល្បៈ ដើម្បីបរិស្ថាន និង ការងារសង្គមតែប៉ុណ្ណោះ។ ប៉ុន្តែឯកឧត្តមត្រូវបានព្រះមហាក្សត្រ និង រាជរដ្ឋាភិបាលតែងតាំងជារដ្ឋលេខាធិការក្រសួងព័ត៌មាន កាលពីឆ្នាំ២០២០ ខណៈដែលឯកឧត្តមបានបន្សល់នូវស្នាដៃរាប់មិនអស់ក្នុងសិល្បៈ ដូចគ្នានឹងរៀមច្បង ឯកឧត្តម ម៉ៅ អាយុទ្ធ ដែលបានផ្ដើមពីស្នាដៃជាផលិតករ ហើយក្លាយជារដ្ឋលេខាធិការក្រសួងព័ត៌មាន មុនពេលទទួលមរណភាព។

ឯកឧត្តម សាម៉ន បណ្ឌិត្យ បានលើកឡើងថា លោកមិនធ្លាប់គិតថាបានចូលរួមបម្រើជាតិ និង បានបម្រើក្រសួងព័ត៌មានបែបនេះនោះទេ ដោយសារតែពេលកន្លងទៅ ឯកឧត្តមក៏គ្រាន់តែជាយុវជនដែលមានឱកាសបានត្រឹមតែបម្រើសង្គម តាមរយៈការរៀបចំការប្រគំតន្ត្រីផ្សេង ដើម្បីប្រមែប្រមូលថវិកាជួយដល់សង្គម។ ឯកឧត្តមថា ឱកាសដែលមានថ្ងៃនេះ គឺដោយសារតែឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញ៉ារីទ្ធ និង ប្រមុខដឹកនាំសម្ដេចនាយករដ្ឋមន្ត្រី ដែលបានឱកាសដល់ឯកឧត្តម អោយឯកឧត្តម បានចូលរួមបម្រើជាតិក្នុងវិស័យព័ត៌មាន។ យ៉ាងណាមិញឯកឧត្តមថាខ្លួនត្រូវរៀនតាមរៀមច្បងនៅក្នុងក្រសួងៗជាច្រើនទៀតណាស់ ទើបក្នុងរយៈពេលចុងក្រោយឯកឧត្តមដាច់ឆ្ងាយពីអ្នកសិល្បៈតែម្ដង ដោយស្ទើរតែគ្មានទំនាក់ទំនង និង គ្មានសូម្បីតែសកម្មភាពគៀគរអ្នកសិល្បៈ អោយធ្វើសកម្មភាពផ្សេងៗ ដើម្បីជាប្រយោជន៍ដល់សង្គមដូចមុន។ ឯកឧត្តមថា នៅតែនឹករលឹកដល់បងប្អូនអ្នកសិល្បៈ នៅតែចង់មានឱកាសបំពេញកិច្ចការជួយសង្គមរួមគ្នាដូចមុន ប៉ុន្តែដោយសារតែការងារនៅក្នុងក្រសួង គឺមិនអាចដកឃ្លាបាន ទើបឯកឧត្តម កាន់តែឆ្ងាយពីអ្នកសិល្បៈ។

គួរបញ្ជាក់ផងដែរថា ឯកឧត្តម សាម៉ន បណ្ឌិត្យ ក្នុងពេលប្រឡូកការងារសប្បុរសធម៌ គឺមានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយអ្នកសិល្បៈល្បីៗ។ កេរ្តិ៍ឈ្មោះ និង ស្នាដៃរបស់ឯកឧត្តម ត្រូវបានមហាជន និង អ្នកសិល្បៈមិនតិចទេទទួលស្គាល់ ដោយឯកឧត្តមក៏ជាអតីតអ្នកគ្រប់គ្រងទូរទស្សន៍មួយផងដែរ ដែលគេអាចនិយាយបានថា ក្រៅពីឯកឧត្តម ម៉ៅ អាយុទ្ធ ឯកឧត្តមក៏ចាត់ទុកថា គឺជាថ្នាក់ដឹកនាំក្រសួងព័ត៌មានមួយរូប ដែលមានចំណេះជំនាញ និង មានទំនាក់ទំនងជាមួយអ្នកសិល្បៈគួរអោយចាប់អារម្មណ៍ផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here